ភ្នំពេញ៖ នៅថ្ងៃទី២៨ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បានអន្តរាគមន៍លើសំណុំរឿងសត្វក្ងោក ដែលរដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា រឹបអូសពីផ្ទះពលរដ្ឋកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ នេះជាករណីទី២ ដែលសម្ដេច ជួយដោះស្រាយលើបញ្ហាចិញ្ចឹមសត្វព្រៃនៅផ្ទះ។
កាលពីថ្ងៃទី១៦ កុម្ភៈ រដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា បានរឹបអូសសត្វក្ងោកចំនួន ២០ក្បាល ពីផ្ទះពលរដ្ឋឈ្មោះ យឹម សំអឿន នៅស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ ការរឹបអូសសត្វក្ងោករបស់ពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោមហេតុផល «គ្មានច្បាប់អនុញ្ញាត» ដែលនេះជារឿងខុសច្បាប់។
សត្វក្ងោកទាំង២០ក្បាលនោះ មានក្ងោកបៃតង ជាពូជក្ងោកខ្មែរចំនួន៦ក្បាល និងក្ងោកពូជឥណ្ឌា ដែលត្រូវបានបង្កាត់ចំនួន១៤ក្បាល។ ក្ងោកទាំងនោះ ត្រូវបានរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ក្រោយអាជ្ញាធររឹបអូសសត្វក្ងោកទាំងនោះ ក៏មានការរិះគន់ជាច្រើននៅលើបណ្ដាញសង្គម។ នៅថ្ងៃទី២៦ កុម្ភៈ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានចេញមុខបកស្រាយ និងបំភ្លឺ ដោយបញ្ជាក់ថា «មុននឹងចុះអនុវត្តក្រុមការងារបានស៊ើបអង្កេតច្បាស់លាស់ និងពិនិត្យឃើញថានេះជាករណីជួញដូរសត្វព្រៃ។»។
ទោះមានការស្រាយបំភ្លឺពីអាជ្ញាធរក្ដី រឿងរ៉ាវសត្វក្ងោកនៅតែមានកម្ដៅនៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានចូលរួមបញ្ចេញមតិ និងខ្លះទៀតស្នើឱ្យនាយករដ្ឋមន្រ្តីជួយដោះស្រាយ។
បន្ទាប់ពីរដ្ឋបាលព្រៃឈើចេញមុខបកស្រាយបាន២ថ្ងៃ នៅថ្ងៃត្រង់ទី២៨ កុម្ភៈនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញសារសំឡេងលើបណ្ដាញទំនាក់ទំនងតេឡេក្រាម ដោយបញ្ជាឱ្យប្រគល់សត្វក្ងោកឱ្យពលរដ្ឋវិញជាបន្ទាន់។
សារសំឡេងលើបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៨ កុម្ភៈនេះ
សម្តេច ហ៊ុន សែន បានប្រតិកម្មយ៉ាងដូច្នេះ៖«ប្រជាពលរដ្ឋបានស្រែករកខ្ញុំឱ្យជួយទៅលើបញ្ហានេះ ខ្ញុំក៏មិនដឹងច្បាស់ថា អស់លោកចាប់ដោយមូលហេតុអ្វីនោះទេ។ ប៉ុន្តែរឿងរ៉ាវទាំងឡាយគឺខ្ញុំទុកមួយឡែក។ ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សុំឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលបានចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញ។ ខ្ញុំមិនយល់ស្របទៅនឹងទង្វើបែបនេះទេ»។
ការជួយអន្តរាគមន៍រឿងសត្វក្ងោកនេះ មិនខុសពីករណីទី១ ដែលជនជាតិចិនចិញ្ចឹមសត្វតោនៅផ្ទះ ក្នុងខណ្ឌបឹងកេងកង កាលពីឆ្នាំ២០២១នោះទេ។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើភ្នំពេញ បានពិន័យជាទឹកប្រាក់៣ម៉ឺនដុល្លារ លើបុរសជនជាតិចិនម្នាក់ដែលចិញ្ចឹមសត្វតោមួយក្បាល ដែលរដ្ឋបាលព្រៃឈើបានចាត់ទុកថា «ខុសច្បាប់» នៅក្នុងផ្ទះវីឡាមួយកន្លែង។ សត្វតោនោះ ត្រូវបានរដ្ឋបាលព្រៃឈើ យកទៅដាក់នៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដូចគ្នា។
តោឈ្មោះ «ហ៊ីម៉ា» ទៅដល់ផ្ទះវីឡាខ្លួននៅបឹងកេងកងវិញកាលពី២០២១ ក្រោយរដ្ឋបាលព្រៃឈើ យកទៅដាក់នៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ
ករណីសត្វតោនោះ ក៏មានការរិះគន់ខ្លាំង និងបានឭដល់សម្ដេច ហ៊ុន សែន ផងដែរ។ ជុំវិញករណីនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យបុរសជនជាតិចិន យកតោរបស់ខ្លួនទៅចិញ្ចឹមវិញ ក្រោយបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រមុខរដ្ឋាភិបាល បានសរសេរថា៖ «អរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»។
ទាំង២ករណីនេះ សុទ្ធតែមានការអន្តរាគមន៍របស់សម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងការចិញ្ចឹមសត្វព្រៃនៅផ្ទះ។ ក្នុងសារសំឡេងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន បញ្ជាក់ពីការធ្វើវិសោធនកម្មច្បាប់លើការចិញ្ចឹមសត្វព្រៃផងដែរ។ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ៖ «ក្នុងករណីច្បាប់មានចែង ខ្ញុំក៏សុំស្នើឱ្យអ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់។ លុបចោលនូវកថាខណ្ឌណាដែលទាក់ទិននឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងគួរលើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹម»៕