កីឡាអន្តរជាតិ
អន្តរជាតិ
Barca ចុះហត្ថលេខានាំយកកូនប្រុស Ronaldinho មកកាន់ក្លិប ខណៈរំពឹងមានអនាគតល្អដូចឪពុក
03, Mar 2023 , 7:29 pm        
រូបភាព
ក្រុម Barcelona បានចុះហត្ថលេខាជាមួយកូនប្រុស ​Ronaldinho មានឈ្មោះថា Joao Mendes ដែលជាឱកាសដ៏ធំបង្ហាញសមត្ថភាពនៅទឹកដី Camp Nou។ Barca បង្ហាញក្តីរំពឹងថា Mendes នឹងមានអនាគតដូចជាឪពុកគេដែលជាតារាបាល់ទាត់កំពូលរបស់ក្លិប។



Mendes វ័យ ១៨ឆ្នាំ បានចុះកិច្ចសន្យានៅថ្ងៃទី២ ខែមីនា ចូលរួមជាមួយក្រុមយុវជន Barcelona ដោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏រំពឹងថានឹងធ្វើបានល្អខ្លាំងនៅក្លិប ដូចឪពុកគេដែរ។
 
មុនត្រូវបាន Barca នាំយកមកនេះ Mandes បានប្រើប្រាស់ពេលវេលាលេងនៅកម្រិតយុវជនតាមក្លិបជាច្រើន នៅក្នុងប្រទេសប្រេស៊ីល។ Mandes កាលពីឆ្នាំមុនបានបញ្ចប់កុងត្រាជាមួយក្លិប Cruzeiro ហើយមិនទាន់មានក្លិបណាផ្សេងសម្រាប់លេងបន្តឡើយ ប៉ុន្តែនៅក្នុងខែកុម្ភៈកន្លងទៅ ប្រធានក្លិប Barca លោក Joan Laporta ក៏បានផ្តល់ភ្លើងខៀវសម្រាប់គេ មកចូលរួមក្លិបយក្សប្រចាំតំបន់ Catalan។
 
«សម្ពាធនៅលើក្មេងប្រុសម្នាក់នេះគឺជារឿងអស្ចារ្យ ព្រោះ​តែ ​Ronaldinho គឺជាកីឡាករម្នាក់ដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រ។ កូនប្រុសគេមានសម្ពាធ ប៉ុន្តែវាជាការងារមួយសម្រាប់គ្រូបង្វឹករបស់យើងអភិវឌ្ឍសមត្ថភាពរបស់គេ។»។ ​នេះបើតាមសម្តីលោក Joan Laporta។
 
Ronaldinho លេងឱ្យ Barcelona បាន ២០៧ប្រកួត ដោយរកបានគ្រាប់បាល់ចំនួន ៩៨គ្រាប់ អំឡុងរួមរស់រយៈពេល ៥រដូវកាលពីឆ្នាំ ២០០៣ ដល់ ២០០៨។ អតីតវីរបុសក្លិបយក្សអេស្ប៉ាញ Ronaldinho ដែលបានផ្លាស់ពីក្លិប Paris Saint Germain រូបគេបានជួបប្រទះរឿងរ៉ាវអស្ចារ្យជាច្រើននៃអាជីពជាមួយ Barcelona ព្រមទាំងជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ 
 
នៅ Barcelona រូបគេបានក្លាយជាកីឡាករម្នាក់ ដែលលេងក្នុងកម្រិតខ្ពស់បំផុតមួយ ដោយបានជួយ Barcelona ឈ្នះពានរង្វាន់ La Liga ២លើក និង Champions league ១លើក។ ​Ronaldinho ក្នុងឆ្នាំ ២០០៥ បានក្លាយជាកីឡាករល្អបំផុតប្រចាំពិភពលោក ដែលបានឈ្នះពានរង្វាន់ ​Ballon d’Or ហើយបច្ចុប្បន្នជាអគ្គរដ្ឋទូតក្លិប Barcelona៕
 

Tag:
 Ronaldinho
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com