កីឡាអន្តរជាតិ
អន្តរជាតិ
អតីតខ្សែប្រយុទ្ធបារាំង Just Fontaine ម្ចាស់កំណត់ត្រាស៊ុតចូលច្រើនជាងគេនៅ​ World Cup 1958 ស្លាប់ក្នុងវ័យ​ ៨៩ឆ្នាំ
02, Mar 2023 , 4:59 pm        
រូបភាព
លោក Just Fontaine អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង និងជាម្ចាស់កំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួត World Cup ១លើកចំនួន ១៣គ្រាប់ បានទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ។ ក្រុមគ្រួសារលោក Fontaine បានទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១ ខែមីនា។

 
នៅការប្រកួត World Cup ជុំផ្តាច់ព្រ័ត្រឆ្នាំ ១៩៥៨ ក្នុងប្រទេសស៊ុយអែត លោក Fontaine រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ពីការប្រកួតចំនួន ៦លើកសម្រាប់បារាំង។ បារាំងកាលនោះបានត្រឹមទទួលចំណាត់ថ្នាក់លេខ ៣ ចំណែកប្រេស៊ីល ​គឺជាម្ចាស់ឯក ហើយលើកដំបូង។ ចំពោះការស្លាប់របស់វីរបុសបាល់ទាត់បារាំងរូបនេះ ក្លិបបាល់ទាត់បារាំងជាច្រើនបានបង្ហាញក្តីសោកស្តាយ និងចូលរួមបង្ហោះសាររំលែកទុក្ខ ក្នុងនោះក៏មានសហព័ន្ធបាល់ទាត់នៃប្រទេសបារាំង។
 
Just Fontaine បានកើតនៅក្នុងទីក្រុង Marrakech ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសម៉ារ៉ុក ។ លោកកើតក្នុងខែសីហា ឆ្នាំ១៩៣៣ ដែលមានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិអេស្ប៉ាញ។ មូលហេតុដែលលោកបានកើតនៅប្រទេសម៉ារ៉ុក ដោយសារតែកាលនោះ ជាសម័យប្រទេសម៉ារ៉ុក មានបារាំងជាអាណាព្យាបាល។ នៅម៉ារ៉ុកលោក ​Fontaine បានចូលសិក្សានៅសាលាក្នុងទីក្រុង ​Casablanca ហើយបានចាប់ផ្តើមអាជីពបាល់ទាត់នៅទីនោះ។
 
ក្លិបបាល់ទាត់ Reims ដែលលោក Fontaine ធ្លាប់លេងកាលនៅជាកីឡាករបាននិយាយដូច្នេះថា៖«ជាតារាបាល់ទាត់ម្នាក់នៃបាល់ទាត់បារាំង ជាខ្សែប្រយុទ្ធដ៏អស្ចារ្យខ្លាំងបំផុត ក៏ជាវីរបុរសម្នាក់ផងដែរសម្រាប់ក្លិប Reims។»។
 
មិនតែប៉ុណ្ណោះក្លិបជើងខ្លាំងនៅបារាំងបច្ចុប្បន្ន Paris Saint Germain ក៏បង្ហោះសាររំលែកទុក្ខនៅលើគេហទំព័រខ្លួន អំពីការបាត់បង់នូវវីរបុរសបាល់ទាត់បារាំងក៏ល្បីល្បាញមួយរូបនេះ។
 
​«អ្នកស៊ុតបញ្ចូលទីច្រើនដ៏អស្ចរ្យជាងគេបង្អស់ ជាវីរបុរសនៃពិភពបាល់ទាត់។ ​ការស្លាប់នៃលោក Just Fontaine ធ្វើឱ្យបាល់ទាត់បារាំងពិតជាមានការសោកសៅរក្រៃលែងបំផុត ហើយលោកបានកត់ត្រារឿងរ៉ាវដ៏ស្រស់ស្អាតជាច្រើនក្នុងទំព័រប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់បារាំង។»។ សហព័ន្ធបាល់ទាត់បារាំង FFF បាននិយាយរៀបរាប់អំពីលោក Fontaine បែបនេះ។
 
លោក Fontaine ក៏មានឈ្មោះស្ថិតក្នុងបញ្ជីជាកីឡាករលំដាប់ថ្នាក់ទី៤ ដែលស៊ុតបានគ្រាប់បាល់ច្រើនជាងគេព្រឹត្តិការណ៍ ​World Cup ។ ចំណែកអតីតកីឡាករអាល្លឺម៉ង់ Miroslav Klose ឈរលេខ១ ដោយមិនទាន់មានអ្នកបំបែកកំណត់ត្រាបាន។
 
​ចាប់ផ្តើមអាជីពបាល់ទាត់នៅបារាំងក្នុងឆ្នាំ ១៩៥០ លោក Fontaine បានលេងឱ្យក្លិប Reims ដំបូងគេបន្ទាប់មក Nice និង PSG។ អាជីពនៅបារាំងលោកបានឈ្នះពានរង្វាន់លីគចំនួន ៣ដងជាមួយ Reims និងពានរង្វាន់ French Cup។​ នៅឆ្នាំ ១៩៦២ លោកបានបញ្ចប់អាជីពកីឡាករបាល់ទាត់ត្រឹមវ័យ ២៨ឆ្នាំ ដោយលោកបានរងគ្រោះបាក់ឆ្អឹងជើង។​
 
ឆ្នាំ ១៩៦៧ លោកបានក្លាយជាគ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិបារាំង។ តែទោះជាយ៉ាងណាលោកបានដឹកនាំត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ហើយសុទ្ធតែទទួលបានលទ្ធផលបរាជ័យទាំង ២ជាជំនួបមិត្តភាព។ 
 
អាជីពក្នុងវិស័យបាល់ទាត់របស់លោកបានបញ្ចប់នៅទីតាំងដែលបានចាប់ផ្តើមដូចគ្នា គឺនៅប្រទេសម៉ារ៉ុក ដោយកាលឆ្នាំ ១៩៨០ លោកបានដឹកនាំជម្រើសជាតិម៉ារ៉ុកប្រកួតបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ Africa Cup of Nations៕
 
 
 
 

Tag:
 Just Fontaine
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com