កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City បន្តឡើងជុំទី៦ ឯម្ចាស់ជើងឯក Leicester ធ្លាក់ក្រោមថ្វីជើង Blackburn
01, Mar 2023 , 2:52 pm        
រូបភាព
ក្រុម Manchester City បន្តដំណើរទៅជុំទី៦ នៃពានរង្វាន់​ FA Cup ក្រោយយកឈ្នះក្រុម ​Bristol City មកពីក្របខណ្ឌ Championship ក្នុងលទ្ធផល ៣-០ នៃការប្រកួតជុំទី៥។ ម្ចាស់ការពារតំណែងជើងឯក Leicester City ធ្លាក់ចេញពីការប្រកួតត្រឹមជុំទី៥ ក្រោយចាញ់ Blackburn Rovers ២-១។



២គ្រាប់របស់ Phil Foden នៅនាទី៧ និង៧៤ និង១គ្រាប់របស់ Kevin de Bruyne ដែលរកបាននៅ នាទី៨៧ បានជួយ Man City បន្តដំណើរឡើងជុំទី៦ ខណៈខ្លួនបានបញ្ចប់ភាពមិនដែលចាញ់ ១២ប្រកួតជាប់គ្នារបស់ Bristol City ដែលមកពីក្របខណ្ឌលីគទី២។ 
 
ក្រុម Leicester City ម្ចាស់ជើងឯក FA Cup រដូវកាល ២០២១-២២ រងការខកចិត្តក្រោយ រងបរាជ័យក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Blackburn Rovers លទ្ធផល ២-១។ ២គ្រាប់ជ័យជម្នះរបស់​ ​Blackburn ធ្វើបានដោយកីឡាករ ​Tyrhys Dolan និង Sammie Szmodics ស៊ុតចូល ២គ្រាប់ មុនពេលកីឡាករ Kelechi Iheanacho ស៊ុតតាមបាន ១គ្រាប់មកវិញ។
 
ចំណែក Fulham វិញបានទម្លាក់ក្រុម Leeds United ដែលមកពីក្របខណ្ឌ Premier league ដូចគ្នាហើយឡើងទៅកាន់ជុំទី៦ លើកដំបូងក្នុងរយៈពេល ១៣ឆ្នាំ ក្រោយកីឡាករ ​Joao Palhinha និង Manor Solomon បានស៊ុតយកឈ្នះក្នុងលទ្ធផល ២-០។
 
​Brighton & Hove Albion ក៏សម្លឹងរកការឈ្នះពានរង្វាន់លើកដំបូងរបស់ខ្លួនក្នុងរដូវកាលថ្មីនេះ ក្រោយយកឈ្នះលើក្រុម ​Stoke City លទ្ធផល ១-០ នៅជំនួបជុំទី៥។ 
 
រីឯជំនួប៤គូផ្សេងទៀត ដែលប្រកួតស្មើក្នុងជុំទី៥ នាពេលកន្លងទៅ នឹងត្រូវបន្តការប្រកួតក្នុងរាត្រីថ្ងៃទី២ ខែមីនា ដោយក្នុងនោះម្ចាស់ពានរង្វាន់ ​EFL Cup ក្រុម ​Manchester United នឹងត្រូវស្វាគមន៍ West Ham United ក្នុងទឹកដី Old Trafford ក៏ត្រូវប្រជែងគ្នាដើម្បីទៅកាន់វគ្គបន្តដូចគ្នា៕
 

Tag:
 FA Cup
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com