ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ជាប្រធានអណត្តិថ្មីនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមពង្រឹងកម្មវិធីសិក្សាអំពីសីលធម៌ ពលរដ្ឋវិទ្យា វប្បធម៌ទូទៅ នៅតាមសាលារៀន និងវិទ្យាស្ថាន ជាង១០០ដែលជាសមាជិក។ មុខវិជ្ជាដែលទាក់ទងនឹងចរិតលក្ខណៈខ្មែរ ភាសាខ្មែរ គឺជាតម្រូវការដ៏ចាំបាច់មួយនៅតាមបណ្តាសាលារៀនអន្តរជាតិ ហើយអ្នកជំនាញអប់រំរូបនេះ ចង់បានការចូលរួមបន្ថែមពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស ដោយទម្លាប់និយាយភាសាខ្មែរឱ្យច្រើនជាងភាសាបរទេសនៅផ្ទះរបស់ខ្លួន។

លោក គង់ សំនៀង ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ រូបភាពរបស់ សារព័ត៌មានថ្មីៗ
សូមអានបទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក គង់ សំនៀង ដូចតទៅ៖
កញ្ញា សុង សុធាវី៖ ក្នុងពិធីឡើងកាន់តំណែងរបស់លោកជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក ហ៊ុន ម៉ាណែត បានសំណូមពរឱ្យមានការយកចិត្តទុកដាក់លើការរក្សាចរិតជាខ្មែរ និងវប្បធម៌ជាតិ តាមរយៈកម្មវិធីសិក្សា។ ក្នុងនាមលោកជាអ្នកជំនាញផ្នែកអប់រំជាង២០ឆ្នាំ តើលោកមើលឃើញបញ្ហាកត្តាទាំងនេះ ជាបញ្ហាដែរឬទេ?
លោក គង់ សំនៀង៖ វប្បធម៌របស់ប្រទេសនីមួយៗ ជាតិសាសន៍នីមួយៗ សុទ្ធតែមានគុណតម្លៃរាងៗខ្លួន។ ចុះសួរថាកូនខ្មែរយើង តើវប្បធម៌ ឬ សុជីវធម៌របស់គាត់យ៉ាងណាដែរ? មិនជាអាក្រក់ទេ តែឃើញថាក្មេងៗមួយចំនួនកំពុងតែសាងនូវរូបភាពបែបអវិជ្ជមាន ដែលកើតចេញពីកត្តាមួយចំនួន។ ជាក់ស្តែង កត្តាសង្គម ដែលមានការហូរចូលលឿនពេក ពាក់ព័ន្ធនឹងវប្បធម៌ ទំនៀមទម្លាប់បរទេស! ប៉ុន្តែសួរថា ការបើកឱ្យចូលហ្នឹងវាជារឿងមួយអាក្រក់ ឬ ទេ? គឺអត់ទេ។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិថ្មី ឆ្នាំ២០២៣ - ២០២៥ រូបភាពរបស់ សារព័ត៌មានថ្មីៗ
កញ្ញា សុង សុធាវី៖ ពាក់ព័ន្ធនឹងការហូរចូលវប្បធម៌បរទេស តើលោកចង់សំដៅលើរូបភាពបែបណា?
លោក គង់ សំនៀង៖ វប្បធម៌មួយគឺទិវានៃក្តីស្រឡាញ់ បុណ្យនេះគេមានយូរណាស់មកហើយ តែយើងដូចពុះកញ្ជ្រោលខ្លាំង! ពេលខ្លះ យើងជាខ្មែរមិនទាន់យល់ពីបុណ្យហ្នឹងទេ បែរជាយកមកអនុវត្តខុស ដោយថ្ងៃហ្នឹងទាល់តែមានបាច់ផ្កា ទាល់តែទៅផ្ទះសំណាក់ ឬទៅនេះ ទៅនោះ ទើបជាការបង្ហាញនូវក្តីស្រឡាញ់! គឺអត់ទេ តែវាមានអត្ថន័យទូលំទូលាយណាស់។ អ៊ីចឹងបានថា ការហូរចូលវប្បធម៌ពីខាងក្រៅ យើងត្រូវពិនិត្យមើលដែរ។ កត្តាមួយទៀត គឺកត្តាគ្រួសារ ជួនកាលយើងគិតថា កូនយើងឥឡូវវាលែងស្តាប់យើង រឹងរូស។ ឧទាហរណ៍មួយថា កូនយើងរៀននៅសាលារៀនអន្តរជាតិ សីលធម៌ សុជីវធម៌ បែបផែននៃការរស់នៅចេញមកដូចបរទេសអ៊ីចឹង! គាត់នៅសាលាមានបែបផែនអ៊ីចឹងហើយ តែពេលដែលគាត់មកដល់ផ្ទះវិញ សូមយើងកុំប្រើបែបផែនអ៊ីចឹងជាមួយគាត់ទៀតអី! ព្រោះជួនកាលវប្បធម៌បរទេសទាំងនោះមួយចំនួនអាចវិលបកមករកយើងវិញ ដែលអាចឱ្យយើងក្អួតឈាម។ ហេតុអ្វីកូនយើងវាលែងស្តាប់យើង តែនិយាយទៅវាឱ្យពាក្យមិនសមរម្យមួយចំនួនត្រឡប់មកវិញ។ មួយទៀតគឺការហូរចូលនៃបច្ចេកវិទ្យា ដែលពិបាកក្នុងការទប់ទល់។ ជាក់ស្តែង មាតិកាមួយចំនួនក្នុងហ្វេសប៊ុក យូធូប តិកតុក ។ល។ ជួនកាលយើងគ្រប់គ្រងមិនបានទេ តែយើងគួរមានបម្រាមរួមថា មាតិកាណាខ្លះ ដែលមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់។ កត្តាមួយទៀតគឺ សាលារៀន។ បើសិនជាសាលាមានមុខវិជ្ជា សីលធម៌ និង វប្បធម៌ហើយ តែមិនមានបំផុសឱ្យទូលំទូលាយទេ ក៏វាទៅតាមហ្នឹងដែរ។ សំខាន់បំផុត ក្រសួងពាក់ព័ន្ធត្រូវចូលរួមជាមួយរឿងនេះដែរ ដូចជាក្រសួងវប្បធម៌ ក្រសួងកិច្ចការនារី ដែលកន្លងមកឃើញថាគាត់បានចូលរួមទប់ស្កាត់នូវទង្វើអសីលធម៌ ដែលជាគ្រឿងអវិជ្ជមានហ្នឹងបានខ្លះដែរ។
កញ្ញា សុង សុធាវី៖ ផ្តោតលើវិស័យអប់រំឯកជន ដែលសហព័ន្ធសេវាអប់រំនៅកម្ពុជាមានសមាជិកជាង១០០ស្ថាប័ន ទាំងសាលារៀន និងវិទ្យាស្ថាន តើមានការបញ្ចូលមុខវិជ្ជាវប្បធម៌ទូទៅ សីលធម៌ -ពលរដ្ឋវិទ្យា ពិសេសភាសាខ្មែរ តាមរូបភាពបែបណាបន្តទៀត?
លោក គង់ សំនៀង៖ មែនទែនទៅសមាជិករបស់យើងមានសាលាខ្លះអនុវត្តតាមកម្មវិធីសិក្សារបស់ជាតិ ហើយសាលាខ្លះ អនុវត្តតាមកម្មវិធីសិក្សាអន្តរជាតិ ហើយបើកម្មវិធីសិក្សាថ្នាក់ជាតិ ខ្ញុំគិតថាក្រសួងអប់រំបានបញ្ចូលមុខវិទ្យាទាំងនោះទៅក្នុងហ្នឹងរួចហើយ។ គ្រាន់តែថា សមាជិកសហព័ន្ធរបស់យើងជួយ ពង្រឹង បណ្តុះបន្ថែមទៅ ទាំងគណៈនាយក ទាំងលោកគ្រូ អ្នកគ្រូ ត្រូវមានសុជីវធម៌ សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធ្វើជាគំរូទៅកាន់សិស្ស។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺសាលារៀន ដែលអនុវត្តកម្មវិធីសិក្សាតាមបែបអន្តរជាតិ គួរបញ្ចូលមេរៀនសីលធម៌ពលរដ្ឋ វប្បធម៌ខ្មែរ ទៅក្នុងហ្នឹងផង ដើម្បីឱ្យកូនខ្មែរ គាត់បានស្គាល់ ហើយពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីអប់រំ លោកបានចេញសេចក្តីណែនាំហើយ។ ជាមួយគ្នានេះ ខ្ញុំក៏បានចេញសេក្តីប្រកាសដល់សមាជិករបស់សហព័ន្ធដែរ ដើម្បីអនុវត្តកាន់តែប្រសើរថែមទៀត។
កញ្ញា សុង សុធាវី៖ មានការលើកឡើងថា ក្មេងដែលរៀនភាសាបរទេសមុន លែងចង់រៀនភាសាខ្មែរ។ ត្រង់ចំណុចនេះ តើលោកមានការយកចិត្តទុកដាក់យ៉ាងណា?
លោក គង់ សំនៀង៖ ជាក់ស្តែងទៅគឺ អ៊ីចឹងមែន! រហូតមកដល់ពេលនេះមានឪពុកម្តាយសិស្សមួយចំនួនគាត់ត្អូញត្អែ ថាកូនមិនចង់រៀនភាសាខ្មែរ ដោយសារតែពួកគាត់ដាក់ឱ្យរៀនភាសាអង់គ្លេសមុន ហើយគំនិតរបស់ឪពុកម្តាយគឺចង់ឃើញកូនរបស់ខ្លួននិយាយភាសាបរទេសបានល្អពេលចេញទៅក្រៅប្រទេស។តែក្មេងមិនចូលចិត្តអ្វីដែលលំបាកទេ ដោយភាសាខ្មែរមានភាពស្មុគស្មាញ តាំងពីអក្ខរក្រមចាប់ពីដំបូងហ្នឹង មិនដូចជាភាសាអង់គ្លេសដែលស្រួលជាង។ អ៊ីចឹង លទ្ធផលហ្នឹង កើតឡើងមែន រហូតដល់ក្មេងខ្លះ ពេលចប់មត្តេយ្យហើយ ចូលថ្នាក់ទី១ លែងចង់រៀនភាសាខ្មែរតែម្តង។ តែបើរៀនហើយការសរសេររបស់គពួកគេពិបាកពត់ ឬ ការសរសេរក៏មិនស្អាត។ ខ្ញុំមិននិយាយថា ត្រូវតែឱ្យគាត់រៀនភាសាខ្មែរមុនទេ តែបើដាក់ឱ្យរៀនភាសាអង់គ្លេសហើយ យើងត្រូវបន្សាំឱ្យគាត់រៀនភាសាខ្មែរជាមួយគ្នាផង ហើយក៏ត្រូវមានការចូលរួមជួយពីសំណាក់ឪពុកម្តាយដែរលើរឿងនេះ។
កញ្ញា សុង សុធាវី៖ តើវាជះឥទ្ធិពលអាក្រក់បែបណា ពេលដែលកូនខ្មែរមិនចាប់អារម្មណ៍រៀនភាសាខ្មែរ?
លោក គង់ សំនៀង៖ ការពិត ភាគច្រើនចូលចិត្តរៀនហើយ តែមួយចំនួនដែលរៀននៅសាលាអន្តរជាតិ គិតថាអង់គ្លេសជាភាសាទីមួយ ហើយខ្មែរ ជប៉ុន ចិន ឬ បារាំង ជាភាសាទី២ អ៊ីចឹងធ្វើឱ្យពួកគេ [ក្មេងៗ] មិនចង់រៀនភាសាខ្មែរទេ។ ខ្ញុំមិនអាចថា វាអាក្រក់ទេ ដោយសារវាជាតម្រូវការរបស់គ្រួសារនីមួយៗ តែប្រសិនបើយើងជាខ្មែរ ហើយមិនចេះភាសាខ្មែរ ឬ សរសេរភាសាខ្មែរ នោះជារឿងដ៏លំបាក! បើរៀនចប់នៅក្រៅប្រទេស ហើយនៅទីនោះតែម្តង មិនអីទេ តែបើយើងមកធ្វើការនៅស្រុកខ្មែរវិញ តើយើងគ្រប់គ្រងអ្នកណា? យើងជាខ្មែរ ហើយចរិតយើងជាបរទេស តែយើងត្រូវគ្រប់គ្រងជនជាតិខ្មែរ។ ពិតជាសំខាន់ណាស់ ចំពោះភាសាទំនាក់ទំនង ទៅលើការងារគ្រប់គ្រងរបស់យើងនៅពេលខាងមុខ។ ទោះបីជារៀនកម្មវិធីអន្តរជាតិក៏ដោយ កុំបណ្តាយកូន ដល់ថ្នាក់មិនចេះភាសាខ្មែរ យើងរស់នៅស្រុកខ្មែរ យើងប្រើភាសានិយាយហ្នឹងជាខ្មែរផងទៅ ដើម្បីឱ្យក្មេងៗបានយល់ច្បាស់៕