ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភាគីលោក កឹម សុខា ប្រុងប្រៀបខ្លួនរួចជាស្រេច ត្រៀមឡើងតុលាការនៅទឹកចុងក្រោយ
01, Mar 2023 , 11:44 am        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក មេធាវី អាង ឧត្តម លោកមេធាវី ផែង ហេង លោកមេធាវី ចាន់ ចេន លោក កឹម សុខា និងអ្នកស្រីមេធាវី ម៉េង សុភារី ជួបពិភាក្សាគ្នាកន្លងមក។ រូបពីហ្វេសប៊ុក៖ Chan Chen
ពីឆ្វេងដៃទៅ៖ លោក មេធាវី អាង ឧត្តម លោកមេធាវី ផែង ហេង លោកមេធាវី ចាន់ ចេន លោក កឹម សុខា និងអ្នកស្រីមេធាវី ម៉េង សុភារី ជួបពិភាក្សាគ្នាកន្លងមក។ រូបពីហ្វេសប៊ុក៖ Chan Chen
ដោយ៖ ទេពញាណ

រំលងថ្ងៃស្អែកតែ១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសសាលក្រមលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងមកដល់ហើយ គឺនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។



អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃ១មីនានេះថា លោក កឹម សុខា នឹងចូលរួមសវនាការ។ អ្នកស្រី ពន្យល់ថា ភាគីលោក កឹម សុខា ភាគីរដ្ឋាភិបាល និងភាគីអយ្យការ នឹងមិនមានសិទ្ធិឡើងនិយាយអ្វីទៀតឡើយ ដោយគ្រប់ភាគី រង់ចាំតែស្តាប់ការប្រកាសសាលក្រមរបស់ចៅក្រមប៉ុណ្ណោះ។ 

អ្នកស្រីមេធាវី មានប្រសាសន៍ដូច្នេះថា៖«យើង អត់អាចសន្និដ្ឋានបានថា សេចក្តីសម្រេចរបស់តុលាការបែបណាទេ។ យើង ក៏មិនបានដឹងថា លទ្ធផលវិជ្ជមាន ឬអវិជ្ជមាន សម្រាប់កូនក្តីរបស់យើងខ្ញុំដែរ»។
 
អ្នកស្រី មិនអាចសន្និដ្ឋានជាមុននោះទេ ថា ការប្រកាសសាលក្រមនេះ នឹងត្រូវចំណាយពេលតែ១ព្រឹក ឬត្រូវចំណាយពេលពេញ១ថ្ងៃ។ អ្នកស្រី គ្រាន់តែនិយាយបានថា បើចៅក្រម អានសេចក្តីសម្រេចដោយសង្ខេប សវនាការ នឹងអាចចប់លឿន តែបើអានទាំងស្រុង នឹងត្រូវចំណាយពេលយូរ។ 
 
មេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺលោក ចាន់ ចេន បានបង្ហោះសារលើគណនីហ្វេសប៊ុក ដើម្បីជូនដំណឹងដល់សាធារណជនពីការប្រកាសសាលក្រម នៅថ្ងៃ៣មីនា។ លោក អំពាវនាវឲ្យសាធារណជនចូលរួមលើកទឹកចិត្ត និងសង្កេតការណ៍ក្នុងព្រឹត្តិការណ៍នៃការប្រកាសសាលក្រមនេះ។ 
 
លោកមេធាវី បង្ហាញក្តីរំពឹងទុកជាមុនបែបនេះថា៖«យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមកឹម សុខា នឹងទទួលបាននូវយុត្តិធម៌ សេរីភាព សិទ្ធិមូលដ្ឋាន សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ ដើម្បីឯកឧត្តម មានលទ្ធភាពពេញលេញចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ»។
 
ថ្ងៃប្រកាសសាលក្រម គឺជាថ្ងៃចុងក្រោយ ឬថ្ងៃផ្តាច់ព្រ័ត្រ សម្រាប់ការតតាំងគ្នាលើសំណុំរឿងរបស់លោក កឹម សុខា នៅតុលាការភ្នំពេញ ដែលជាតុលាការជាន់ទាប។ យ៉ាងណា នីតិវិធី មិនអស់ត្រឹមតុលាការភ្នំពេញឡើយ។ បើភាគីណាមួយ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការភ្នំពេញ ភាគីនោះ អាចប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។ 
 
សូមរម្លឹកបន្តិចថា លោក កឹម សុខា ត្រូវចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស តាំងពីឆ្នាំ២០១៧មក។ ទម្រាំឈានដល់ការកំណត់ថ្ងៃប្រកាសសាលក្រម សំណុំរឿងដ៏ធំនេះ ត្រូវចំណាយពេលអស់៥ឆ្នាំ៦ខែ។ មេដឹកនាំប្រឆាំងរូបនេះ អាចមានឱកាសចូលធ្វើនយោបាយវិញ និងអាចចូលរួមក្នុងការបោះឆ្នោតឬក៏អត់ គឺអាស្រ័យលើសាលក្រម ដែលនឹងត្រូវប្រកាសនៅពេលខាងមុខដ៏ខ្លីនេះហើយ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com