ជាតិ
សិល្បះ
សម្ដេចហ៊ុន សែន៖ “យុវជនដើម្បីវប្បធម៌ជាតិ” មានន័យគ្រប់ជំនាន់សម្រាប់ទិវាវប្បធម៌ជាតិ រូបពី Samdech Hun Sen, Cambodian Prime Minister
× ភ្នំពេញ៖ “យុវជនដើម្បីវប្បធម៌ជាតិ” គឺជាប្រធានបទដែលមានន័យពេញលេញ និងគ្រប់គ្រាន់ នៅគ្រប់ជំនាន់ ដែលមិនចាំបាច់រកប្រធានបទផ្សេង សម្រាប់ទិវានេះ នៅឆ្នាំក្រោយៗឡើយ។ នេះជាប្រសាសន៍របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងជំនួបសិល្បករ សិល្បការិនី លើកទី៤ ជាង៤,០០០រូប នាថ្ងៃទី២ ខែមីនានេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំកន្លងៗទៅ ប្រធានបទសម្រាប់ទិវាវប្បធម៌ជាតិ ជ្រើសរើសទៅតាមឆ្នាំនីមួយៗ។ ប៉ុន្តែចាប់ពីឆ្នាំ២០២៣នេះតទៅ ប្រធានបទសម្រាប់ទិវាវប្បធម៌ជាតិ គឺត្រូវប្រើប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ព្រោះប្រធានបទនេះ មានន័យគ្រប់គ្រាន់ និងគ្រប់សម័យកាល ក្នុងការជំរុញយុវជន ឱ្យចូលរួមក្នុងសកម្មភាពវប្បធម៌គ្រប់ជំនាន់។
«ប្រធានបទនេះ(យុវជនដើម្បីវប្បធម៌ជាតិ) មានន័យគ្រប់ជំនាន់ ដែលអាចឱ្យយុវជនរួមចំណែកក្នុងវិស័យវប្បធម៌ជាតិ»។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី។
អតីតយុទ្ធជន យុវនារីខ្មែរ បានស្ដារនិងនាំយកមកវិញ នូវវប្បធម៌ និងកេរ្តិ៍ដំណែល ដែលបានបាត់បង់នៅក្នុងសម័យសង្គ្រាម ឱ្យរស់ឡើងវិញ។ ចំណែកក្រសួងវប្បធម៌ បានរៀបចំចុះបញ្ជីមរតកវប្បធម៌នៅក្នុងយូណេស្កូ ជាពិសេសក្បាច់គុនល្បុក្កតោខ្មែរ ដែលបានចុះកាលពីពេលថ្មីនេះ។ ក្រសួង ក៏ត្រៀមចុះបញ្ជីវប្បធម៌ថែមទៀតផងដែរ។ សម្ដេច បន្ថែមដូច្នេះ។
សូមរំលឹកថា ប្រធានបទនៃទិវាវប្បធម៌ជាតិ លើកទី១ធ្វើឡើងក្នុងឆ្នាំ១៩៩៩ ក្រោមប្រធានបទ“ស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧”។ លើកទី២ឆ្នាំ២០០០ ប្រធានបទ “ការថែរក្សាបេតិកភណ្ឌជាតិ”។ លើកទី៣ ក្នុងឆ្នាំ២០០១ “អភិវឌ្ឍន៍សង្គមវប្បធម៌សន្ដិភាព”។ លើកទី៤ ក្នុងឆ្នាំ២០០២ “អភិវឌ្ឍន៍សិល្បៈសូន្យរូប និងសិប្បកម្មខ្មែរ”។ លើកទី៥ ក្នុងឆ្នាំ២០០៣ “លើកតម្លៃវប្បធម៌ជាតិ ក្នុងការអភិវឌ្ឍសង្គម”។ លើកទី៦ ឆ្នាំ២០០៤ “ក្បាច់បុរាណឬរបាំព្រះរាជទ្រព្យ ជាបេតិកភណ្ឌអរូបី នៃមនុស្សជាតិ”។ លើកទី៧ ឆ្នាំ២០០៥ “អក្សរសាស្ត្រជាតិ ជាអត្តសញ្ញាណជាតិខ្មែរ”។ លើកទី៨ ឆ្នាំ២០០៦ “ល្ខោនស្បែកធំ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ”។ លើកទី៩-១០ ឆ្នាំ២០០៧-២០០៨ ប្រធានបទដូចគ្នាគឺ “សីលធម៌ និងការអភិវឌ្ឍសង្គមជាតិ”។
លើកទី១១ ឆ្នាំ២០០៩ “បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។ លើកទី១២ ឆ្នាំ២០១០ “ប្រាសាទព្រះវិហារ ជាទីសក្ការៈ ជាស្នាដៃឯករបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក”។
លើកទី១៣ ឆ្នាំ២០១១ “អ្វីៗទាំងអស់ ដើម្បីសុវត្ថិភាពវប្បធម៌ជាតិ”។ លើកទី១៤ ឆ្នាំ២០១២ “អ្វីៗទាំងអស់ ដើម្បីនិរន្តរភាពវប្បធម៌ជាតិ”។ លើកទី១៥ ឆ្នាំ២០១៣ “អ្វីៗទាំងអស់ ដើម្បីវឌ្ឍនភាពជាតិ”។ លើកទី១៦ ឆ្នាំ២០១៤ “អ្វីៗទាំងអស់ ដើម្បីសុខដុមភាពវប្បធម៌ជាតិ”។ និងចាប់ពីលើកទី១៧ ឆ្នាំ២០១៥ ដល់លើកទី២៥ ឆ្នាំ២០២៣ ប្រធានបទតែ១គឺ “យុវជនដើម្បីវប្បធម៌ជាតិ”៕
Tag:
សិល្បៈ
វប្បធម៌
ទិវាវប្បធម៌ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com