កីឡាជាតិ
ជាតិ
កីឡាកង់ភ្នំកម្ពុជា រំពឹងបានលទ្ធផលល្អក្នុងការប្រកួតស៊ីហ្គេម២០២៣
04, Mar 2023 , 8:20 pm        
រូបភាព
កីឡាការិនីកង់ភ្នំកម្ពុជា ខេន ម៉ាឡៃ (មុខគេ) ក្នុងការប្រកួតកីឡាកង់ភ្នំ UCI។ រូបពី អ៊ុច សុខវិបុល
កីឡាការិនីកង់ភ្នំកម្ពុជា ខេន ម៉ាឡៃ (មុខគេ) ក្នុងការប្រកួតកីឡាកង់ភ្នំ UCI។ រូបពី អ៊ុច សុខវិបុល
ដោយ:
លោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំជម្រើសជាតិកម្ពុជា មើលឃើញពីសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកាន់តែកើនឡើងទាំងបច្ចេកទេស និងកម្លាំង។ កីឡាកង់ភ្នំ មានក្តីសង្ឃឹមខ្ពស់សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាកង់ភ្នំ Union Cyclist International(UCI) កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសថៃ គ្រូកីឡាកង់ភ្នំជម្រើសជាតិកម្ពុជា មើលឃើញពីវឌ្ឍនភាពរបស់អត្តពលិកកីឡាកង់ភ្នំកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ទាំងបច្ចេកទេស កម្លាំង។
 
លោក អ៊ុច សុខវិបុល និយាយថា៖«កីឡាករ-កីឡាការិនី របស់យើងសុទ្ធតែមានវ័យក្មេង  ហើយទើបតែបានចូលហ្វឹកហាត់តាមកម្រិតជំនាញនៅជំរំហ្វឹកហាត់ស្រុកបន្ទាយស្រីជិត២ឆ្នាំ  សម្រាប់ត្រៀមស៊ីហ្គេម២០២៣ និងហ្គេមបន្ទាប់ៗទៀត»។


កីឡាករកង់ភ្នំជម្រើសជាតិកម្ពុជា ឆាន ឆៃហ្វុង ក្នុងការប្រកួតកង៉ភ្នំ UCI នៅប្រទេសថៃ។ រូបពី ECT

លោក អ៊ុច សុខវិបុល សង្កត់ធ្ងន់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនីកង់ភ្នំបានត្រៀមខ្លួនរួចរាល់ចំពោះការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ ដែលកម្ពុជា រង់ចាំអស់រយៈពេល៦៤ឆ្នាំ។
 
បន្ថែមពីលើនោះទៀតគ្រូជម្រើសជាតិកង់ភ្នំដដែលបន្ថែមថា៖« ទាំងស៊ីហ្គេម  និងAsian Games កីឡានេះ  គឺជាប្រភេទកីឡា Olympic លក្ខណ:ប្រយុទ្ធ  ជំនាញស៊ីជម្រៅ ក្រុម និងត្រូវមានការគាំទ្រជំរុញខ្ពស់ដើម្បីឈានដល់ជ័យជម្នះ។  យើងចង់ឈ្នះ  ប្រទេសគេក៏ចង់ឈ្នះ  ដូចនេះលទ្ធផលដែលទទួលបាននីមួយៗ  គឺប្រយុទ្ធយ៉ាងស្វិតស្វាញណាស់  មានការរៀបចំច្បាស់លាស់  មានការគាំទ្រខ្ពស់»។
 
គួបញ្ជាក់ថា ការប្រកួតកីឡាកង់ភ្នំ (Thai Cycling Association UCI C1 class) មានប្រទេសចូលរួមមានចំនួន១២ ក្នុងនោះមានម្ចាស់ផ្ទះ ថៃ,កម្ពុជា,នូវែលហ៊្សេឡង់,កាហ្សាក់ស្ថាន,ជប៉ុន,ឥណ្ឌា,តៃវ៉ាន់,ហុងកុង(ចិន),ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី,ហ្វីលីពីន និងសិង្ហបុរី ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៣ នៅខេត្តPhichit ប្រទេសថៃ៕

Tag:
 កីឡាទោចក្រយាន
 អ៊ុច សុខវិបុល
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com