អន្តរជាតិ
ប្រមុខការទូតអាមេរិកនិងរុស្ស៊ីជជែកគ្នាមួយភ្លែតក្រៅជំនួប G20 នៅឥណ្ឌា
× ប្រមុខការទូតអាម៉េរិក និងរុស្ស៊ី បានជជែកគ្នាមួយភ្លែតនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នាថ្ងៃទី២ ខែមីនា។ នាកិច្ចប្រជុំ អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនឆ្លើយឆ្លងពាក្យសម្ដីជាមួយសមភាគីរុស្ស៊ីលើសង្គ្រាមនៅអ៊ុយក្រែន និងព្រមទាំងបន្ទោសគ្នាទៅវិញទៅមកចំពោះអស្ថិរភាពរបស់ពិភពលោក។
បើតាមមន្រ្តីអាម៉េរិក រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បានជួបពិភាក្សាគ្នាប្រមាណ១០នាទីក្រៅកិច្ចប្រជុំ G20 ។ មន្ត្រីដដែលបាននិយាយថា ប្រមុខការទូតអាមេរិកក៏ប្រាប់លោក ឡាវរ៉ូវ ថា ទីក្រុងវ៉ាស៊ីន តោនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រអ៊ុយក្រែនដើម្បីការពារខ្លួនឱ្យបានយូរតាមដែលអ៊ុយក្រែនត្រូវការ។
យ៉ាងណាមិញ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ក្រសួងការបរទេសរុស្ស៊ីថា អ្នកការទូតទាំង២ បានជជែកគ្នាតាមផ្លូវពេលដើរក្នុងទីតាំងប្រជុំនៅចុងបញ្ចប់នៃកិច្ចប្រជុំ ប៉ុន្តែមិនបានចរចា ឬមានកិច្ចប្រជុំនោះទេ។
ក្នុងកិច្ចប្រជុំដែលឥណ្ឌាជាម្ចាស់ផ្ទះ អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានជំរុញឱ្យក្រុម G20 រក្សាសម្ពាធលើទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះដែលចូលដល់ឆ្នាំទី២ទៅហើយ។
«យើងត្រូវតែបន្តអំពាវនាវឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមឈ្លានពាន និងដកខ្លួនចេញពីអ៊ុយក្រែន ដើម្បីជាប្រយោជន៍ដល់សន្តិភាពអន្តរជាតិ និងស្ថិរភាពសេដ្ឋកិច្ច»។ លោក ប្លីងខិន លើកឡើង បែបនេះក្នុងការថ្លែងសុន្ទរកថាដែលបានចេញផ្សាយក្រោយកិច្ចប្រជុំបិទទ្វារ។ ការលើកឡើងនេះក៏ត្រូវបានគាំទ្រដោយសមភាគីរបស់លោកទៅពីអាល្លឺម៉ង់ បារាំង និងហូឡង់។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានលើកឡើងក្នុងកិច្ចប្រជុំដដែលថា លោកស្រីស្នើសុំឱ្យលោក ឡាវរ៉ូវ ជំរុញឱ្យមានការត្រឡប់ទៅអនុវត្តឱ្យបានពេញលេញចំពោះសន្ធិសញ្ញានុយក្លេអ៊ែរ New START និងបន្តឡើងវិញនូវកិច្ចសន្ទនាជាមួយអាមេរិក។ ប៉ុន្តែលោក ឡាវរ៉ូវ បានវាយបកវិញដោយចោទលោកខាងលិចចំពោះវិបត្តិនយោបាយ និងសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាន។
«គណៈប្រតិភូលោកខាងលិចមួយចំនួនបានប្រែក្លាយការងារលើរបៀបវារៈ G20 ទៅជារឿងមួយដោយចង់ផ្លាស់ប្តូរការខុសត្រូវចំពោះការបរាជ័យក្នុងសេដ្ឋកិច្ចរបស់ពួកគេទៅកាន់សហព័ន្ធរុស្ស៊ី»។ លោក ឡាវរ៉ូវ សង្កត់ធ្ងន់បែបនេះរួចហើយបានចោទប្រកាន់លោកខាងលិចថា បានរារាំងគំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅរបស់អ៊ុយក្រែនទៅទីផ្សារអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com