ជាតិ
សម្ដេច ហ៊ុន សែន៖ បើយកទោសអ្នកចិញ្ចឹមក្ងោក គឺសម្ដេច មុនគេ ហើយ ហ៊ុន ម៉ានិត, ហ៊ុន តូ និង ហ៊ុន ម៉ាលី
01, Mar 2023 , 10:46 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យពលរដ្ឋចិញ្ចឹមសត្វប្រភេទកម្រ នៅតាមផ្ទះ ដើម្បីជួយការពារ និងអភិរក្សសត្វ។ សាររបស់សម្ដេច ពេលនេះ ធ្វើឡើងក្រោយពេលសម្ដេច អន្តរាគមន៍ឱ្យអាជ្ញាធរប្រគល់សត្វក្ងោក៦ក្បាល ទៅម្ចាស់ដើមវិញ ដែលបានចិញ្ចឹមជាង១០មកហើយ នៅខេត្តកំពង់ឆ្នាំង។



ពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នាព្រឹកថ្ងៃទី១ មីនា សម្ដេច ហ៊ុន សែន ស្នើឱ្យពិនិត្យ និងធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកផ្លូវឱ្យពលរដ្ឋ មានឱកាសអាចចិញ្ចឹមសត្វព្រៃនៅក្នុងផ្ទះបាន ប៉ុន្តែសត្វទាំងនោះ ជាប្រភេទសត្វកម្រ។
 
ជុំវិញករណីចិញ្ចឹមសត្វក្ងោកនេះវិញ សម្ដេច ហ៊ុន សែន យល់ថា អាជ្ញាធរមិនគួរយកទោសពៃលើពលរដ្ឋ ដែលស្រលាញ់ និងចិញ្ចឹមសត្វទាំងនេះទេ ហើយបើសិនជាចង់យកទោសនោះ គឺសម្ដេច ជាអ្នកមានទោសមុនគេ។
 
«អ៊ីចឹងទេ បើសិនជាមានការខ្វះចន្លោះប្រហោង យើងគួរធ្វើវិសោធនកម្មច្បាប់ ដើម្បីផ្ដល់ឱកាសឱ្យប្រជាជនអាចមានលទ្ធភាពចិញ្ចឹមសត្វដ៏កម្រ។ ហើយបើនិយាយពីជាប់ទោសវិញ អ្នកជាប់ទោសមុនគេ អ្នកណា?គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ទោសមុនគេ ព្រោះចិញ្ចឹមក្ងោកច្រើនជាងគេ ច្រើនជាងអ្នក(ចិញ្ចឹមក្ងោក)នៅកំពង់ឆ្នាំងទៀត»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កូនប្រុសនិងកូនស្រីសម្ដេច លោក ហ៊ុន ម៉ានិត , លោកស្រី ហ៊ុន ម៉ាលី និងលោក ហ៊ុន តូ ដែលជាក្មួយប្រុសនោះ ក៏មានទោសដែរ បើសិនជាមានការអនុវត្តច្បាប់មែន។
 
បើតាមសម្ដេច ហ៊ុន សែន លោក ហ៊ុន តូ ចិញ្ចឹមសត្វព្រៃប្រភេទកម្រច្រើនណាស់ ក្រៅពីក្ងោក ក៏មានសត្វកេងកងផងដែរ។ តែយ៉ាងណាលោកនាយករដ្ឋមន្រ្តី មើលឃើញថា ការចិញ្ចឹមសត្វដ៏កម្រទាំងនេះ សុទ្ធតែនាំមកផលវិជ្ជមាន ទើបបញ្ជាឱ្យមានការកែប្រែច្បាប់ ដើម្បីសម្រួលការចិញ្ចឹមរបស់ពលរដ្ឋ។

«បកពីការដែលយើងរឹតត្បិត ឱ្យទៅជាចលនាចិញ្ចឹមសត្វ ដែលជិតផុតពូជនេះ ព្រោះអាហ្នឹងអត់មានខាតអ្វីទាល់តែសោះ»។ សម្ដេច សង្គត់ធ្ងន់បែបនេះ ហើយបន្ថែមថា សម្ដេចមិនបន្ទោសអាជ្ញាធរអនុវត្តច្បាប់លើពលរដ្ឋទេ ព្រោះវាជាកាតព្វរបស់សមត្ថកិច្ច។
 
យោងតាម ច្បាប់ស្តីពីព្រៃឈើ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ ក្នុងជំពូកទី១០ «ការអភិរក្សសត្វព្រៃ» ត្រង់មាត្រា៤៩  បានចែងថា រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ ត្រូវបានហាមឃាត់៖
 
 ១- ការយាយី ឬបំផ្លាញដល់ប្រភេទសត្វខាងលើ និងជម្រករបស់សត្វប្រភេទទាំងនេះ។
 ២- ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប បំពុល។
 ៣- ការធ្វើជាកម្មសិទ្ធ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។
 ៤- ការដឹកជញ្ជូន។ 
៥- ការធ្វើពាណិជ្ជកម្ម។
 ៦- ការនាំចេញ នាំចូល។ 
 
វិធានការនៃការធ្វើសកម្មភាព ចំពោះសត្វគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរួម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕ 
 
អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន
  នយោបាយ
  ក្ងោក
© រក្សាសិទ្ធិដោយ thmeythmey.com