ជាតិ
សពលោក ភឿក ជីវ័ន្ត វីរបុរសដែលពលីជីវិតក្នុងបេសកកម្ម UN ត្រូវបានបញ្ជូនមកដល់មាតុភូមិ
01, Mar 2023 , 3:31 pm        
រូបភាព
សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

 
លោក សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិ បានទៅទទួលសពវីរបុរសរូបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុននឹងបញ្ជូនទៅកាន់គេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
 
 
លោក ភឿក ជីវ័ន្ត បានពលីជីវិតនៅក្នុងពេលដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
 
គិតត្រឹមឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជា បានស្លាប់ចំនួន១១រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com