ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រធានCVEA៖អ្នករកស៊ីជួបផលលំបាកក្នុងការបង់ពន្ធ ឯរដ្ឋក៏គួរបន្ធូរបន្ថយពន្ធ ក្នុងកាលៈទេសៈលំបាក
05, Mar 2023 , 8:00 am        
រូបភាព
លោក  សន សៀប  ក្នុងបទសម្ភាសជាមួយជាមួយអ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់ សារព័ត៌មានថ្មីៗ
លោក សន សៀប ក្នុងបទសម្ភាសជាមួយជាមួយអ្នកសារព័ត៌មានថ្មីៗ រូបភាពរបស់ សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖  ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA លោក សន សៀប បានបញ្ជាក់ថា អ្នកវិនិយោគ និងអ្នករកស៊ី កំពុងពិបាករកប្រាក់ចំណេញ ហើយត្រូវជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ ដ្បិតអ្នកជំនួញកំពុងជាប់ការលំបាកនាពេលនេះក្តី តែលោក ជឿថា ពួកគេអាចឆ្លងកាត់បញ្ហាប្រឈមទាំងនេះ។ តែយ៉ាងណារដ្ឋ ក៏គួរតែពិនិត្យមើលថា តើពន្ធមួយណា ដែលត្រូវសម្រួលដល់អ្នកវិនិយោគ និងរកស៊ីផងដែរ។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក សន សៀប   ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA   ដូចតទៅ៖ 

 


កញ្ញា សុង សុធាវី៖ សូមអរគុណលោកប្រធាន សម្រាប់ការផ្តល់បទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី »  នៃសារព័ត៌មានថ្មីៗ ដែលលោកគឺជាប្រធាន CVEA អាណត្តិទី៦ ហើយមានសមាជិករហូតដល់១៤៦រូប។ ស្របពេលដែលវិនិយោគិនចិននឹងមកប្រទេសកម្ពុជាសារជាថ្មីក្នុងវិស័យអចលនទ្រព្យ តើលោកមានយុទ្ធសាស្រ្តដូចម្តេចក្នុងនាមជាអ្នកដឹកនាំនាអណត្តិនេះ? 
 
លោក សន សៀប៖ ខ្ញុំមានយុទ្ធសាស្រ្តក្នុងការដឹកនាំសមាគម ដែលមានឈ្មោះថា «ពង្រឹងខាងក្នុងពង្រីកខាងក្រៅ»។ ចំពោះការពង្រីកខាងក្រៅនេះ យើងមានផែនការទំនាក់ទំនង សហប្រតិបត្តិការជាមួយទីផ្សារដែលមានសក្តានុពលនៅខាងក្រៅ ហើយទីផ្សាររបស់យើងគឺ ផ្តោតសំខាន់លើវិនិយោគិននៅតំបន់អាស៊ី ជាពិសេស ចិន។ នៅក្នុងគណៈកម្មាធិការមួយ ដែលយើងកំពុងតែរៀបចំធ្វើហ្នឹងបានឱ្យឈ្មោះថា «គណៈកម្មាធិការសមាគមធុរៈកិច្ច» ដែលក្នុងនោះយើងផ្តោតទៅលើសមាគមអ្នកនិយាយភាសាចិនរហូតដល់៨ ក្នុងការទំនាក់ទំនង និងសហការជាមួយគ្នា។ ដូច្នេះ ខ្ញុំជឿថា អ្នកវិនិយោគដែលមានទំនាក់ទំនងជាមួយសមាគមរបស់គាត់ នឹងទំនាក់ទំនងមកខាងយើង ហើយយើងអាចនឹងប្រមូលផលតាមរយៈការផ្តល់សេវាទៅកាន់គាត់ដូចគ្នា និងធ្វើការសហការជាមួយអ្នកវិនិយោគិនចិន។ 
 
កញ្ញា សុង សុធាវី៖ ពាក្យថា «ទូកធំក្តោងធំ» ហើយម្ចាស់អចលនទ្រព្យនឹងរីកមុខ នៅពេលអ្នកវិនិយោគិនចិនវិលមកប្រទេសកម្ពុជាជាថ្មី! ទន្ទឹមនេះ ឃើញថាមានការចំណាយទៅលើពន្ធមួយចំនួន ដែលក្នុងនាមលោកជាអ្នកជំនាញក្នុងវិស័យនេះ តើពួកគេអាចរត់រួចដែរទេ ជាមួយការចំណាយចំពោះមុខទាំងនេះ?
 
លោក សន សៀប៖ ខ្ញុំគិតថា ស្ថានភាពបច្ចុប្បន្ននេះ គឺលំបាកទាំងអស់គ្នា។ ទាំងអ្នកវិនិយោគ អ្នករកស៊ី និងរាជរដ្ឋាភិបាល ដោយសារតែរកស៊ីមិនបានចំណេញបង់ពន្ធក៏តិចដែរ ហើយរដ្ឋាភិបាលលោកពឹងលើប្រាក់ពន្ធក្នុងការចាយវាយ ចំណាយផ្សេងៗ ក្នុងការវិនិយោគក៏ដូចជាការប្រើប្រាស់ សម្រាប់មន្រ្តីរាជការ។ល។ ដោយឡែក ខ្ញុំគិតថា យើងត្រូវការការជួយគ្នាទៅវិញទៅមក បើសិនយើងមិនជួយគ្នាទេ យើងនឹងតឹងម្ខាងរៀងៗខ្លួន។ មានន័យថា អ្នកវិនិយោគ  និងរកស៊ីក៏ជួយបង់ពន្ធដល់រដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ត្រូវមើលទៅលើផលលំបាករបស់អ្នកវិនិយោគ ព្រោះថា វិស័យនេះ ពិបាកលក់ចេញណាស់ក្នុងឆ្នាំ ២០២២ -២០២៣ហ្នឹង! ហើយអ្នកអភិវឌ្ឍន៍សូមជួយសម្រួលដល់ពន្ធមួយចំនួន ពន្ធណាដែលអាចពន្យារក៏គួរពន្យារ ឯ ពន្ធណាគួរបន្ធូរបន្ថយបានក៏ជួយផង ព្រោះបើរដ្ឋាភិបាលមិនបន្ធូរបន្ថយវាអាចមានបញ្ហាដល់អ្នកវិនិយោគ ក៏ដូចជាម្ចាស់គម្រោងធំៗអស់ហ្នឹង។ 
 

លោក  សន សៀប  ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA  រូបភាពរបស់សារព័ត៌មានថ្មីៗ
 
កញ្ញា សុង សុធាវី៖ តើពន្ធណាមួយ ដែលលោកគិតថាគួរតែពន្យារ ហើយការពន្យានេះទៀតត្រូវការពេលប៉ុន្មានដែរ ដែលសមរម្យ សម្រាប់ម្ចាស់អាជីវកម្មអចលនទ្រព្យទាំងនោះ?
 
លោក សន សៀប៖  ខ្ញុំមិនបានផ្តោតទៅលើពន្ធណាមួយទេ តែខាងពន្ធដារគាត់អាចជជែក ពិភាក្សាគ្នាថា តើអាចជួយទៅដល់អ្នកវិនិយោគ វិស័យឯកជន  និងអាចជជែកជាមួយម្ចាស់គម្រោងផ្សេងៗហ្នឹង ក្នុងការរកចំណុចរួមណាមួយ ដើម្បីអាចជួយគ្នាបានទៅមុខទាំងអស់គ្នា។  
 
កញ្ញា សុង សុធាវី៖ តើអចលនទ្រព្យចាប់ពីប៉ុន្មានទៅ ដែលមិនត្រូវជាប់ពន្ធ?
 
លោក សន សៀប៖ កន្លងមករដ្ឋាភិបាលសម្រួលជួយអចលនទ្រព្យតម្លៃ ២៥០០០ ដុល្លារ ចុះក្រោមគឺពុំមានគិតពន្ធទេ ហើយតម្លៃ៧ម៉ឺនដុល្លារចុះក្រោមនឹងមានការបន្ធូរបន្ថយពន្ធថែមទៀត។ អ្វីដែលខ្ញុំសង្កេតទៅលើពន្ធអចលនទ្រព្យគឺមាន ពន្ធប្រថាប់ត្រា ពន្ធទៅលើប្រាក់ចំណេញ ពន្ធទៅលើការទិញលក់ ថែមទៀត ។ល។ អ៊ីចឹង ពន្ធទាំងអស់ហ្នឹង សង្ឃឹមថាខាងពន្ធដារនឹងពិនិត្យមើលលទ្ធភាព ថាអាចជួយក្នុងកម្រិតណាឡើងវិញ។ 
 

លោក  សន សៀប  ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA  រូបភាពរបស់សារព័ត៌មានថ្មីៗ

កញ្ញា សុង  សុធាវី៖ ឆាប់ៗនេះគឺជាការមកដល់របស់វិនិយោគិនចិន ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា តើលោកមានសារផ្តាំផ្ញើ និងចូលរួមជាមតិយោបល់បែបណា សម្រាប់ម្ចាស់អាជីវកម្មក្នុងវិស័យអចលនទ្រព្យ?
 
លោក សន សៀប៖ យើងជាម្ចាស់ផ្ទះ យើងត្រូវធ្វើអ្វីខ្លះ ដើម្បីបានអ្នកវិនិយោគ និងអ្នកមកលេងប្រទេសរបស់យើង? ខ្ញុំឃើញថៃ គេធ្វើបានល្អ ហើយយើងក៏ត្រូវតែគិតគូរដែរ។ ការទំនាក់ទំនង របៀបនៃការធ្វើការ ហើយយើងធ្វើយ៉ាងមិចដែលអាចភ្ជាប់ទំនាក់ទំនងឱ្យរលូន ពិសេសជាមួយអ្នកវិនិយោគិនចិនហ្នឹង! ព្រោះរបៀបរបបនៃការរស់នៅផ្សេងគ្នា។ ការទំនាក់ទំនង និងធ្វើការជាដៃគូក៏ខុសគ្នា ហើយវាអាចផ្សេងគ្នាដែរ។ អ៊ីចឹង យើងត្រូវត្រៀមលក្ខណៈ និងអាចជាការជួយសម្រួលការងារគ្នា ឱ្យភាគីទាំងសងខាងពេញចិត្តក្នុងការធ្វើការជាមួយគ្នា ដែលយើងក៏មានច្បាប់ទម្លាប់ ក្នុងការធ្វើការងារ មិនមែនចេះតែឆិនឆាយៗឱ្យតែបានៗទេ។ កន្លងមកមានអ្នកខ្លះ ចេះតែឆិនឆាយៗ ដល់ពេលមានបញ្ហាក៏ចង់យកឈ្នះរៀងខ្លួន អាហ្នឹងក៏ធ្វើឱ្យគេខ្លាចយើងដែរ។ មួយទៀតក៏មិនចង់ឱ្យមានព័ត៌មានមិនល្អ ដែលល្អក់កករចេញពីខាងក្នុងយើងទៅខាងក្រៅទេ ព្រោះពេលខ្លះព័ត៌មានហ្នឹង ពេលគេស្តាប់តៗគ្នាទៅ ក៏គេមិនចង់មកដែរ។ ពេលដែលពួកគេបានដឹងរឿងល្អៗពីយើង នោះគេចង់មករកស៊ីកាន់តែច្រើន ហើយទុន និងគម្រោងធំៗក៏មានកាន់តែច្រើនដូចគ្នា។ រីឯទីផ្សារយើងកាន់តែធំ នោះសេដ្ឋកិច្ចយើងកាន់តែរីកចម្រើន ហើយប្រជាជនរបស់យើងក៏អាចទទួលផលកាន់តែច្រើន ហ្នឹងជាអ្វីដែលខ្ញុំគិតថា យើងគួរតែជួយគ្នា ពិចារណា កែសម្រួល ក៏ដូចជាព្យាយាមបន្សាំខ្លួនឯង ដើម្បីឱ្យយើងអាចទទួលនបានផលច្រើន៕  

© រក្សាសិទ្ធិដោយ thmeythmey.com