អន្តរជាតិ
ប៉ាគីស្ថានរំពឹងទទួលបានកម្ចី១,៣ពាន់លានដុល្លារពីធនាគារចិនICBC ដើម្បីទូទាត់ការនាំចូល
04, Mar 2023 , 2:00 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន Ishaq Dar បានលើកឡើងនាថ្ងៃទី៣ ខែមីនាថា ប៉ាគីស្ថានដែល កំពុងមានបញ្ហាសេដ្ឋកិច្ច នឹងទទួលបានហិរញ្ញប្បទានចំនួន១,៣ពាន់លានដុល្លារពីធនាគារ ឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) ក្នុងប៉ុន្មានថ្ងៃខាងមុខនេះដើម្បីជួយបង្កើនទុនបម្រុងរូបិយ ប័ណ្ណបរទេសរបស់ខ្លួន។

 
ហិរញ្ញប្បទាន១,៣ពាន់លានដុល្លារ ពីធនាគារចិន នឹងចែកចេញជាបីដំណាក់កាល ហើយ​វា​មាន​សារ​សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសអាស៊ីខាងត្បូងមួយនេះដែលកំពុងប្រឈមនឹងវិបត្តិទូទាត់ដោ​យ​ធនាគារកណ្តាលរបស់ខ្លួនដែលបានធ្លាក់ចុះដល់កម្រិតមួយស្ទើរតែមិនអាចគ្រប​ដណ្តប់​លើ​ការ​នាំចូ​លរ​យៈពេលបីសប្តាហ៍។
 
កន្លងមក ប៉ាគីស្ថានបានទទួលប្រាក់កម្ចីចំនួន៧០០លានដុល្លាររួចហើយពីចិនដើម្បីជួយបង្កើនទុន បម្រុងរបស់ខ្លួនរួចហើយ។ បើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាគីស្ថាន Ishaq Dar ប៉ាគីស្ថាន​នឹង​ត្រូវការ​ហិរញ្ញប្បទានពីខាងក្រៅចំនួន៥ពាន់លានដុល្លារដើម្បីបំពេញថវិកាក្នុងឆ្នាំសារពើពន្ធ​ដែល​នឹង​បញ្ចប់​នៅក្នុងខែមិថុនា។
 
បន្ថែមពីលើចិន ប៉ាគីស្ថាន នឹងទទួលបានការផ្តល់ហិរញ្ញប្បទានពីខាងក្រៅបន្ថែមទៀតបន្ទាប់ពី​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ លោករដ្ឋមន្ត្រីដដែលបាន​និយាយថា វាគួរតែកើតមាននៅសប្តាហ៍ក្រោយ។
 
អ្នកផ្តល់ប្រាក់កម្ចីបានិងកំពុងចរចាកិច្ចព្រមព្រៀងជាមួយប៉ាគីស្ថានតាំងពីដើមខែមុន ដើម្បីជម្រះការត្រួតពិនិត្យលើកទីប្រាំបួនដែលប្រសិនជាត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួននោះនឹងចេញប្រាក់ជំនួយជាង១ពាន់លានដុល្លារនៃជំនួយសង្គ្រោះចំនួន៦,៥ពាន់លានដុល្លារដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០១៩ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com