ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី គោរពលោក កឹម សុខា ពីចម្ងាយ
04, Mar 2023 , 12:00 pm        
រូបភាព
លោក សម រង្ស៊ី ស្ថិតក្នុងវត្តខ្មែរមួយនៅទីក្រុងប៉ារីស កាលពីចុងឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ លោក កឹម សុខា ឡើងតុលាការនាពេលកន្លងមក (រូបពី AFP)។
លោក សម រង្ស៊ី ស្ថិតក្នុងវត្តខ្មែរមួយនៅទីក្រុងប៉ារីស កាលពីចុងឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ លោក កឹម សុខា ឡើងតុលាការនាពេលកន្លងមក (រូបពី AFP)។
ដោយ៖ ទេពញាណ 
 
លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅឯប្រទេសបារាំង បានសរសើរលោក កឹម សុខា មេដឹកនាំប្រឆាំងដែលកំពុងជាប់ទោសនៅកម្ពុជា ថា មិនធ្វើតាមអ្វីដែលគេចង់បាន ហើយនៅរក្សាគោលជំហររឹងមាំ ចំពោះប្រទេសជាតិ និងចលនាប្រជាធិបតេយ្យ។


 
តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បានថ្លែងដូច្នេះ៖«ខ្ញុំ សូមសម្តែងការគោរពចំពោះគោលជំហររបស់លោក កឹម សុខា។ លោក កឹម សុខា មានគោលជំហររឹងមាំ គួរឲ្យយើងទាំងអស់គ្នាគោរព»។ 
 
លោក សម រង្ស៊ី ថ្លែងសារកោតសរសើរនិងគោរពលោក កឹម សុខា នៅប៉ុន្មានម៉ោងក្រោយពីតុលាការកម្ពុជា ប្រកាសសាលក្រមដាក់ទោសឲ្យលោក កឹម សុខា រស់នៅតែក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ តុលាការ ហាមលោកមិនឲ្យធ្វើនយោបាយអស់មួយជីវិត និងមិនត្រូវជួបអ្នកទាំងអស់ក្រៅពីសមាជិកគ្រួសារ។ បើចង់ចេញពីផ្ទះ ឬចង់ជួបអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារ លោក ចាំបាច់ត្រូវទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុន។    
 
លោក សម រង្ស៊ី មើលឃើញថា ការដាក់ទោសលើលោក កឹម សុខា ធ្វើឲ្យអ្នកប្រជាធិបតេយ្យ យល់កាន់តែច្បាស់ថា ត្រូវតែរួបរួមគ្នា។ 
 
លើបណ្តាញសង្គម មានចលនា២ កំពុងកើតឡើងផ្ទុយគ្នា គឺទី១ គាំទ្រសាលក្រមរបស់តុលាការ និងទី២ គាំទ្រការលះលង់របស់លោក កឹម សុខា។ 
 
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា និងធ្លាប់ជាមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ថ្លែងអំណរគុណតាមរយៈសារលើទំព័រហ្វេសប៊ុក ទៅកាន់អ្នកដែលបានបង្ហាញការគោរពស្រឡាញ់ និងការគាំទ្រដល់លោកឪពុករបស់កញ្ញា។ កញ្ញា បញ្ជាក់ដូច្នេះថា៖«ការតស៊ូរបស់យើង នៅតែបន្ត និងមិនទាន់ចប់ឡើយ»។
 
វិលមកនិយាយពីទំនាក់ទំនងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា បន្តិច។ អ្នកនយោបាយប្រឆាំងកំពូលទាំង២រូបនេះ ធ្លាប់ធ្វើជាដៃគូជាមួយគ្នា ក្នុងការតទល់នឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាច។ ក្រោយមក គេ ក៏ឃើញការប៉ះទង្គិចគ្នារវាងលោកទាំង២ ដោយលោក សម រង្ស៊ី រិះគន់លោក កឹម សុខា ពីរឿងមិនទៅបោះឆ្នោតឃុំ-សង្កាត់ ឯលោក កឹម សុខា ប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី៕ 

Tag:
 (សម រង្ស៊ី
  កឹម សុខា)
© រក្សាសិទ្ធិដោយ thmeythmey.com