ជាតិ
អ្នកអភិរក្ស សង្ឃឹមផ្សោតមានសុវត្ថិភាព ក្រោយរដ្ឋាភិបាល កំណត់តំបន់គ្រប់គ្រងទន្លេមេគង្គ
01, Mar 2023 , 6:59 pm        
រូបភាព
រាជរដ្ឋាភិបាលចេញអនុក្រឹតកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គរាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលចេញអនុក្រឹតកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គរាជរដ្ឋាភិបាល
ដោយ:
ភ្នំពេញ៖ ផ្ទៃដីចំនួន១២០ គីឡូម៉ែត្រ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ត្រូវបានកំណត់ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ ការកំណត់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ និងអភិរក្សសត្វផ្សោត ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិរក្ស និងធនធានធម្មជាតិក្នុងទឹករបស់កម្ពុជា។

 
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង ១២០គីឡូម៉ែត្រ ត្រូវបានកំណត់កំណត់ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ 
 
សម្រាប់ ទំហំសរុប៦២១គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងអភិរក្ស តំបន់ស្នូលអចិន្ត្រៃយ៍។ ចំណែកឯទំហំ២១៦,៤ គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងការពារ ជាតំបន់ស្នូលតាមរដូវ។ ទំហំ៤០៤,៦គីឡូម៉ែត្រក្រឡា ត្រូវផ្អែកលើទិន្នន័យវិទ្យាសាស្រ្តពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណីនិងការបន្តពូជសត្វផ្សោត។ នេះបើយោងតាម អនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គរបស់រាជរដ្ឋាភិបាល ចេញនៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣។ 
 
អនុក្រឹតខាងលើចេញបន្ទាប់ពីនាយករដ្ឋមន្រ្តី បានបញ្ជាផ្ទាល់ទៅកាន់អភិបាលខេត្តក្រចេះ និងស្ទឹងត្រែងឲ្យរៀបចំកំណត់តំបន់ស្នូលអចិន្ត្រៃយ៍ ដោយហាមឃាត់ការនេសាទ ការដាក់មង និងការរំខានផ្សេងៗ ឲ្យបាន១០០ភាគរយ។
 
«ត្រូវអភិរក្សពេញទីដោយគ្មានការលើកលែង! ត្រូវមានរបៀបរៀបរយឲ្យបានល្អ!»។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់បែបនេះ ទៅអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនោះឡើយ។ 
 
លោក សេង ទៀក ប្រធានអង្គការ WWF បានប្រាប់សារព័ត៌មានThmeyThmey25ថា លោករីករាយខ្លាំងនៅពេលចេញអនុក្រឹតខាងលើ។ លោកជឿជាក់ថា បន្ទាប់ការយកចិត្តទុកដាក់ការពារ និងរឹងបន្តឹងការអនុវត្តច្បាប់នៅក្នុងតំបន់ជាជម្រករបស់សត្វផ្សោត និងត្រីមេពូជនោះ បញ្ហាបទល្មើសនេសាទខុសច្បាប់កើតឡើងត្រូវបានកាត់បន្ថយជាលំដាប់។ 
 

លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំនៅកម្ពុជា
 
«យើងសង្កេតឃើញថា បន្ទាប់ពីការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីទាក់ទងការការពារផ្សោត ឃើញថាមានប្រសិទ្ធភាពខ្លាំង។ ចាប់ពីការប្រកាសរាជរដ្ឋាភិបាលមក យើងមិនបានទទួលដំណឹងទាក់ទងការស្លាប់សត្វផ្សោតទេ។ លទ្ធផលនេះ បានមកពីការប្រឹងប្រែងល្បាតទាំងយប់ថ្ងៃក្នុងការការពារ និងបង្រ្កាបបទល្មើសខុសច្បាប់»។ 
 
ជាមួយគ្នានេះលោកសេង ទៀក បានបន្ថែមថា អ្វីដែលត្រូវធ្វើបន្ទាប់ពីកិច្ចការពារដោយប្រសិទ្ធភាព ក្រុមការងារត្រូវគិតពីមុខរបរដល់ពលរដ្ឋនៅតំបន់នោះ ដើម្បីជួយសម្រួលជីវភាព។ ពលរដ្ឋ នឹងមិនវិលរករបរនេសាទខុសច្បាប់វិញនោះទេ ប្រសិនបើពួកគាត់ទទួលបានចំណូលល្អពីវិស័យទេសចរណ៍នៅតាមសហគមន៍។ ពួកគាត់ នឹងចូលរួមការពារផ្សោត និងត្រីមេពូជ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
 
 

Tag:
 អនុក្រឹត្យ
  តំបន់ការពារ
  ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com