ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រធានJCI កម្ពុជា ជំរុញឱ្យសហគ្រិនក្នុងស្រុកចាប់យកទីផ្សារថៃ និង វៀតណាម ដែលជិតជាងចិន
01, Mar 2023 , 8:59 pm        
រូបភាព
លោក  ឃឹម ប៊ុនឡែន  ប្រធានយុវសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា JCI Cambodia. រូបភាពរបស់សារព័ត៌មានថ្មីៗ..
លោក ឃឹម ប៊ុនឡែន ប្រធានយុវសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា JCI Cambodia. រូបភាពរបស់សារព័ត៌មានថ្មីៗ..
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖  ប្រធានយុវសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា  លោក ឃឹម ប៊ុនឡែន ថ្លែងថា សហគ្រិនក្នុងស្រុកគួរច្នៃផលិតផលខ្មែរនាំចេញទៅទីផ្សារជិតខាងដូចជា ថៃ និង វៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ ជាជាងការរំពឹងលើទីផ្សារចិន។ បុរសមាឌមាំរូបនេះ ជំរុញឱ្យ វិស័យឯកជនជជែករកវិធីសាស្រ្តគាំទ្រគ្នា ឱ្យមានសំឡេងរួមមួយ ដើម្បីលើកសំណើរទៅរាជរដ្ឋាភិបាល ក្នុងការជួយជំរុញការនាំចេញឱ្យមានប្រសិទ្ធភាព។

 

លោក ឃឹម  ប៊ុនឡែន  ក្នុងបទសម្ភាសជាមួយកម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  រូបភាពរបស់  សារព័ត៌មានថ្មីៗ..
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ឃឹម ប៊ុនឡែន    ប្រធានយុវសភាពាណិជ្ជកម្មអន្រជាតិកម្ពុជា  ហៅកាត់ JCI ដូចតទៅ៖   



 
កញ្ញា សុង សុធាវី៖  លោក ប៊ុនឡែន ជាប្រធាន JCI កម្ពុជាអាណត្តិថ្មី នាឆ្នាំ២០២៣នេះ ហើយមានសមាជិកជាង៣០០នាក់ និងមាន៦សាខាធំៗ ក្នុងឆ្នាំ២០២៣នេះ តើលោកមានការដឹកនាំ និងផែនការយុទ្ធសាស្រ្តបែបណាដែរ? 
 
លោក ឃឹម ប៊ុនឡែន៖ សូមអរគុណសារព័ត៌មានថ្មីៗ តាមរយៈកញ្ញា សុធាវី! សម្រាប់អាណត្តិថ្មីនេះ យើងមានយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន តែនិយាយជារួមគឺការផ្តល់ប្រយោជន៍ដល់គ្នា។ បន្ទាប់មកគឺជាការផ្សព្វផ្សាយពី JCI កម្ពុជារបស់យើងទៅកាន់ពិភពលោក ដោយសារតែឆ្នាំក្រោយនេះ កម្ពុជានឹងរៀបចំកម្មវិធី ដ៏អស្ចារ្យមួយគឺ វេទិកា អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវធ្វើឡើងនាខែ៦ ឆ្នាំ២០២៤ នៅខេត្តសៀមរាបអង្គរយើងហ្នឹង។ យើងក៏រំពឹងថានឹងមានសមាជិកដែលជាអ្នករកស៊ីមកពីបណ្តាប្រទេសជាសមាជិកខ្ទង់បួនពាន់នាក់ឯណោះ។ ខាងក្នុងយើងពង្រឹងសមត្ថភាពសមាជិករបស់យើង ហើយខាងក្រៅយើងកសាងកិត្តិនាមកម្ពុជា ដើម្បីទាក់ទាញឱ្យសមាជិកទាំងនោះបានមក។ 
  

លោក  ឃឹម ប៊ុនឡែន  ប្រធានយុវសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា JCI Cambodia. រូបភាពរបស់សារព័ត៌មានថ្មីៗ..
 
កញ្ញា សុង សុធាវី៖ ទាក់ទងនឹងចំណុចពង្រឹងសមត្ថភាពនៅខាងក្នុង ស្របពេលដែលលោកជាអ្នកដឹកនាំមួយរូបមានវ័យក្មេង ហើយទន្ទឹមគ្នានឹងយើងត្រូវចាប់ដៃគូជាមួយអ្នកជំនួញបរទេស តើធ្វើបបែបណា?
 
លោក ឃឹម ប៊ុនឡែន៖ ខ្ញុំចង់បញ្ជាក់ផងដែរថា JCI ជាអង្កការអន្តរជាតិមួយ ដែលបង្កើតឡើងក្នុងការអភិវឌ្ឍន៍សមត្ថភាពយុវជន ហើយអនុញ្ញាតឱ្យយុវជនយកសមត្ថភាពរបស់ខ្លួនទៅអភិវឌ្ឍន៍ សហគមន៍ ក៏ដូចជាប្រទេសរបស់យើង។ ក្នុងនោះមានផែនការស្នូលសំខាន់ៗ ៤ផងដែរ ដែលទី១ គឺការអភិវឌ្ឍន៍សមត្ថភាពហ្នឹងតែម្តង តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា ហើយលើសពីនោះសមាជិកទាំងអស់អាចមានឱកាសអភិវឌ្ឍផ្ទាល់នូវអ្វីដែលពួកគាត់បានរៀន។ ឧទារហរណ៍ថា JCI ត្រូវរៀបចំគម្រោងណាមួយ អ៊ីចឹងពួកគាត់ត្រូវមកចូលរួមជួយលើការងារទាំងនេះ។ ទី២គឺ សហគ្រិនភាព និងការធ្វើជំនួញ ដែលពង្រឹងលើការងាររកស៊ីរបស់សហគ្រិន។ ទី៣ គឺទំនាក់ទំនងអន្តរជាតិ អាចថាជាភាពល្អឯកមួយរបស់ JCI ដែរ ហើយ JCI យើងមានទៅដល់ ១០០ប្រទេស ដែលមានសមាជិកសរុបជិត ២០ម៉ឺននាក់ទៅទូទាំងពិភពលោក។ តាមរយៈការងារនេះសមាជិកយើងអាចកសាងទំនាក់ទង ដើម្បីបំពេញអោយគ្នាទៅវិញទៅមក ហើយភាគច្រើនគេស្គាល់ JCI របស់យើងតាមរយៈការងារជួយសង្គម ដែលអាចឱ្យគាត់ទទួលបានផលប្រយោជន៍ ទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់គាត់។ 
 
កញ្ញា សុង សុធាវី៖  ក្នុងនាមលោកជាអ្នកដឹកនាំ តើមើលឃើញថាសមត្ថភាពសមាជិកក្នុងដៃ មានឱកាសប៉ុន្មានភាគរយដែរក្នុងការចាប់ដៃគូជាមួយអ្នកជំនួញមកពីបរទេសទាំងនោះ? 
 
លោក ឃឹម ប៊ុនឡែន៖ JCI មានទម្រង់បែបបទឱ្យរួចស្រេចហើយសម្រាប់សមាជិកគ្រប់គ្នា។ ខ្មែរយើងទើបតែបានចូលក្នុងរយៈពេល១០ឆ្នាំនេះទេ។  អ៊ីចឹងខ្ញុំត្រូវអរគុណរៀមច្បងគ្រប់គ្នាកន្លងមកដែលបានត្រួសត្រាយផ្លូវ ហើយតាមរយៈ JCI គេបានស្គាល់កម្ពុជាកាន់តែច្រើន។ សមាជិកយើងទៅថ្ងៃមុខគួរតែចូលរួមបែបណាបន្ថែម ដើម្បីទទួលបានផលប្រយោជន៍? អំពីទំនាក់ទំនងដែលមានស្រាប់ សម្រាប់JCIកម្ពុជា។ ប៉ុន្តែបរិបទកូវីដនេះ យើងមិនសូវបានដើរទេ តែពេលនេះយើងចាប់ផ្តើមដើរវិញហើយ ដូចខ្ញុំអ៊ីចឹង ខែខ្លះ ពីរ បី ប្រទេសក៏មាន។ អ្វីដែលខ្ញុំសង្កេតឃើញ រវាងសហគ្រិនស្រុកយើង និងស្រុកគេ គឺការគិតរបស់យើងនូវមានភាពចង្អៀតបន្តិច។ មានន័យថា ពេលយើងចង់រកស៊ីអីគឺផ្តោតលើទីផ្សារក្នុងស្រុកច្រើនជាង។ មិនបាច់និយាយឯណាឆ្ងាយទេ ខ្ញុំមើលថៃ និងវៀតណាម ពេលដែលគេរកស៊ីគឺគេមើលពិភពលោកជាទីផ្សាររបស់គេ ហើយជាធនាគាររបស់គេ ដែលអាចយកលុយបានមកប្រើប្រាស់។ តែយើងហាក់នៅមានគំនិតមួយ ដែលខ្ញុំតែងតែនិយាយជាមួយសមាជិកយើងថា គួរបើកផ្នត់គំនិតឱ្យបានទូលំទូលាយ ហើយទៅខាងក្រៅមើលគេមើលឯង ពេលឃើញគេធ្វើ យើងអាចធ្វើតាមគេបានដែរ ឬអាចជំរុញទឹកចិត្តយើងបានដែរ។ វាមិនអាចធ្វើឡើងដោយល្អភ្លាមៗដំបូងបានទេ! តែអ្វីៗ វាអាចកើតឡើងដោយកូនចិត្តមួយ។ បើយើងនៅតែផ្ទះ យើងនៅតែក្នុងស្រុក សម្រាប់ខ្ញុំគឺយើងខាតហើយ ព្រោះ JCI មានទម្រង់បែបបទផ្តល់សម្រាប់យើងរួចហើយ ដូចនេះឋិតនៅលើយើងថាចង់ផ្តល់ឱកាសឱ្យខ្លួនឯងប៉ុណ្ណា? ដូចរៀមច្បងដែលធ្លាប់ចេញទៅរកស៊ីនៅស្រុកគេ ហើយនាំគេមករកស៊ីនៅស្រុកខ្មែរយើងច្រើនហើយ ដែលនេះជាគម្រូ ដ៏ល្អសម្រាប់សមាជិករបស់យើង ហើយខ្ញុំមើលទៅឱកាសមានកាន់តែច្រើន។ យើងឃើញថា​រដ្ឋាភិបាលបានបើកជំហរសេដ្ឋកិច្ច ហើយ ទំនាក់ទំនងអន្តរជាតិហ្នឹងបានច្រើនហើយ សម្រាប់ខ្ញុំមានតែការលើកទឹកចិត្តឱ្យសមាជិកយើង មើលឱកាសទំនាក់ទំនងអន្តរជាតិហ្នឹងឱ្យបានទូលំទូលាយជាងមុនបន្តិចទៀត។ 
 

លោក ឃឹម  ប៊ុនឡែន  ក្នុងបទសម្ភាសជាមួយកម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  រូបភាពរបស់  សារព័ត៌មានថ្មីៗ..
 
កញ្ញា សុង សុធាវី៖   លោកប្រធាន ការលើកទឹកចិត្តឱ្យសហគ្រិនជាសមាជិកមើល និងចាប់ឱកាសរកស៊ីក្រៅប្រទេសជារឿងល្អមែនទែន តែទន្ទឹមគ្នានេះមានការលើកឡើងថា ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងបរទេសគឺមិនមានភាពស្មើគ្នាទេ តើលោកមានការចូលរួមយ៉ាងណាលើបញ្ហានេះ? 
 
លោក ឃឹម ប៊ុនឡែន៖ ចំណុចនេះ ខ្ញុំតែងតែនិយាយដែរ ធម្មតាទេប្រទេសកំពុងអភិវឌ្ឍន៍ គឺតែងតែមានហើយរវាងឱនភាពហ្នឹង! ទំនិញដែលគេលក់ឱ្យយើងគឺច្រើនជាងទំនិញដែលយើងលក់ឱ្យគេ។ សម្រាប់ខ្ញុំ យើងជាសហគ្រិនហ្នឹងត្រូវបើកការគិតឱ្យបានទូលំទូលាយ។ ខ្ញុំនិយាយឱ្យខ្លី ថៃ និង វៀតណាម ប្រទេសនេះបូកចូលគ្នា ប្រហែលខ្ទង់ ១៦០លាននាក់ ខុសគ្នាដប់ដង ជាមួយយើងដែលមានខ្ទង់ ១៦លាននាក់។ តើអាចទេសហគ្រិនខ្មែរយើងក្នុងការមើលទីផ្សារ ថៃ និង វៀតណាមហ្នឹងជាហោប៉ៅលុយ? តើធ្វើអ្វីបាន ដើម្បីកែច្នៃផលិតផលក្នុងស្រុក វត្ថុធាតុដើម  ឬ ទេសចរណ៍ក៏ដោយ ឱ្យគេទិញយើង ឱ្យគេមកចាយលុយជាមួយយើង? តែរាល់ថ្ងៃយើងចាយលុយជាមួយគេច្រើនជាង ហើយពូកែខាងយករបស់ពីគេមកលក់នៅស្រុកខ្មែរ! តែពីនេះទៅ ខ្ញុំពិតជាលើកទឹកចិត្តឱ្យមើលទីផ្សារប្រទេសពីរហ្នឹង ឬ ជិតយើង កុំថាឡើយទីផ្សារឆ្ងាយពេក ដែលយើងពិបាកទៅដល់ ហើយបើខ្ញុំ គឺខ្ញុំចង់ចាប់ទីផ្សារពីហ្នឹង សម្រាប់អាជីវកម្មរបស់ខ្ញុំ។ ចិនប្រកដណាស់ជាទីផ្សារធំមួយហើយ តែប្រទេសពីរនេះ នៅកៀកដៃគ្នាហ្នឹង សឹងតែផ្ញើអីវ៉ាន់ពេលព្រឹក ទៅដល់ពេលល្ងាចហ្នឹង។ JCI តាមរយៈប្រទេសពីរហ្នឹង យើងមានសមាជិកស្រាប់ហើយ ដូចនេះ ខ្ញុំពិតជាលើកទឹកចិត្តដល់សហគ្រិនយើង ក្នុងការច្នៃវត្ថុធាតុដើមរបស់ខ្មែរយើង ដើម្បីឱកាសនាំចេញទៅប្រទេសទាំងនេះ។ តែបើយើងមិនសូវពូកែ យើងទៅហៅគេឱ្យមកធ្វើជាមួយយើងមក ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ជប៉ុន ដែលគេពូកែទៅហៅគេមក តាមរយៈសមាជិក JCI នៅប្រទេសទាំងអស់ហ្នឹង។ ខ្ញុំសាកល្បងទាក់ទាញពួកគេមួយចំនួនហើយ ឃើញថាគេចាប់អារម្មណ៍ច្រើនដែរ។ 
 
កញ្ញា សុង សុធាវី៖ លោក ប៊ុនឡែន យើងឃើញថាឆន្ទៈរបស់សហគ្រិនមានហើយ ឯសក្តានុពលក្នុងស្រុកឃើញថាសឹងតែគ្រប់វិស័យ តើមានចំណុចរួមបែបណា ដើម្បីរុញរឿងនេះឱ្យកាន់តែប្រសើរ ព្រោះមានការលើកឡើងពីភាពតឹងតែងនៃច្បាប់ទម្លាប់ប្រទេសជិតខាង ខុសពីភាពធូរលុងនៃការនាំចូលវិញ?
 
លោក ឃឹម ប៊ុនឡែន៖ បើទម្លាប់ខ្ញុំមិនសូវចូលចិត្តបន្ទោសកត្តាខាងក្រៅទេ! យើងគួរតែចេញពីឆន្ទៈរបស់ខ្លួនឯងប៉ុណ្ណាសិន ខ្ញុំដឹងថាវាពិបាក វាមិនស្រួលដូចការទិញអីវ៉ាន់ពីគេយកមកលក់ទេ តែអនាគតអ្នកដែលរកស៊ីងាយៗបែបនេះក៏ឆាប់ស្លាប់ទៅវិញដែរ។ អ៊ីចឹង យើងជាសហគ្រិនរាល់ពេលជួបឧបសគ្គរមែងមានផ្លូវដោះស្រាយ ហើយការដោះស្រាយយើងមិនអាចដោះស្រាយម្នាក់ឯងបានទេគឺយើងមានសមាគមសហគ្រិននារី  JCI ,  BNI , ។ល។  មកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរួម សំឡេងតែមួយរួមគ្នា  ឃើញថារដ្ឋាភិបាលលោកស្តាប់ច្រើនតើ ដែលរឿងនេះវាត្រូវការពេលវេលាដែរ។ 
 
កញ្ញា សុង សុធាវី៖ តើត្រូវការពេលវេលាហ្នឹងប៉ុន្មានឆ្នាំដែរលោក?
 
លោក ឃឹម ប៊ុនឡែន៖ សម្រាប់ខ្ញុំ តាមការមើលឃើញពីការកសាងហេដ្ឋារចនាសម្ព័ន ការទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយពិភពលោក ប្រហែលដប់ឆ្នាំទៀត ខ្មែរយើងពេញដៃពេញជើង ពេញគីឡូឡើងប្រកួតយកពានពាណិជ្ជកម្មហ្នឹងជាមួយប្រទេសជិតខាង ហើយជាបណ្តើរៗ គឺយើងដណ្តើមបានហើយ ដូចជាអង្ករ គ្រាប់ស្វាយចន្ទី , កង់ខ្មែរជាប់លេខពីរ បន្ទាប់ពីតៃវ៉ាន់ និងសម្លៀកបំពាក់ផ្សេងៗ។ល៕
 
 

Tag:
 បទសម្ភាសសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com