ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ ៥ឆ្នាំ ដល់សារព័ត៌មាន 
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
×![]()
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ចំនួន៥ឆ្នាំ ដល់ស្ថាប័នសារព័ត៌មានបោះពុម្ព និង សារព័ត៌មានអនឡាញ។ ការលើកលែងពន្ធនេះ គឺអនុវត្តពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។
សារព័ត៌មានបោះពុម្ព និងសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីជោគជ័យជាអ្នកជាប់ពន្ធតូច និងកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ លើកលែងពន្ធប៉ាតង់ចំនួន៥ឆ្នាំ។ ការលើកចិត្តនេះ ធ្វើឡើងស្របតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ក្នុងជំនួបលើកទី៥ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២មីនា ពន្ធប៉ាតង់ ដែលសារព័ត៌មានបោះពុម្ព និងសារព័ត៌មានអនឡាញ ត្រូវអនុវត្តនោះ បានក្លាយជាបន្ទុករដ្ឋចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។ ប៉ុន្តែពន្ធដារ តម្រូវឱ្យស្ថាប័ន និងអ្នកដែលទទួលបានការលើកលែងនេះ ត្រូវប្រកាសពន្ធប៉ាតង់ តាមប្រព័ន្ធអនឡាញប្រចាំឆ្នាំ។ លោក គង់ វិបុល បញ្ជាក់ថា៖« ការប្រកាសពន្ធពប៉ាតង់នេះ ពុំតម្រូវឱ្យបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេលនៃការលើកលែងនេះទេ»។
ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ ដែលកំពុងប្រកបវិជ្ជាជីវៈកម្ពុជា ត្រូវបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។ ដូចជា៖ ការ ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងបំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com