ជាតិ
កម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន ១៣កន្លែង និងយានយន្តអគ្គិសនី ៧៣១គ្រឿង
03, Mar 2023 , 7:59 am        
រូបភាព
រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ប្រទេសកម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន ១៣កន្លែងផងដែរ។

 
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី កាន់តែកើនឡើងនាពេលចុងក្រោយនេះ។ 
 
របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីមានតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ ហើយកើនឡើង ៧៣១គ្រឿង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនី ចំនួន៧៣១គ្រឿង ក្នុងនោះរថយន្តមានចំនួន ៣៦៩គ្រឿង ត្រីចក្រយានយន្ត (ម៉ូតូកង់បី) មានចំនួន ៣៣៩គ្រឿង និងទោចក្រយានយន្តមានចំនួន ២៣គ្រឿង។ 
 
ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងសាធារណការ បានសម្ពោធយានយន្តអគ្គិសនីថ្មី ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ឈ្មោះ EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី១ ខែមីនា។ 
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី៖ ក្រសួងសធារណការ និងដឹកជញ្ជូន

យ៉ាងណាមិញ ស្ថានីយបញ្ចូលថាមពលយានយន្តអគិ្គសនីទាំង១៣កន្លែងនោះស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤កន្លែង, ផ្សារទំនើបអ៊ីអនម៉លសែនសុខ ១កន្លែង, ស្ថានីយប្រេងឥន្ធនៈតូតាល់ចំការដូង ១កន្លែង, ខេត្តបាត់ដំបង ១កន្លែង, ខេត្តសៀមរាប ១កន្លែង, ក្រុងព្រះសីហនុ ១កន្លែង, ខេត្តមណ្ឌលគិរី ១កន្លែង និង ៣កន្លែងទៀត ជារបស់ក្រុមហ៊ុន PTT ។
លើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់គោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០ភាយរយ និងទោចក្រយានយន្តអគ្គិសនី ក្នុងអត្រា៧០ភាគរយ នៅឆ្នាំ២០៥០ផងដែរ។
 
បច្ចុប្បន្នក្រសួងសាធារណការ កំពុងសហការជាមួយក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រួលនិងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែមានភាពងាយស្រួល អនុវត្តតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០៕
 
 

Tag:
 ThmeyThmey25
 យានយន្តអគិសនី
© រក្សាសិទ្ធិដោយ thmeythmey.com