ជាតិ
សេដ្ឋកិច្ច
រយៈពេល៤​ខែ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រកចំណូលបាន​ជិត១១​លាន​ដុល្លារ​
28, Feb 2023 , 9:19 pm        
រូបភាព
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ។ រូបភាព៖ ឈន សុផាត នៃសារព័ត៌មានឌីជីថលថ្មីៗ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ។ រូបភាព៖ ឈន សុផាត នៃសារព័ត៌មានឌីជីថលថ្មីៗ
ភ្នំពេញ​៖ រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃ​គិត​កម្រៃ​លើ​ការធ្វើ​ចរាចរណ៍​ពីថ្ងៃ​ទី​១ វិច្ឆិកា មកដល់​ថ្ងៃទី​២៨ កុម្ភៈ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ រកចំណូលបាន​ជិត ១១​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​



​នៅ​ថ្ងៃទី​២៨ កុម្ភៈ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបប្រជុំ​ពិភាក្សា​លើ​វឌ្ឍនភាព​ការអនុវត្ត​ការងារ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ជាមួយ​តំណាង​ក្រុមហ៊ុន CPEC​។ កិច្ចប្រជុំ​នេះ រៀបចំ​ដើម្បី​ធ្វើឱ្យ​ប្រតិបត្តិការ​កាន់តែ​មាន​ភា​ពរ​លូន និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់ ជាពិសេស​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​។​
 
​តាមរយៈ​កិច្ចប្រជុំ​នេះ ក្រសួង​សាធារណការ បានឱ្យដឹងថា ចាប់ពី​ខែតុលា ដល់​ចុងខែ​កុម្ភៈ ចរាចរណ៍ បាន​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ចំនួន ជិត​១,៩​លាន​។ បើតាម​ក្រសួង​សាធារណការ ក្នុងចំណោម​ចរាចរណ៍​ជិត​១,៩​លាន​នេះ មាន​ជាង ១,៤​លាន បានគិត​កម្រៃ​សេវា ដែល​ប្រមូល​ចំណូល​បាន​ជិត ១១​លាន​ដុល្លារ​។​
 
​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ខាងលើ លោក ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​ក្រុមហ៊ុន CPEC ពង្រឹង​ការផ្សព្វផ្សាយ​អប់រំ​ពី​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន និង​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ប្រចាំការ ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង ចំពោះ​បទល្មើស​ចរាចរណ៍ ពិសេស​ករណី​បើកបរ​បញ្ច្រាសទិស​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​គូស​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​នៅតាម​ស្ថានីយ​ឱ្យបាន​ច្បាស់ និង​កំណត់​ឱ្យបាន​វែង​ជាង​មុន ដើម្បី​ងាយស្រួល​ចំពោះ​អ្នកបើកបរ​ចូល​តាម​គន្លង​នីមួយៗ​។​


  លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សោ​ភណ្ឌ​ភាព អនាម័យ និង​សេវាកម្ម នៅតាម​ទីតាំង​ឈប់សម្រាក​នានា​។ ក្រសួង​សាធារណការ អះអាងថា នៅតែ​បន្ត​យកចិត្តទុកដាក់​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ឱ្យ​កាន់​តែមាន​ភាពរលូន​។​

​សូមបញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មានតម្លៃ​ជាង​២០០០​លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​(CRBC) ពី​ប្រទេស​ចិន​តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd​។ ផ្លូវ​នេះ មាន​ប្រវែង​១៨៧​គីឡូម៉ែត្រ​នេះ ភ្ជាប់​ពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅ​ភូមិ​១ សង្កាត់​លេខ​៣ នៃ​ក្រុងព្រះសីហនុ​៕

Tag:
 សាធារណការ​
  ផ្លូវ​ល្បឿន​លឿន​
© រក្សាសិទ្ធិដោយ thmeythmey.com