កីឡាអន្តរជាតិ
អន្តរជាតិ
កំពូលតារាបាល់ទាត់ទាំង ១០ ដែលពូកែធ្វើម្ហូប!
05, Mar 2023 , 9:40 pm        
រូបភាព
វិស័យបាល់ទាត់គ្មានអ្វីដែលជាអាថ៍កំបាំងនោះទេ ភាគច្រើនក្នុងការប្រកួតបាល់ទាត់ គេតែងឃើញមានការប្រកួតប្រជែងគ្នារវាងក្រុមនីមួយៗ កីឡាករនិងកីឡាករ។ ពេលខ្លះមានការប៉ះទង្គិចគ្នាក្នុងទីលាន ដែលបង្កើតជាទស្សនិយ៍ភាពដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលជាច្រើន។


 
យ៉ាងណានៅក្រៅទីលានប្រកួតវិញ កីឡាករទាំងនោះបានបង្ហាញនូវសកម្មភាពផ្សេងៗ ដែលពួកគេចូលចិត្ត មិនថារាំរែក ច្រៀង ក៏ដូចជាការចម្អិនអាហារ ឬសកម្មភាពកម្សាន្តផ្សេងៗទៀត។ 
 
ទោះជាកីឡាករល្បីៗនាពេលបច្ចុប្បន្ន ពួកគេមានចុងភៅអាជីពសម្រាប់ចម្អិនអាហារដល់ពួកគេ ប៉ុន្តែពេលខ្លះកីឡាករទាំងនោះ ក៏មានសមត្ថភាពក្នុងការចម្អិនអាហារនៅក្នុងផ្ទះបាយបានដោយខ្លួនឯងដែរ​។ តារាបាល់ទាត់មួយចំនួនមិនត្រឹមតែពូកែក្នុងការលេងបាល់ប៉ុណ្ណោះទេ តែក៏ពូកែធ្វើម្ហូបដែលមានរសជាតិឆ្ងាញ់ទៀតផង។
 
ខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់ទាំង ១០រូបដែលពូកែធ្វើម្ហូប៖

១. Paul Pogba 
 
​កីឡាករសញ្ជាតិបារាំងរូបនេះ ពូកែធ្វើម្ហូបផ្សេងៗពីគ្នា ហើយរូបគេក៏មានជំនាញខាងដុតនំផងដែរ។ ទោះជាគេមានចុងភៅផ្ទាល់ខ្លួន សម្រាប់ចម្អិនអាហារក្តី តែគេក៏នូវតែចូលចិត្តចំណាយពេលវេលាទំនេរ ក្នុងការរៀនធ្វើម្ហូបក្នុងចង្រ្កានបាយផងដែរ។​ រឿងហេតុនៃការចម្អិនដ៏ល្បីរបស់គេ កើតឡើងពេលដែលគេបានដុតនំ ក្នុងថ្ងៃខួបកំណើតម្តាយគេផ្ទាល់។
 
២. Lionel Messi 
 
ពិតជាភ្ញាក់ផ្អើលដែលឃើញថា Messi ជាកីឡាករម្នាក់ ដែលរវល់ខ្លាំងក្នុងការងារបាល់ទាត់ ប៉ុន្តែគេក៏ជាកីឡាករម្នាក់ដែលពូកែធ្វើម្ហូបដែរ។ នៅពេលដែលតារាបាល់ទាត់ឆ្នើមរូបនេះ មានពេលទំនេរពីការប្រកួត រូបគេក៏ចូលចិត្តក្នុងការចម្អិនអាហារសម្រាប់ក្រុមគ្រួសារ ហើយគេចូលចិត្តក្នុងការអាំងសាច់ លាយឡំជាមួយដំឡូងផងដែរ។
 
៣. Thomas Muller
 
​កីឡាករវ័យចំណាស់ក្រុម Bayern Munich រូបនេះក៏ជាកីឡាករម្នាក់ចេះធ្វើម្ហូប ហើយថែមទាំងធ្វើបានល្អទៀត ក្នុងការចម្អិនជាងកីឡាករដទៃទៀត។ Muller ជាកីឡាករម្នាក់ចូលចិត្តអាហារ ជាពិសេសការបរិភោគអាហារដែលល្អចំពោះសុខភាព ។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ភាគច្រើនចូលចិត្តការចម្អិនអាហារដោយខ្លួនឯងផងដែរ។
 
៤. Douglas Costa 
 
កីឡាករសញ្ជាតិប្រេស៊ីល ក៏ចំណោមកីឡាករម្នាក់ដែលចេះអំពីរបៀបធ្វើម្ហូប រូបគេក៏អាចធ្វើអាហារដែលគួរឱ្យទាក់ទាញចង់ពិសារដែរ។ រូបគេចេះធ្វើសាឡាត់ ក៏ដូចជាការដុតនំផ្សេងៗ។
 
៥. Virgil Van Dijk
 
Van Dijk បច្ចុប្បន្នជាខ្សែការពារដ៏ល្បីម្នាក់លើពិភពលោក ប៉ុន្តែក្រៅពីបាល់ទាត់កីឡាកររូបនេះ ក៏មានជំនាញធ្វើម្ហូបដូចគ្នាដែរ។ ខ្សែការពារ Liverpool រូបនេះ មុនចូលលេងបាល់ទាត់ ធ្លាប់ធ្វើជាអ្នកលាងចាន ក្នុងហាងអាហារមួយកន្លែង ។ ទោះក្លាយជាកីឡាករបាល់ទាត់ដ៏ល្បី រូបគេក៏នៅតែចូលចិត្តការចម្អិន និងការដុតនំផងដែរ។
 
៦. Paulo Dybala
 
ខ្សែប្រយុទ្ធក្រុម AS Roma និងខ្សែប្រយុទ្ធក្រុមអាហ្សង់ទីន ក៏ជាកីឡាករចូលចិត្តធ្វើម្ហូបមួយរូបដែរ។ រូបគេពូកែរៀបចំអាហារសម្រន់ និងនំប៉័ងសាំងវិច។ ​ជាពិសេស Dybala តែងតែចម្អិនម្ហូបឱ្យមិត្តស្រីរបស់គេជារឿយៗ។

៧. Daniel Sturridge 
 
អតីតកីឡាករក្រុម ​Liverpool ចេះពីរបៀបធ្វើម្ហូបពីម្តាយរបស់គេ ដែលបានបង្រៀនគេអំពីមុខម្ហូបជាច្រើន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ចូលចិត្តចម្អិនអាហារមានរសជាតិហិរ ជាពិសេសអាហារដែលលាយជាមួយទឹកម្ទេសច្រលក់ និងការចម្អិនអាហារក្នុងចង្ក្រានបាយ។
 
៨. Andrew Robertson
 
ខ្សែការពារស្លាបឆ្វេង និងជាប្រធានក្រុមជម្រើសជាតិស្កុតឡែន កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅ Premier League ។ Robertson ក៏ទទួលបានការជំរុញឱ្យរៀនធ្វើម្ហូប ហើយរូបគេកំពុងតែព្យាយាមរៀន ធ្វើម្ហូបអាហារឆ្ងាញ់ៗដោយខ្លួនឯង។
 
៩. Naby Keita
 
កីឡាករវ័យ ២៨ឆ្នាំ លេងឱ្យក្រុម Liverpool រូបនេះក៏កំពុងតែចាប់ផ្តើមក្នុងការរៀនចម្អិនអាហារដោយខ្លួនឯង ក្រោយមានការជំរុញលើកទឹកចិត្តពីសំណាក់ Van Dijk និង Sturridge ដូចគ្នាដែរ។
 
១០. Kevin de Bruyne
 
​De Bruyne ជាខ្សែបម្រើដ៏ខ្លាំងបំផុតមួយប្រចាំនៅ Premier League ខណៈដែលកំពុងលេងឱ្យ Man City។ មិនត្រឹមតែល្អនៅលើទីលានឡើយ De Bruyne ក៏តែងតែបង្ហាញជំនាញចម្អិននៅក្នុងផ្ទះបាយផងដែរ។ De Bruyne ក៏ចេះដុតនំ។ រូបគេធ្លាប់ត្រូវបានដុតនំ សម្រាប់ក្រុមយុវជនបាល់ទាត់ក្នុងទីក្រុង Manchester៕
 
 

Tag:
 (Lionel Messi
  Paul Pogba)
© រក្សាសិទ្ធិដោយ thmeythmey.com