ជាតិ
បទសម្ភាសន៍
តម្លៃអប់រំ និងរូបារម្មណ៍ក្នុងកំណាព្យ ជួយឱ្យ ហេង មុនីរៀម ជាប់លេខ១ ពានសម្ដេច ហ៊ុន សែន
04, Mar 2023 , 7:00 pm        
រូបភាព
យុវសិស្ស ហេង មុនីរៀម  ជ័យលាភីលេខមួយផ្នែកកំនាព្យ ទូទាំងរាជធានីភ្នំពេញ  ពានរង្វាន់សម្តេចតេជោ__ ហ៊ុនសែន ឆ្នាំ២០២៣  រូបភាពពី យុវសិស្ស ហេង មុនីរៀម
យុវសិស្ស ហេង មុនីរៀម ជ័យលាភីលេខមួយផ្នែកកំនាព្យ ទូទាំងរាជធានីភ្នំពេញ ពានរង្វាន់សម្តេចតេជោ__ ហ៊ុនសែន ឆ្នាំ២០២៣ រូបភាពពី យុវសិស្ស ហេង មុនីរៀម
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ម្ចាស់ជ័យលាភីលេខមួយផ្នែកតែងកំនាព្យ ពានរង្វាន់សម្តេច ហ៊ុន សែន នាឆ្នាំ២០២៣នេះ បានទៅលើយុវសិស្សថ្នាក់ទី១១  ហេង មុនីរៀម មកពីសាលារៀនវ៉េស្ទឡាញន៍សាខាសន្ធម៉ុក។ យុវជនរូបនេះ បានបញ្ជាក់ថា ចំណុចបួនសំខាន់ជាដើមទុនឱ្យរូបគេ អាចដណ្តើមយកជ័យលាភី នោះគឺ ការសិក្សាស្រាវជ្រាវ ការរំលេចពីតម្លៃអប់រំក្នុងអត្ថបទ ការបង្កើតរូបារម្មណ៍ ស្តាប់ឱ្យបានច្រើន និង ការស្រមើស្រមៃផ្អែកលើបទពិសោធន៍ដែលឆ្លងកាត់។ ជាមួយគ្នានេះ មុនីរៀម ក៏បានដើមទុនពីការស្តាប់ចាប៉ី ហាត់ច្រៀងចាប៉ី និងស្រឡាញ់ លើកម្ពស់អក្សរសាស្រ្តខ្មែរផងដែរ។

 
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី  អ្ន​កសារព័ត៌មានថ្មីៗ  ជាមួយ  យុវសិស្ស  ហេង មុនីរៀម ជ័យលាភីលេខមួយផ្នែកតែងកំនាព្យទូទាំងរាជធានីភ្នំពេញ   ដូចតទៅ៖ 

 


កញ្ញា សុង សុធាវី៖
មុនីរៀម ជាម្ចាស់ជ័យលាភីផ្នែកតែងកំណាព្យទូទាំងរាជធានីភ្នំពេញ ពានរង្វាន់ សម្តេច ហ៊ុន សែន មានចំណងជើងថា « អំនានសករាជតេជោ នាំមកនូវសន្តិភាព និងការអភិវឌ្ឍក្នុងវិស័យអប់រំ» ដែលមានចំនួន ១៥វគ្គ តើប្អូនបានបង្ហាញពីអត្ថន័យបែបណា ទើបទទួលបានជ័យលាភីឯកនេះ?


ហេង មុនីរៀម និង សិស្សឆ្នើម១រូបទៀត ក្នុងរូបភាពអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំកំពូល នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប

លោក ហេង មុនីរៀម៖ បាទ ទាក់ទងនឹងខ្លឹមសារនៃកំណាព្យ ទី១ ខ្ញុំបានបង្ហាញពីអត្ថប្រយោជន៍នៃអំនាន  ហើយ ផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់សិស្សានុសិស្ស យុវជន និងមនុស្សទូទៅ ដែលពួកគាត់បានអានវា។ ទី២ ខ្ញុំបានបង្ហាញសារៈសំខាន់នៃអំនាននៅក្នុងវិស័យអប់រំ ព្រោះប្រធានបទសម្រាប់ទិវាអំនានឆ្នាំនេះគឺ «អំនានជាមាគ៌ាឆ្ពោះទៅរកពិពិធកម្មក្នុងវិស័យអប់រំ » ដែលខ្ញុំបានភ្ជាប់នូវសារៈសំខាន់នៃអំនាននាំឱ្យមានការផ្លាស់ប្តូរ ក៏ដូចជាពិពិធកម្មក្នុងវិស័យអប់រំ។ ទី៣ ខ្ញុំក៏លើកឡើងពីសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលមានឃ្លាមួយគឺ សករាជតេជោលេចធ្លោជាប់  ប្រវត្តិមិនធ្លាប់ធ្លាក់រណ្តៅ តេជោតេជៈនាំមកនូវ សន្តិភាពឆ្ពោះទៅអភិវឌ្ឍន៍។ ក្នុងន័យនេះ ខ្ញុំអាចនិយាយពីសមិទ្ធផល និង  ការដឹកនាំរបស់សម្តេច ព្រោះបើគ្មានការដឹកនាំរបស់សម្តេចទេ ក៏គ្មានការរៀបចំកម្មវិធីប្រកួតមួយនេះដែរ។ 
 
កញ្ញា សុង សុធាវី៖ មុនីរៀម យើងឃើញថា មានបេក្ខជនរាប់សិបនាក់ ដែលមកពី២០សាលារៀន នៅទូទាំងរាជធានីភ្នំពេញ ទម្រាំបានជ័យលាភីនេះត្រូវឆ្លងកាត់ការប្រកួតច្រើន តើមានគន្លឹះតែងបែបណា?
 
ហេង មុនីរៀម៖ ការតែងរបស់យើងគឺត្រូវគោរពតាមក្បួនខ្នាតរបស់កំនាព្យ ហើយសម្រាប់ខ្ញុំបានជ្រើសរើសបទពាក្យ៧ ក្នុងការចាប់ចុងចួនផ្ទួនរណ្តំ ពិសេសគឺ អត្ថន័យក្នុងការអប់រំ ខ្ញុំបានបញ្ជ្រាបច្រើន ទាំងសារៈសំខាន់នៃអំនាន ស្មារតីជាសិស្ស ការពុះពារ និងមោះមុតក្នុងការអាន ដើម្បីទទួលបានចំណេះ និងជួយដល់ប្រទេសជាតិឱ្យមានភាពរីកច្រើន ។ល។ 
 
កញ្ញា សុង សុធាវី៖  ទម្រាំអាចសម្រិតសម្រាំងយកខ្លឹមសារកំនាព្យល្អ តើប្អូនមានការស្រាវជ្រាវកំរិតណា ហើយ របៀបសិក្សារបស់ប្អូនដូចម្តេច? 
 
លោក ហេង មុនីរៀម៖ បាទ និយាយតាមត្រង់ទៅ ការប្រកួតគឺថ្ងៃទី១៨ ខែកុម្ភៈ តែខាងសាខាបានផ្តល់ដំណឹងមកថ្ងៃទី១៦ ដូចនេះប្អូនចាប់សរសេរនៅព្រឹកថ្ងៃ ទី១៧ហើយ ដូចនេះមិនសូវមានពេលក្នុងការស្រាវជ្រាវច្រើនទេ។ តែអ្វីដែលឱ្យខ្ញុំសរសេរបានល្អ និងទទួលបានលទ្ធផលហ្នឹងគឺ ដើមទុនពីនាយ ដែលខ្ញុំធ្លាប់សរសេរកំនាព្យពីមុនមកច្រើនដែរ អ៊ីចឹងវាជាគន្លឹះក្នុងរយៈពេលខ្លី តែឱ្យខ្ញុំអាចសរសេរបានចេញជាលទ្ធផល។ 
 
កញ្ញា​ សុង សុធាវី៖ អ្វីខ្លះជាដើមទុន ដែលជំរុញឱ្យប្អូនអាចសរសេរបានតាំងពីចាប់ផ្តើមរហូតដល់ពេលនេះ?​
 

ហេង មុនីរៀម ក្នុងការបកស្រាយបទចម្រៀង ចាប៉ីដងវែង ជាមួយ រៀមច្បង រូបភាពពីសាម៉ីខ្លួនផ្ទាល់

លោក ហេង​ មុនីរៀម៖ ចំពោះការនិពន្ធកំនាព្យនេះ វាជាចំណូលចិត្តរបស់ខ្ញុំតាំងពីរៀនថ្នាក់បឋម ហើយដើមទុនគឺគ្មានអីក្រៅពីការខិតខំរៀនសូត្រទេ។ បើសិនយើងចូលចិត្តតែងនិពន្ធកំណាព្យ អ៊ីចឹង យើងត្រូវអានអត្ថបទកំនាព្យឱ្យបានច្រើន ពិសេសបើយើងចង់ទទួលបានចំណេះដឹងទាក់ទងពីការអប់រំ ដែលមានលោកតាក្រមង៉ុយ និងអ្នកនិពន្ធល្បីជំនាន់មុន ដែលនៅក្នុងវិស័យតែងនិពន្ធរបស់យើង។ ខ្ញុំចាប់ផ្តើមនិពន្ធតាំងពីតូច គ្រាន់តែថា ពីមុននិងឥឡូវមានការប្លែកគ្នាមួយចំនួនដែរ ហើយខ្ញុំបានប្រឹងហ្វឹកហាត់សរសេរច្រើនគឺក្នុងស្ថានភាពកូវីដតែម្តង ដោយសារមានពេលទំនេរច្រើនពីការរៀនតាមអនឡាញន៍។  
 
កញ្ញា សុង សុធាវី៖ ក្រៅពីរៀនតាមរយៈការអាន និងការសង្កេត  តើចំណេះដឹងអ្វីបន្ថែមទៀតជាដើមទុនសម្រាប់ មុនីរៀម? 
 
លោក ហេង មុនីរៀម៖ ​សំណួរល្អបង ត្រង់នេះបើយើងមានតែការខិតខំប្រឹងប្រែងតែលើឯកសារ ហើយខ្វះចំណុចពិសេសណាមួយ ក៏វាពិបាកដែរ។ ចំពោះខ្ញុំ ធាតុផ្សំដែលឱ្យខ្ញុំនិពន្ធកំនាព្យបានដូចបច្ចុប្បន្ន គឺខ្ញុំចូលចិត្តទម្រង់សិល្បៈបុរាណ រួមមាន អាយ៉ៃ និង ចាប៉ី ដែលអាយ៉ៃ និង ចាប៉ី តម្រូវឱ្យកវី ឬ ស្មៀន មានសមត្ថភាពក្នុងការតែងកំនាព្យ កាព្យចុងចួន  ព្រោះសិល្បៈប្រភេទនេះគឺពុំមានការត្រៀមទុកមុនទេ តែត្រូវការសមត្ថភាពផ្នែកកំនាព្យខ្លាំង! អ៊ីចឹងការណ៍នេះបានធ្វើអោយខ្ញុំចាប់អារម្មណ៍ និងព្យាយាមស្តាប់បទចម្រៀងអាយ៉ៃផ្សេងៗ របស់លោកតាប្រាជ្ញឈួន  លោកតាគង់ ណៃ ដែលខ្ញុំព្យាយាមស្តាប់ពីតូចមក រហូតក្លាយជាទម្លាប់របស់ខ្ញុំមកទល់បច្ចុប្បន្ននេះ។ 
 
កញ្ញា សុង សុធាវី៖ ឃើញថាការប្រកួតប្រជែងតែងកំនាព្យនេះមានភាពស្វិតស្វាញខ្លាំងណាស់ តើអ្វីជាចំនុចខ្លាំងរបស់អ្នកនិពន្ធ?
 
លោក ហេង មុនីរៀម៖ តាមរយៈបទពិសោធន៍របស់ខ្ញុំទេ ទី១ អ្នកនិពន្ធត្រូវចេះបញ្ចូលអារម្មណ៍របស់ខ្លួនទៅក្នុងស្នាដៃ ព្រោះស្នាដៃដែលរស់រវើកត្រូវមានរូបារម្មណ៍ មនោសញ្ចេតនាផងដែរ។ ទី២ ចំនុចខ្លាំងរបស់អ្នកនិពន្ធគឺត្រូវតែមានភាពអត់ធ្មត់ ការតែងនិពន្ធ មិនថាតែការសរសេរកំណាព្យ ឬ អត្ថបទអ្វីផ្សេងៗទេ មិនអាចសរសេរក្នុងរយៈពេលខ្លីណាមួយ ហើយចេញជាលទ្ធផលល្អទេ! អ៊ីចឹង សម្រាប់ខ្ញុំ ពេលខ្លះកំនាព្យតែមួយវគ្គអាចសរសេរបានក្នុងរយៈពេល ១០ ទៅ ២០នាទី ឬ មួយម៉ោង ហើយពេលខ្លះអាចលើសនេះទៅទៀត។ អ៊ីចឹងភាពអត់ធ្មត់ក្នុងការរកនឹកពាក្យ ឬ ការបញ្ចូលអារម្មណ៍ ។ល។ គឺជារឿងសំខាន់។ ទី៣ អ្នកនិពន្ធត្រូវតែមានចំណេះដឹងទូលំទូលាយ ឬ អាចនិយាយថាមានចំណេះដឹងទូទៅច្រើន ព្រោះក្នុងការប្រកួត យើងមិនដឹងថា គណៈកម្មាធិការមានប្រធានបទបែបណា សម្រាប់ដាក់ឱ្យយើងទេ។ អ៊ីចឹងគាត់ត្រូវមានចំណេះដឹងច្រើន ទាក់ទងនឹងបំនិនជីវិត សាសនា វប្បធម៌ អរិយធម៌ និង ទាក់ទងជាមួយការសិក្សាផ្សេងៗ ដែលឱ្យគាត់មានភាពបត់បែនក្នុងការតែងនិពន្ធបាន។ ទី៤ ចុងក្រោយហ្នឹង គឺភាពស្រមើស្រមៃផ្អែកលើបទពិសោធន៍ដែលឆ្លងកាត់  អ្នកនិពន្ធកាន់តែខ្លាំង រមែងធ្លាប់ឆ្លងកាត់ ហើយការពិពណ៌នារបស់គាត់ គឺកាន់តែរស់រវើក កាន់តែល្អ និងស្រស់ស្អាត។ អ៊ីចឹង ពេលខ្លះគ្រាន់តែអាន យើងអាចស្រមៃពីរូបភាពទាំងនោះ តាមរយៈស្នាដៃរបស់អ្នកនិពន្ធ។ 
 
កញ្ញា សុង សុធាវី៖  នាងខ្ញុំឃើញឆន្ទៈ ក្តីស្រឡាញ់ និងការគាំទ្រផ្នែកអក្សរសាស្រ្តខ្មែររបស់មុនីរៀម តែប្អូនរៀនថ្នាក់វិទ្យាសាស្រ្តទេ តើទៅអនាគតប្អូននៅតែបន្តតែងកំនាព្យទៀត ឬ យ៉ាងណា ហើយចូលរួមអភិរក្សដូចម្តេច?
 
លោក ហេង មុនីរៀម៖ ក្នុងថ្ងៃអនាគត ខ្ញុំធ្វើការងារអ្វីមួយនោះជារឿងទៅអនាគត! តែចុងក្រោយនៃជីវិតរបស់ខ្ញុំ គឺចង់ក្លាយជាអ្នកនិពន្ធមួយរូបនៅតាមទីជនបទ ហើយធ្វើយ៉ាងណាចូលរួមបណ្តុះបណ្តាលនូវស្មារតីរបស់យុវជនខ្មែរ ដើម្បីលើកកម្ពស់វិស័យអក្សរសាស្រ្តជាតិរបស់យើង។ អ៊ីចឹងខ្ញុំនៅតែបន្តតែងនិពន្ធនេះ ទោះបីជាខ្ញុំធ្វើការងារអ្វីផ្សេងទៀតក៏ដោយ ឬ រៀនផ្នែកវិទ្យាសាស្រ្តក៏ដោយ។ ក្នុងនាមយើងជាជនជាតិខ្មែរ ដែលយើងមានការទទួលខុសត្រូវ ហើយការតែងនិពន្ធគឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការចូលរួម អភិរក្ស និងថែរក្សា ក៏ដូចជាបន្តសរសេរ ហើយបើមានលទ្ធភាពទៅថ្ងៃមុខនឹងបោះពុម្ពផ្សាយរាល់ស្នាដៃហ្នឹង។ 
 
កញ្ញា សុង សុធាវី៖  សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយដែលស្រឡាញ់ការតែងនិពន្ធនេះ តើប្អូនមានការចែករំលែកបែបណាបន្ថែមទៀតទៅកាន់ពួកគាត់?
 
លោក ហេង មុនីរៀម៖ មានតែការអានទេ ដែលផ្តល់នូវចំណេះដឹងជាច្រើនដល់យើង។ បើសិនយើងចូលចិត្តតែងកំណាព្យ ត្រូវព្យាយាមរកកំណាព្យល្អៗ របស់អ្នកនិពន្ធជំនាន់ដើម ហើយយើងនឹងឃើញនូវភាពផ្លាស់ប្តូររបស់យើងក្នុងការរកឃើញចំណាប់ចុងចួន និងអាចស្គាល់នូវឃ្លោងឃ្លារ ពាក្យពេចន៍ ។ល។ ទាំងនេះបានជួយដល់ការអានរបស់យើង ហើយបើយើងពិតជាស្រឡាញ់ការតែងនិពន្ធមែន នោះយើងនឹងលៃពេលណាមួយក្នុងការតែងនេះហើយ។ ជាមួយគ្នានេះគឺការផ្តោតអារម្មណ៍ ពេលវេលា និងភាពមោះមុតផងដែរ ព្រោះមនុស្សដែលងាយបោះបង់ មិនអាចប្រឡូកក្នុងវិស័យតែងនិពន្ធបានទេ ហើយក្នុងអក្សរសិល្បិ៍គឺជាវិស័យមួយដែលគ្មានព្រំដែនទេ ដែលវាអនុញ្ញាតឱ្យអ្នកនិពន្ធប្រើប្រាស់នូវមនោសញ្ចេតនា ស្មារតី ចំណេះដឹង ជំនាញ ការយល់ឃើញ និងទស្សនៈផ្សេងៗ ទាក់ទងនឹងសង្គម សាសនា ប្រវត្តិសាស្រ្ត វប្បធម៌ ស្នេហា ។ល។ ក្នុងនោះអ្នកនិពន្ធម្នាក់ៗ តែងមានទេពកោសល្យ និងចំណុចពិសេសប្លែកៗពីគ្នា ហើយអ្នកអានអាចសម្គាល់បានថា វាស្នាដៃរបស់អ្នកនិពន្ធរូបនេះ រូបនោះ ។ រីឯអ្នកនិពន្ធត្រូវតែជាមនុស្សមានសមត្ថភាព លេចធ្លោ និងចំណេះដឹងទូលំទូលាយ ដើម្បីបង្កើតស្នាដៃអស្ចារក្នុងស្នាដៃអក្សរសិល្បិ៍បាន៕ 

Tag:
 វិស័យអប់រំ
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com