ជាតិ
បទសម្ភាសន៍
តើជំងឺធ្លាក់ទឹកចិត្តកើតឡើងដោយសារកត្តាអ្វីខ្លះ?
05, Mar 2023 , 7:00 pm        
រូបភាព
(ឆ្វេង)លោក  អ៊ាន  និល  អ្នកឯកទេសព្យាបាលផ្លូវចិត្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោក តុន ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ ផ្នែកជំរុញលើកទឹកចិត្ត យុវជន
(ឆ្វេង)លោក អ៊ាន និល អ្នកឯកទេសព្យាបាលផ្លូវចិត្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធឯករាជ្យ ផ្នែកជំរុញលើកទឹកចិត្ត យុវជន
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ អ្នកឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្ត និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ាន និល បានពន្យល់ថា កត្តាដែលនាំឱ្យយុវជនមួយចំនួន មានបញ្ហាផ្លូវចិត្ត មកពីការរស់នៅក្នុងអតីតកាលឈឺចាប់ ឬ កំពុងតែខ្វះនូវក្តីស្រឡាញ់ចំពោះខ្លួនឯង ឬពីក្រុមគ្រួសារ និងដៃគូជាដើម។ ដោយឡែក ការព្យាបាលដោយខ្លូនឯងវិញ លោក អ៊ាន និល លើកទឹកចិត្តឱ្យអ្នកជំងឺ ចូលរួមក្នុងយុទ្ធនាការទាក់ទងនឹងការជំរុញទឹកចិត្ត ចែករំលែកទុក្ខលំបាករបស់ខ្លួនជាមួយមនុស្សជិតស្និទជាដើម។ លោក តុន  ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ ផ្នែកលើកទឹកចិត្តយុវជនវិញ ប្រាប់ឱ្យយុវជនចេះលើកទឹកចិត្ត និងផ្ដល់តម្លៃខ្លួន ហើយកុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃ នោះពួកគេនឹងអាចគេចផុតពីបញ្ហាបាក់ទឹកចិត្តហើយ។



ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី  អ្ន​កសារព័ត៌មានថ្មីៗ  ជាមួយ វាគ្មិន លោក អ៊ាន និល ៖ 




 
កញ្ញា សុង សុធាវី៖ លោក អ៊ាន និល មានឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តើអ្វីជាជំងឺថប់អារម្មណ៍ ហើយ តើអាការៈបែបណា ទើបក្លាយជាជំងឺធ្លាក់ទឹកចិត្តនេះ?
 
លោក អ៊ាន និល៖ ស្ថានភាពដែលទាក់ទងនឹងសុខភាពផ្លូវចិត្តមានលក្ខណៈផ្សេងៗគ្នា ក្នុងនោះ ថប់អារម្មណ៍ ផ្តោតលើការព្រួយចិត្ត​ ការគិតច្រើន ឬ ពិបាកចិត្តក្នុងរឿងមួយចំនួន។ រីឯ ការធ្លាក់ទឹកចិត្ត អាការៈវាខុសគ្នាមួយចំនួនដូចជា អារម្មណ៍ស្រងូតស្រងាត់ ចិត្តឆាប់ប្រែប្រួលមិនដូចពីមុន ឆាប់អស់សង្ឃឹម  ហើយឈានទៅរកការគិតខ្លី ដោយយល់ថា ជីវិតរបស់គាត់មិនមានអ្វីប្រសើរទៀតទេ! ឬ អ្នកខ្លះទៀតចាប់ផ្តើមចង់ចាកចេញពីក្រុមមនុស្ស ដោយចូលចិត្តតែភាពស្ងប់ស្ងាត់ម្នាក់ឯង ។ល។ 
 
កញ្ញា សុង សុធាវី៖ អ្វីខ្លះជាមូលហេតុបណ្តាលឱ្យពួកគាត់ឈានទៅរកស្ថានភាពធ្លាក់ទឹកចិត្ត រហូតដល់សំលាប់ខ្លួនឯង ហើយអត្រាធ្វើអត្តឃាតនេះហាក់មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានយុវជនខ្មែរដែរ?
 
លោក អ៊ាន និល៖ តាមការសង្កេតមួយចំនួនកន្លងមក ទាំងការធ្វើអត្តឃាតក្តី វាមានមូលហេតុពីដើមមកបន្តិចបន្តួច ដែលយើងមិនសូវបានចាប់អារម្មណ៍ទៅលើពួកគាត់ ហើយបើយើងអាចដឹងមុន យើងអាចជួយសង្រ្គោះពួកគាត់ពីការប៉ុនប៉ងសំលាប់ខ្លូនឯងបាន ឬ ក៏អាចកាត់បន្ថយអាត្រាហ្នឹងបានខ្លះដែរ។ កត្តាទាំងនោះមាន ការធ្លាក់ទឹកចិត្តពីអតីតកាល ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬ ការប៉ះទង្គិចផ្លូវចិត្តក្រោយជួបហេតុការផ្សេងៗ ដែលធ្វើឱ្យគាត់នៅតែមានការភ័យខ្លាច។ 
 
កញ្ញា សុង សុធាវី៖ ក្នុងវ័យក្រោម៣០ឆ្នាំ យុវជន ហាក់មិនទាន់មានសំពាធផ្លូវចិត្ត ដូចជាឪពុកម្តាយខ្លួន ឬ អ្នកដឹកនាំគេឡើយ តែប្រសិនបើជួបបញ្ហាធ្លាក់ទឹកចិត្ត តើពួកគេអាចជួយខ្លួនឯងតាមវិធីណាខ្លះ? 
 
លោក អ៊ាន និល៖  ខ្ញុំផ្តោតលើយុវវ័យតែម្តង បើសុខភាពគាត់ទាំងរាងកាយ និងផ្លូវចិត្តពួកគាត់នៅល្អខ្លះ នោះអាត្រាប៉ុនប៉ងសំលាប់ខ្លួនឯងនេះក៏មានចំនួនតិចតួចដែរ។ ជាមួយគ្នានេះ ទាំងការចូលរួមព្យាបាល ជំងឺនេះ ដោយខ្លួនគាត់ផ្ទាល់ ឬ តាមរយៈក្រុមគ្រួសារគាត់ក្តី និងមជ្ឍដ្ឋានជុំវិញខ្លួនគាត់ក្តី សំខាន់ត្រូវជួយពង្រឹងសុខភាពរបស់គាត់។ បើសុខភាពគាត់បានប្រសើរ នោះគាត់នឹងអាចប្រឈមមុខជាមួយបញ្ហា ដែលគាត់កំពុងតែជួបប្រទះ ព្រោះមនុស្សម្នាក់ៗមានបញ្ហាផ្សេងៗគ្នា រាប់ទាំង កុមារ និង យុវជន។ បើសិនគាត់អាចពង្រឹងខ្លួនឯងជាបន្តបន្ទាប់ នោះគាត់ក៏មិនអាចទៅរកជម្រើសធ្វើអត្តឃាតដែរ។ 
 


 លោក  អ៊ាន  និល   សាស្រ្តាចារ្យ និងជាអ្នកឯកទេសព្យាបាលផ្លូវចិត្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កញ្ញា សុង សុធាវី៖ ដោយសារលោកជាអ្នកជំនាញក្នុងកិច្ចការងារទាំងហ្នឹង តើអ្នកដែលមិនមានជំនាញលើកិច្ចការនេះអាចប្រើប្រាស់វិធីណាខ្លះ ដើម្បីអាចជួយសង្រ្គោះខ្លួនឯង ឬ សមាជិកគ្រួសារពួកគេ?
 
លោក អ៊ាន និល៖  ខ្ញុំជឿថា ទាំងអ្នកដែលមានជំនាញ ឬ មិនមានជំនាញក្តី សុទ្ធតែត្រូវការវិធីជួយ សម្រាប់អ្នកមានបញ្ហាតានតឹងផ្លូវចិត្តក្តី ថប់អារម្មណ៍ក្តី។ល។ ក្នុងផ្នែក ចិត្តសាស្រ្តយើងមាន ការធ្វើយុទ្ធនារការជាមួយក្រសួងសុខាភិបាល ទៅលើប្រធានបទនៃការធ្លាក់ទឹកចិត្តនេះ និងការចែករំលែកពីអារម្មណ៍យើងទៅកាន់អ្នកជិតស្និទ ដែលយើងគិតថាចែករំលែកបាន ព្រោះវាជាវិធីសាស្រ្តមួយ ដែលជួយយើងបានច្រើនមែនទែន។ ទី២ គឺការអនុវត្តន៍នូវសកម្មភាពទាំងឡាយណា ដែលប្រកបដោយសុខភាព ដូចជាការញាំ ការសម្រាក ការគេងហ្នឹងឱ្យបានគ្រប់គ្រាន់ ព្រមទាំងការឆ្លៀតពេលហាត់កីឡាប្រចាំថ្ងៃ ដែលវាជួយកាត់បន្ថយការតានតឹងផ្លូវចិត្ត ថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្តផងដែរ។ មួយទៀតយើងអាចហ្វឹកហាត់ផ្លូវចិត្តមួយចំនួន ព្រោះក្នុងផ្នែកចិត្តសាស្រ្តយើងនេះ មានលំហាត់ផ្លូវចិត្តច្រើនណាស់ ដែលយើងអាចយកទៅអនុវត្តន៍ក្នុងផ្ទះ ដូចជា លំហាត់ដកដង្ហើម ការធ្វើសមាធិ លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ លំហាត់ផ្តោតលើការនឹកស្រមៃក្នុងចិត្ត និងលំហាត់ធ្វើឱ្យមានលំនឹងផ្លូវចិត្ត វាជួយយើងច្រើនមែនទែន។ ចុងក្រោយ បើសិនយើងព្យាយាមជួយខ្លួនឯង លែងសូវមានប្រសិទ្ធភាពហើយ គឺត្រូវស្វែងរកអ្នកជំនាញផ្នែកនេះឱ្យជួយហើយ។ 
 
កញ្ញា សុង សុធាវី៖  លោក សាស្រ្តាចារ្យ ចុងក្រោយមែនទែន គាត់គិតថាជីវិតរស់នៅលែងមានន័យ ហើយក៏លែងទុកចិត្តអ្នកណាទាំងអស់ ព្រោះខ្លាចនិយាយទៅអាចនាំអោយរឿងកាន់តែធំ ជាងលាក់ទុកម្នាក់ឯង តើលោកចូលរួមបែបណាទៀត ត្រង់ចំណុចនេះ? 
 
លោក អ៊ាន និល៖ បាទ ជាទូទៅ អ្នកមានបញ្ហាធ្លាក់ទឹកចិត្តគាត់មិនទាន់រួចរាល់ក្នុងការចែករំលែកទៅកាន់នរណាម្នាក់ ទៅលើកត្តាមួយចំនួនដទៃទៀត ដែលអាចក្លាយទៅជាការមាក់ងាយ ឬ បង្អាប់គាត់ថែមទៀត។ មួយទៀត អ្នកជំងឺហាក់ពិបាកស្វែងរកអ្នកជំនាញផ្នែកនេះឱ្យជួយ ដោយសារចំនួនអ្នកជំនាញមានតិចនៅឡើយ។ ប្រសិនបើយើងអាចចូលរួមលើកត្តាទាំងនេះ ពិសេសការគាំទ្រពីក្រុមគ្រួសារគាត់  នោះអ្នកដែលគាត់មានបញ្ហាធ្លាក់ទឹកចិត្តហ្នឹង ក៏គាត់បានធូរស្រាល ហើយអាត្រាសំលាប់ខ្លួននេះ ក៏អាចកាត់បន្ថយបានខ្លះដែរ។ 
 
ចង់ជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក តុន  ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ ផ្នែកលើកទឹកចិត្តយុវជនដូចតទៅ៖






កញ្ញា  សុង សុធាវី៖ លោក តុន​​ ច័ន្ទរិទ្ធិ គឺជាអ្នកនិពន្ធជំនាន់ថ្មីមួយរូប ដែលបានចូលរួមលើកទឹកចិត្ត និងប្រឆាំងនូវការសំលាប់ខ្លួនឯង  តើមានកត្តាអ្វីខ្លះ ដែលជំរុញឱ្យលោកសម្រុកធ្វើការងារនេះទាំងស្រុង?
 
លោក តុន ច័ន្ទរិទ្ធិ៖ សម្រាប់ខ្ញុំ ការសម្រេចចិត្តធ្វើការងារនេះ ព្រោះតែក្តីស្រឡាញ់ ខ្ញុំយល់ថា មនុស្សយើងត្រូវការការបារម្ភ យកចិត្តទុកដាក់ ហើយខ្ញុំនឹងផ្តល់ក្តីស្រឡាញ់ទៅកាន់ពួកគេ តាមរយៈសំណេរ និងអ្វីដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃ។ បន្ទាប់មកទៀត ខ្ញុំចង់ផ្លាស់ប្តូរការគិតរបស់មនុស្សមួយចំនួន ដែលចូលចិត្តតែបន្ទោសជនរងគ្រោះ ថាមកពីអ្នកនេះអ៊ីចេះ អ៊ីចោះ! មានការគិតខ្លី! ហើយសុំឱ្យគាត់គិតថា វាជាជំងឺ តែមិនមែនជនរងគ្រោះចេះតែធ្វើតាមតែទំនោអារម្មណ៍ពួកគេទេ។ 
 
កញ្ញា សុង សុធាវី៖ លោក ច័ន្ទរិទ្ធិ តើអ្វីជាជំងឺដើមហេតុបន្ទាប់បន្សំគ្នាទៅ ទើបអាចឱ្យគាត់ក្លាយជាអ្នកជំងឺធ្លាក់ទឹកចិត្ត?
លោក តុន  ច័ន្ទរិទ្ធិ៖ ខ្ញុំគិតថា មានមូលហេតុមួយចំនួនដូចជា សង្គម គ្រួសារ ហើយខ្លួនគាត់ផ្ទាល់ និងមានកត្តាជីវសាស្រ្តខ្លះដែរ ដែលអាចឆ្លងពីមនុស្សជំនាន់មុន មកគាត់អ៊ីចឹងទៅ។ កត្តាទាំងអស់ហ្នឹងហើយ ដែលទាញឱ្យគាត់ងាយឈានទៅរកជំងឺធ្លាក់ទឹកចិត្ត។ 
  

 លោក  តុន ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ  ផ្នែកជំរុញលើកទឹកចិត្ត

កញ្ញា សុង សុធាវី៖ ចំពោះកត្តាគ្រួសារ សូមលោកជួយបញ្ជាក់បន្តិច ហើយកត្តាសង្គមវិញមានរូបភាពបែបណា?
 
លោក តុន ច័ន្ទរិទ្ធិ៖ ឧទាហរណ៍ថា គាត់រស់នៅជាមួយគ្រួសារដែលមានសំពាធ ក្រុមគ្រួសារមួយ ដែលមិនយល់ពីគាត់ គ្រួសារដែលខ្វះក្តីស្រឡាញ់ ក្រុមគ្រួសារមួយដែលចូលចិត្តប្រើអំពើហិង្សា នោះគាត់នឹងទទួលបានអារម្មណ៍ទាំងហ្នឹង។ ស្របពេលដែលគាត់មិនមានច្រកចេញ ហើយគ្មានដំណោះស្រាយណាដែលល្អ យូរៗទៅ វានឹងធ្លាក់ទៅរកការធ្លាក់ទឹកចិត្តហ្នឹងឯង! បើសិននិយាយពីកត្តាសង្គម យើងអាចនិយាយពីការបៀតបែន ការរំលោភបំពាន បញ្ហាសង្គមផ្សេងៗ ដែលពិបាកដោះស្រាយ ហើយមិនមានការខ្វល់ខ្វាយហ្នឹងហើយ ទើបធ្វើឱ្យគាត់ឈានទៅរកការធ្លាក់ទឹកចិត្តដូចគ្នា។ 
 
កញ្ញា សុង សុធាវី៖ ករណីធ្វើអត្តឃាត ថ្មីៗនេះ យើងឃើញថា យុវជនមានអាយុក្រោម ៣០ឆ្នាំ  ហើយវ័យនេះ មិនទាន់ក្លាយជាមេគ្រួសារ ឬ អ្នកដឹកនាំសង្គម ដែលមានសំពាធច្រើនទេ ហេតុអ្វីគាត់ងាយសំលាប់ខ្លួនឯង?
 
លោក តុន ច័ន្ទរិទ្ធិ៖  ក្នុងវ័យនេះជាវ័យដែលប្រែប្រួល វ័យដែលផ្លាស់ប្តូរខ្លួនឯងពីវ័យជំទង់ ទៅរកភាពចាស់ទុំ ដែលជាវ័យកណ្តាល នេះហើយគឺជាពេលដែលគាត់ត្រូវរៀននូវអ្វីជាច្រើន ដែលជាខ្លួនឯង អ៊ីចឹងពេលដែលគាត់មិនទាន់បានត្រៀមខ្លួន​រួចរាល់ ហើយពិបាករកអ្នកជួយដោះស្រាយ និងជួបការបដិសេធពីមនុស្សមួយចំនួនជុំវិញហ្នឹងហើយ ទើបឈានទៅរកការធ្លាក់ទឹកចិត្ត និងការសំលាប់ខ្លួនឯងហ្នឹង។ 
 
កញ្ញា សុង សុធាវី៖ តើក្នុងស្ថានភាពនោះអ្នកជំងឺអាចជួយខ្លួនឯងតាមវិធីណា ជាជាងការរំពឹងថានឹងមានអ្នកដទៃណាម្នាក់មកជួយពួកគេ?
 
លោក តុន ច័ន្ទរិទ្ធិ៖ សម្រាប់យុវជនផ្ទាល់ ត្រូវចេះផ្តល់តម្លៃលើជីវិតខ្លួនឯង! គាត់ត្រូវស្គាល់ខ្លួនឯងថាជាអ្នកណា? ព្រោះជាច្រើនដង ពេលដែលឋិតក្នុងវ័យលូតលាស់ ងាយដែលឱ្យគាត់ប្រៀបធៀប ងាយឱ្យគាត់បោះបង់ តែបើសិនជាគាត់អាចឈរលើភាពជាខ្លួនឯង នោះនឹងធ្វើឱ្យគាត់មិនងាយនឹងជួបបញ្ហាទាំងអស់ហ្នឹង។ បន្ទាប់ទៀតគឺការចូលរួមក្នុងកម្មវិធីសិក្ខាសាលា ទាក់ទងនឹងការជំរុញទឹកចិត្ត និងការចែករំលែកជាមួយមិត្តជិតស្និទ ព្រមទាំងការរៀនពីអិតធឺណេត ។ល។ ខ្ញុំគិតថាមានអ្វីជាច្រើនទៀត ដែលនឹងធ្វើឱ្យជីវិតពួកគាត់ប្រសើរ៕ 

Tag:
 ( វិស័យអប់រំ
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com