ជាតិ
សង្គមជាតិ
អភិបាលខេត្តតាកែវ៖ សន្តិសុខក្នុងខេត្ត ល្អប្រសើរ មិនដូចការលើកឡើងក្នុងបណ្ដាញសង្គមទេ
03, Mar 2023 , 9:59 pm        
រូបភាព
លោក អ៊ូច ភា អភិបាលខេត្តតាកែវ នាសន្និសីទសារព័ត៌មាននៅថ្ងៃទី០២មីនា។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ នាសន្និសីទសារព័ត៌មាននៅថ្ងៃទី០២មីនា។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ភ្នំពេញ៖ ករណីឃាតកម្ម ករណីគប់កញ្ចក់ឡានជាដើម ក្នុងខេត្តតាកែវ បានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីក្ដីបារម្ភពីសុវត្ថិភាពរបស់ពួកគេ ក្នុងខេត្តនេះ។ ឯអ្នកខ្លះទៀត ក៏មិនហ៊ានធ្វើដំណើរឆ្លងកាត់​ខេត្តនេះជាដើម។



ជុំវិញបញ្ហានេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បញ្ជាក់ថា ស្ថានភាពសន្តិសុខក្នុងខេត្ត មានភាពល្អប្រសើរ ខណៈអាជ្ញាធរក៏បានត្រៀមកម្លាំងក្នុងការបង្ក្រាប​ និងទប់ស្កាត់បទល្មើសផងដែរ។ លោកអភិបាលខេត្តរូបនេះ ក៏បានទទួលស្គាល់នូវភាពឆកល្វែងនៃការគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត ប៉ុន្តែវាមិនអាក្រក់ដូច​ទៅអ្វីដែលអ្នកនិយមលេងប​ណ្ដាញសង្គមហ្វេសប៊ុកចែករំលែកនោះទេ។ 
 
នាសន្និសីទសារព័ត៌មាននៅថ្ងៃទី០២មីនា លោកអភិបាលខេត្តសង្កត់ធ្ងន់ដូច្នេះ៖«គិតជារួម យើងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ទន្ទឹមនឹងនេះក៏នៅមានចំណុចខ្វះខាតមួយចំនួនតូច»។ លោកបន្ថែមថា៖ «ស្ថានភាព(សន្តិសុខ)ជារួម មិនមានដូចអ្វីដែលបងប្អូនយើងបានលើកឡើងនោះទេ រហូតដល់មានអ្នកមួយចំនួនមានការព្រួយបារម្ភអំពីសន្តិសុខ សុវត្ថិភាព នៅក្នុងខេត្តតាកែវ ស្ទើរតែមិនហ៊ានទៅខេត្តតាកែវ»។
 
លោកបន្ថែមទៀតថា ចំណុចខ្វះខាតទាំងនេះ តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លើសពីកម្លាំងអាជ្ងាធរ មានសមត្ថកិច្ច។ លោកបន្ថែមថា អាជ្ញាធរក៏បានប្រឹងប្រែង និងយកចិត្តទុកដាក់ គ្រប់គ្រងសភាពការ និងតាមប្រមាញ់គ្រប់មុខសញ្ញាដែលពាក់ព័ន្ធផងដែរ។ 
 
កន្លងមកអភិបាលរូបនេះ បានសង្កេតឃើញថា អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរឿងបទល្មើសនានាក្នុងតាកែវនេះ គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាសាធារណជនលើបណ្ដាញសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នៃការចង់បាន Share និង like ជាដើម។ 
 
គួរជម្រាបផងដែរ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨មក កម្លាំងស្នងការខេត្តតាកែវ បានចុះបង្ក្រាបកក្មេងទំនើងបង្កអសន្តិសុខក្នុងខេត្តបានចំនួន៦៦ករណី ឃាត់ខ្លួនបានចំនួន១៩៣នាក់ ។ ក្នុងនោះសមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល អប់រំ ទៅលើជនបង្កចំនួន១៧៣នាក់ (៥៧ករណី)  និងអនុវត្តតាមវិធានការច្បាប់ចំនួន២០នាក់(៩ករណី) កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ បញ្ជាក់ដោយ លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ៕
 

Tag:
 ThmeyThmey
  សន្តិសុខ
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com