ជាតិ
ហេតុ​អ្វីទិវាវប្បធម៌​ជាតិ នៅ​រក្សា​ប្រធាន​បទ “យុវជន​ដើម្បី​វប្បធម៌​ជាតិ​” រហូត​ដល់​៩ឆ្នាំ?
02, Mar 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ហេតុ​អ្វីទិវាវប្បធម៌​ជាតិ នៅ​រក្សា​ប្រធាន​បទ “យុវជន​ដើម្បី​វប្បធម៌​ជាតិ​” រហូត​ដល់​៩ឆ្នាំ? គឺ​មក​ពី​ យុវជន​ ជា​ទំពាំង​ស្នង​ឫស្សី ,យុវជន​គឺ​ជា​អ្នក​បន្ត​វេន ,យុវជន​គឺ​ជា​កម្លាំង​ស្នូល​ដ៏​​មាន​សក្ដានុពល​។ ​យុវជន​ គួរ​តែ​ចូល​រួម​ទទួល​ខុស​ត្រូវ ​ចំពោះការ​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍន៍ ​វប្បធម៌​ជាតិ​ ដោយ​មិន​គ្រឹម​តែ​និយាយ​ថា​ស្រឡាញ់​។



​“​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” បាន​ក្លាយ​ជា​ប្រធាន​បទ​ ​សម្រាប់​ទិវាវប្បធម៌​ជាតិ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២៣​ ដែល​ជា​​ការ​ប្រារព្ធ​ទិវា​នេះ លើកទី២៥​។
 
យុវជន​គឺ​ជា​វ័យ​ឆាប់​ស្រូប​យក ទាំង​​ចំណេះ​ជំនាញ​ ទាំង​រឿងល្អ-អាក្រក់ និង​ផ្សេងៗទៀត ដូច្នេះ​ចាំបាច់​ត្រូវ​បញ្ជ្រាប​គំនិត ​នៃ​ការ​ការពារ​វប្បធម៌​ជាតិ​ឱ្យ​ដល់​ពួក​គេ​។ ហេតុ​ដូច​នោះ​​ហើយ ​ទើប​បាន​ជា​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ” មាន​ន័យ​គ្រប់​គ្រាន់ និង​ពេញលេញ​ ដែល​អាច​ជួយ​ឱ្យ​សិល្បៈ​វប្បធម៌​ជាតិ​រឹង​មាំទៅ​បាន​។​ 
 
លោក ចំរើន វ៉ាន់​ថា ទី​ប្រឹក្សា​អម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​បញ្ជាក់កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ ថា ទិវា​វប្បធម៌​ជាតិ​៣ ​មីនា បន្ត​រក្សា​ប្រធាន​បទ “យុវជន​​ដើម្បី​វប្បធម៌​ជាតិ​” ដដែល ក្នុង​គោល​បំណង​ ជំរុញ​ឱ្យប្រជា​ជន​ខ្មែរ ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ ជា​ពិសេស​យុវជន​ដែល​ជា​អ្នក​បន្ត​វេន​ បាន​ចូល​រួមដោយ​​សកម្ម​ ដើម្បី​អភិរក្ស លើក​ស្ទួយ និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​។ ជាពិសេសជំរុញ​​យុវជន​ ឱ្យ​ខិត​ខំក្រេបជញ្ជក់ចំណេះជំនាញវប្បធម៌ ​យកបង្កើន​ និង​បង្កើត​ស្នាដៃ​ថ្មីៗ​ឱ្យ​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត​ ដោយ​ផ្អែក​លើ​​មូល​ដ្ឋាន​នៃ​អត្តសញ្ញាណ​ជាតិ​។ 
 
ទី​ប្រឹក្សា​អម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈរូប​នេះ បន្ត​ថា​ប្រធាន​បទ​ ​“យុវជន​ដើម្បី​វប្បធម៌​ជាតិ​” បាន​​បង្ហាញ​ថា​​ ​យុវជន​គឺ​ជា​កម្លាំង​ស្នូល ដែល​ត្រូវ​​ចូល​រួម​ទទួល​ខុស​ត្រូ​វ​ ចំពោះ​​ការ​​ការ​ពារ​​អរិយធម៌​ ជា​​​អត្ត​សញ្ញាណ​ជាតិ​ដ៏​ខ្ពង់​ខ្ពស់និង​រុងរឿង​​​​​។ បើតាម​លោក វ៉ាន់​ថា  យុវជន​ត្រូវ​ការ​​បំប៉ន​ផ្នែក​ស្មារតី​ស្នេហា​វប្បធម៌​ជាតិ និង​ត្រូវ​ស្គាល់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​។
 
ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌​មាន​ ស្ដី​ពី​ទិវា​វប្បធម៌​ធម៌​ជាតិ​ នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​ ​លោក ចំរើន វ៉ាន់ថា ពន្យល់​បន្ថែម៖«ជំនាន់​ខ្ញុំ​ យើង​នាំ​គ្នា​លេង​អង្គញ់ ទាញ​ព្រត្រ​អ៊ីចឹង​ទៅ​ ពេល​ចូល​ឆ្នាំ​។ ហើយ​ក្រោយ​មក​ខ្ញុំ​ប្រាប់​កូន​ចៅ​ឱ្យ​បន្ត​លេង​។ ប៉ុន្តែ​ក្មេង​ឥឡូវ​នេះ​ តើ​បាន​យល់​ថា​ពេល​ចូល​ឆ្នាំ​លេង​អង្គញ់​ទេ? គេ​មិន​បាន​ប្រាប់​កូន​តទៅ​ទៀត​ទេ​។ ដូច្នេះ​ទើប​ចង់​ឱ្យ​យុវជន​ទទួល​ខុស​ត្រូវ ក្នុង​កិច្ច​អភិរក្ស​ និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​។ កម្លាំង​យុវជន​មាន​ប្រមាណ​៦០​ភាគ​រយ​ នៃ​កម្លាំង​សរុប​របស់​កម្ពុជា ដូច្នេះ​ងាយ​នឹង​ការពារ​វប្បធម៌​ជាតិ​។ វប្បធម៌​ជាតិ​ដទៃ​ស្គាល់​ចុះ ក៏​ប៉ុន្តែ​កុំ​ឱ្យ​ភ្លេច​វប្បធម៌​ជាតិ​ខ្លួន​ឯង​»។  
 
ចំណែក​លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​បញ្ជាក់​ថា​ ឆ្នាំ​​នេះ ពុំ​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​​ សម្រាប់​ទិវា​វប្បធម៌​ជាតិ​៣​មីនា​​ឡើយ​ ព្រោះ​កត្តាពេលវេលា ក្នុង​ការ​រៀប​ចំ​ប្រកួត​ប្រជែង​នេះ​ ជួប​ឧបសគ្គ​​ ក្នុង​ដំណាក់​កាល​កូវីដ-១៩​។ 
 
​​​«ស្រប​ពេល​ដែល​យើង​ពុំ​អាច​ប៉ាន់​ស្មានថា ​យើងអាច​​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩បានទាំង​ស្រុង​ពេល​ណា​  ​​ការ​ប្រកួត​ដែល​ត្រូវ​ការ​ពេល​យ៉ាង​តិច ​​​​៣ទៅ​៤​ខែក្នុង​ការ​ប្រកួត​នៅ​តាម​បណ្ដាខេត្ត បន្ទាប់​មក​ត្រូវ​មក​ប្រកួត​បន្ត​នៅ​រាជធានីទៀត ដូច្នេះ​ទើប​យើង​សម្រេច​ថា​មិន​រៀប​ចំ​ការ​ប្រកួត​ប្រជែង​តែ​ម្ដង​ទៅ​។ ទើប​តែ​ថ្មី​ៗ​នេះ ​ឃើញ​ថា​ជំងឺ​នេះ​ថយ​ចុះ​​​»។ នេះ​ជា​ការ​ពន្យល់​បន្ថែ​ម​របស់​លោក ប៉ុណ្ណាសិរីវត្ថ​។  
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​រូប​នេះ  ថា ​ក្រសួង​បាន​ធ្វើ​​សកម្ម​ភាព​​វប្បធម៌​ពេញ​មួយ​ឆ្នាំ កន្លងមក។ សកម្ម​ភាព​ទាំង​នោះ​ មានដូចជា​ ការ​ស្នើ​សុំ​ចុះ​បញ្ជី​សម្បត្តិ​វប្បធម៌​ទាំង​រូបី និង​អរូ​បី ទៅ​ក្នុង​អង្គការ​យូណេស្កូ។ ការ​ចុះ​បញ្ជី​សម្បត្តិ​វប្បធម៌​ផ្សេង​ៗ​នៅ​កម្រិត​​​ថ្នាក់​ជាតិ​ ការ​បណ្ដុះ​បណ្ដាលនានា ​ពាក់​ព័ន្ធ​និងវិស័យ​​សិល្បៈ​វប្បធម៌ជាតិ​ រួម​ទាំង​ការ​ប្រកួត​ប្រជែង​​ផ្សេង​ៗ​ផង​ដែរ​។ លោក សិរីវត្ថ បន្ថែម​ថា ការ​កំណត់​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ គឺ​គ្រាន់​តែ​ជា​ការ​​កំណត់​ថ្ងៃ​មួយ​ ដើម្បី​រំលឹក​ដល់​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​ ឱ្យ​ចង់​ចាំ​ថា​កម្ពុជា​​មាន​​ទិវា​វប្បធម៌​ប៉ុណ្ណោះ​។ 
 
លោក​ក៏​បាន​លើក​ឡើង​អំពីនិយម​ន័យ​ នៃ​​ប្រធាន​បទ​​ក្នុង​​ឆ្នាំ​នេះ​ដែរ​ថា​ ​៖«“យុវជន​ដើម្បី​វប្បធម៌​ជាតិ​” មាន​ន័យ​ថា ដើម្បី​ការ​ពារវប្បធម៌​ឱ្យ​រឹង​មាំ​បាន​ ទាល់​តែ​ផ្ដល់​ចំណេះ​ដឹង​ដល់​អ្នក​ជំនាន់​ក្រោយ​ ពិសេស​​យុវជន​​។ ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី ​ជា​អ្នក​បន្ត​វេន​ ដូច្នេះ​ត្រូវ​តែ​បញ្ជ្រាប​ខ្លឹម​សារ​ទាំង​នោះ ​ទៅពួក​គេ​។ យុវជន​ដើរ​តួនាទី​ស្នូល​ ក្នុងការ​​ទទួល​យក​ចំណេះ​ជំនាញ​ ពី​អ្នក​ជំនាន់​មុន​ ហើយ​បន្ត​ទៅ​អ្នក​ជំនាន់​ក្រោយ នោះ​ទើប​​អាច​ពង្រឹង​ភាព​រឹង​មាំ​របស់​សង្គម​បាន​​​​»។ 
 
លោក​ ចំរើន វ៉ាន់ថា បានសង្កត់​ធ្ងន់​ថា ទិវាវប្បធម៌​ជាតិ គឺ​ជា​ទិវា​មាន​សារសំខាន់​មួយ​របស់​កម្ពុជា​ ដើម្បី​រំលឹក​ដល់​គុណូបការបុព្វ​បុរស​ខ្មែរ​គ្រប់​ជំនាន់​ ដែល​បាន​ពលី​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ កម្លាំង​បញ្ញា ក្នុង​ការ​បង្កើត​ ថែរក្សា និង​ការ​ពារ សិល្បៈ​វប្បធម៌ ដ៏​សម្បូរ​បែប និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន សម្រាប់បន្សល់​ទុក​មក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​​។ 
 
សិល្បៈ​វប្បធម៌​គឺ​ជា​អត្តសញ្ញាណ​ជាតិ​ ជា​កិត្យា​នុភាព​ជាតិ និង​ជា​ស៊ីម៉ង់​រស់​ សម្រាប់​ផ្សារ​ផ្ជាប់​ទំនាក់​ទំនង​ពី​បុគ្គល​ម្នាក់​ ទៅ​បុគ្គល​ម្នាក់​ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ដើម្បី​នាំ​មក​នូវ​សាមគ្គី​ភាព​ និង​សុខដុម​នីយកម្ម​​។
 
សូម​បញ្ជាក់​ថា ពេល​វេលាសម្រាប់​ប្រារព្ធ​ ទិវាវប្បធម៌​ជាតិ​៣​មីនា ត្រូវ​បាន​កំណត់​ពេល​២​សប្ដាហ៍​ គឺ​មុន​មួយ​សប្ដាហ៍ និងក្រោយ​មួយ​សប្ដាហ៍នៃ​ថ្ងៃ​៣មីនា។ ក្រសួង​វប្បធម៌​ត្រូវ​ផ្សព្វ​ផ្សាយ​ ពាក់​ព័ន្ធ​នឹង​ការ​អភិរក្ស ការ​លើក​ស្ទួយ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព​ ក្នុង​តំបន់​បេតិកភណ្ឌ​ពិភព​លោក និង​រមនីយដ្ឋាន​នានា ព្រម​ទាំង​កម្ម​វិធី​​ផ្សេង​ៗ​ទៀត ដើម្បី​ប្រារព្វ​ទិវា​៣​មីនា ក្នុង​មូ​ល​ដ្ឋាន​របស់​ខ្លួន​។ ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​២០២៣​នេះ នឹង​រៀប​ចំ​ឡើងក្នុងទ្រុង​ទ្រាយ​ធំ ដោយ​មាន​ពិធី​សំណេះ​សំណាល ពិសា​អាហារ​សាមគ្គី ជា​មួយ​សិល្បករ​ សិល្បការិនី ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២​ខែ​មីនា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ប៉ុន្តែ​មិន​មាន​ការ​​ប្រកួត​ប្រជែង​​ស្នាដៃ​សិល្បៈ​ឡើយ​​។
 
សូម​រំលឹក​ថា ប្រធាន​បទ​នៃ​ទិវា​វប្បធម៌ជាតិ​ លើក​ទី​១​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ ក្រោម​ប្រធាន​បទ​​ “ស្នាព្រះហស្តព្រះ​បាទ​ជ័យវរ្ម័នទី​៧”។ លើក​ទី​២​ឆ្នាំ​២០០០ ប្រធាន​បទ “​ការ​ថែរក្សា​បេតិកភណ្ឌ​ជាតិ​”។ លើក​ទី​៣​ ក្នុង​ឆ្នាំ​២០០១ “អភិវឌ្ឍន៍​សង្គម​វប្បធម៌​សន្ដិភាព​”។ លើក​ទី​៤ ក្នុង​ឆ្នាំ​២០០២ “អភិវឌ្ឍន៍​សិល្បៈ​សូន្យរូប និង​សិប្បកម្ម​ខ្មែរ​”។ លើក​ទី​៥ ក្នុង​ឆ្នាំ​២០០៣ “លើក​តម្លៃ​វប្បធម៌​ជាតិ​ ក្នុង​ការ​អភិវឌ្ឍ​សង្គម​”។ លើក​ទី​៦ ឆ្នាំ​២០០៤ “ក្បាច់​បុរាណ​ឬ​របាំ​ព្រះ​រាជ​ទ្រព្យ​ ជា​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​”។ លើក​ទី​៧​ ឆ្នាំ​២០០៥ “អក្សរ​សាស្ត្រ​ជាតិ ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​”។ លើក​ទី​៨ ឆ្នាំ​២០០៦ “ល្ខោន​ស្បែក​ធំ ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ​”​។ លើក​ទី​៩-១០ ឆ្នាំ​២០០៧-២០០៨ ប្រធាន​បទ​ដូច​គ្នា​គឺ​ “សីលធម៌ និង​ការអភិវឌ្ឍ​សង្គម​ជាតិ​”។ 
 
លើក​ទី​១១ ឆ្នាំ​២០០៩ “​បេតិកភណ្ឌ​វប្បធម៌ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​”។ លើក​ទី​១២ ឆ្នាំ​២០១០ “ប្រាសាទ​ព្រះ​វិហា​រ ជា​ទីសក្ការៈ​ ជា​ស្នាដៃ​ឯក​របស់​ខ្មែរ និង​ជា​បេតិកភណ្ឌ​ពិភព​លោក​”​។

លើក​ទី​១៣ ឆ្នាំ​២០១១ “អ្វីៗ​ទាំង​អស់ ​ដើម្បី​សុវត្ថិភាព​វប្បធម៌​ជាតិ​”។ លើក​ទី​១៤ ឆ្នាំ​២០១២ “អ្វីៗ​ទាំង​អស់ ​ដើម្បី​និរន្តរភាព​វប្បធម៌​ជាតិ​”។ លើកទី​១៥ ឆ្នាំ​២០១៣ “អ្វីៗ​ទាំង​អស់​ ដើម្បី​វឌ្ឍនភាព​ជាតិ​”។ លើក​ទី​១៦ ឆ្នាំ​២០១៤ “អ្វីៗ​ទាំង​អស់ ​ដើម្បី​សុខដុមភាព​​វប្បធម៌​ជាតិ​”។ និង​ចាប់​ពី​​លើ​ក​ទី​១៧ ឆ្នាំ​២០១៥ ដល់​លើកទី​២៥ ឆ្នាំ​២០២៣ ប្រធាន​បទ​តែ​១​គឺ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”៕
 
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ទិវាជាតិ​៣មីនា
 
© រក្សាសិទ្ធិដោយ thmeythmey.com