ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី ជំរុញឱ្យក.យ.គ និងក្រសួងពាក់ព័ន្ធ គាំទ្រការបណ្ដុះបណ្ដាលរបស់និស្សិត
02, Mar 2023 , 7:59 am        
រូបភាព
រូបភាព៖ ឡាយ ឡុង
រូបភាព៖ ឡាយ ឡុង
ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) លោក ហ៊ុន ម៉ានី អំពាវនាវឱ្យក្រុមការងារ ក.យ.គ សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីគាំទ្រការពង្រឹងបណ្ដុះបណ្ដាលរបស់សិស្ស-និស្សិតគ្រប់ផ្នែក។



ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) គឺជាផ្នែកមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលកៀរគរយុវជនស្មគ្រចិត្តឱ្យចូលរួមអនុវត្តការងារស្មគ្រចិត្តសង្គមនានា នៅតាមគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស។ 
  

រូបភាព៖ ឡាយ ឡុង

ក្រុមនេះបង្កើតបានជាង១ឆ្នាំហើយ ដែលអនុវត្តការងារសង្គម និងវិស័យអប់រំ មានដូចជា យុទ្ធសាស្រ្តចលនាកម្លាំងយុវជនជានិស្សិត ឱ្យចូលរួមក្នុងសកម្មភាពសង្គមនានា ,ទស្សនៈនិងនិន្នាការយុវជនទាក់ទងទៅនឹងការដឹកនាំ,ធានានិរន្តរភាពនៃការចូលរួមរបស់យុវជនជាមួយ ស.ស.យ.ក,ការបណ្ដុះបណ្ដាលយុវជនកម្រិតឧត្តមសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងសម័យឌីជីថល និងយុទ្ធសាស្រ្តកៀរគរកម្លាំងយុវជនជានិស្សិតក្នុងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យចូលរួមជាមួយ​ ស.ស.យ.ក។
 
ជាងមួយឆ្នាំ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានអនុវត្តការងារច្រើន ដែលសម្រេចបានជាង៨០ភាគរយ នៃគោលដៅដែលបានកំណត់។ ថ្លែងក្នុងពិធីបិទសន្និបាត ដែលមានអ្នកចូលរួមជិត៥០០នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក​​ ហ៊ុន ម៉ានី អំពាវនាវដល់ ក.យ.គ ឱ្យសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាព និងបណ្ដុះបណ្ដាលរបស់សិស្ស-និស្សិតគ្រប់ផ្នែក។ 


រូបភាព៖ ឡាយ ឡុង
 
«ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចសហការល្អរវាង ក.យ.គ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីរួមចំណែកគាំទ្រដល់សិស្សនិស្សិត និងយុវជនឱ្យទទួលបានឱកាសក្នុងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី។ 
 
ក្នុងន័យនេះ ប្រធានស.ស.យ.ករូបនេះ ចង់ជំរុញឱ្យយុវជនកម្ពុជា ក្លាយជាយុវជនមានសក្ដានុពល ថាមពល និងសមត្ថភាពក្នុងកិច្ចការងារផ្សេងៗ រាប់ចាប់ពីការងារសង្គមជាដើម៕


 រូបភាព៖ ឡាយ ឡុង

Tag:
 ហ៊ុន​ ម៉ានី
 ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
 កយគ
© រក្សាសិទ្ធិដោយ thmeythmey.com