អន្តរជាតិ
លោក ប្លីងខិន និងលោក ឡាវរ៉ូវ ឆ្លើយឆ្លងគ្នានាកិច្ចប្រជុំនៅឥណ្ឌា
04, Mar 2023 , 11:20 am        
រូបភាព
អំឡុងវេទិកាសន្តិសុខនៅទីក្រុងញូវដេលីនាថ្ងៃទី៣ ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ និងសមភាគីអាម៉េរិក អាន់តូនី ប្លីងខិន បានតតាំងសម្ដីគ្នាយ៉ាងខ្លាំង ក្រោយទើបជួបជជែកគ្នាមួយភ្លែតនោះ។ លោក ឡាវរ៉ូវ ចោទអាមេរិកថា អនុវត្តស្ដង់ដារពីរ ក្រោយប្រមុខការទូតអាមេរិកនិយាយថា រុស្ស៊ីមិនត្រូវទទួលបានការអនុញ្ញាតឱ្យធ្វើសង្គ្រាមនៅអ៊ុយក្រែនតាមតែចិត្ត និងមិនទទួល​ទណ្ឌកម្មនោះ​ឡើយ។

 
 
ឆ្លៀតពេលប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅឥណ្ឌា ប្រមុខការទូតអាម៉េរិក និងរុស្ស៊ីក៏ឆ្លៀតជួបគ្នាប្រមាណ១០នាទី តែមិនមានលទ្ធផលអ្វីទេ។ ក្រោយជួបមុខគ្នាដោយផ្ទាល់ កម្ដៅក៏កើនជាថ្មី។ 
 
«ប្រសិនបើយើងអនុញ្ញាតដោយគ្មាននិទណ្ឌភាពហើយរុស្ស៊ីធ្វើអ្វីដែលខ្លួនកំពុងធ្វើនៅអ៊ុយក្រែននោះ​ជាសារមួយទៅកាន់អ្នកឈ្លានពានគ្រប់ទីកន្លែងដែលពួកគេអាចនឹងអាចគេចផុតពីវា (ទណ្ឌកម្ម) ផង​ដែរ»។ លោក អាន់តូនី ប្លីងខិន ប្រាប់វេទិកាកិច្ចការយុទ្ធសាស្ត្រ Raisina Dialogue បែបនេះ។
 
ថ្លែងនៅឯវេទិកានេះបន្ទាប់ពីលោក ប្លីងខិន លោក ឡាវរ៉ូវ និយាយថា វាជាស្តង់ដារពីរ​ដើម្បី​ចោទ​សួរ​ពី​សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែននៅពេលដែលអាមេរិកបានលើកឡើងពីការគំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់ខ្លួនដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអន្តរាគមន៍យោធានៅក្នុងផ្នែកផ្សេងៗនៃពិភពលោករួមទាំងសង្គ្រាម​នៅ​អ៊ីរ៉ាក់ ការ​វាយ​ប្រហារ​តាម​អាកាស​នៅលីប៊ី និង​ការ​ទម្លាក់​គ្រាប់បែកនៅយូហ្គោស្លាវី ក្នុង​អំឡុង​ពេល​ជម្លោះ​ឆ្នាំ១៩៩៩។
 
លោក ឡាវរ៉ូវ ក៏និយាយ​ផងដែរ​ថា សំណួរ​អំពី​ពេលណា​ដែល​រុស្ស៊ី​នឹង​ចរចា​បញ្ចប់សង្គ្រាម​គួរតែ​ចោទ​សួរ​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី វិញ។
 
នៅឯកិច្ចប្រជុំ G20 អាមេរិក និងសម្ព័ន្ធមិត្តបានអំពាវនាវឱ្យប្រទេសសមាជិកបន្តដាក់សម្ពាធលើ​រុស្ស៊ី​ឱ្យ​បញ្ចប់ជម្លោះ ប៉ុន្តែ G20 មិនអាចយល់ព្រមលើសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយសារតែមា​នការ​ប្រឆាំងពីចិន និងរុស្ស៊ី។
 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបន្តចោទក្រុងវ៉ាស៊ីនតោនពីការព្យាយាមធ្វើឱ្យសម្ព័ន្ធកិច្ចសន្ទនាដៃគូ​សន្តិសុខ​ចតុ​ភាគី ​(Quad) មានអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនទៅជាសម្ព័ន្ធភាពយោធា ខណៈក្រុ​មនេះផ្តោតលើបញ្ហាយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

Tag:
 (អាម៉េរិក
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com