កីឡាអន្តរជាតិ
អន្តរជាតិ
Salah បំបែកកំណត់ត្រា Fowler ក្លាយជាអ្នករកគ្រាប់ច្រើនជាងគេនៅ EPL ខណៈ​ Liverpool ឈ្នះ Man Utd ៧-០
06, Mar 2023 , 10:19 am        
រូបភាព
Liverpool បានបំបាក់ក្រុម Manchester United ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៥។ Mohamed Salah ដែលរួមចំណែកស៊ុតបាន២គ្រាប់ដែរនោះ បានបំបែកកំណត់ត្រារបស់ Robbie Fowler ក្នុងនាមកីឡាករហង្សក្រហមដែលរកគ្រាប់ច្រើនជាងគេនៅលីគកំពូលអង់គ្លេស។



នាជំនួបលីគកំពូលអង់គ្លេសនៅ Anfield នាថ្ងៃទី៥ ខែមីនា ម្ចាស់ផ្ទះ Liverpool រកបានជ័យជម្នះផ្លូកទឹកផ្លូកដីលើក្រុមភ្ញៀវ Man Utd។ ទាំង៧គ្រាប់របស់ក្រុមលោក Jurgen Klopp សម្រេចបានដោយ Cody Gakpo ពីរគ្រាប់ Darwin Nunez ពីរគ្រាប់ Mohamed Salah ២គ្រាប់ និង Roberto Firmino ១គ្រាប់។
 
មិនត្រឹមជួយក្រុមទទួលបាន៣ពិន្ទុ និងអាចបំបាក់មុខក្រុមបិសាចក្រហម Salah បានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនដោយបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Robbie Fowler ដែលជាកីឡារកគ្រាប់ច្រើនជាងគេឱ្យ Liverpool ប្រចាំក្របខណ្ឌលីគកំពូលអង់គ្លេស។
 
ក្រោយរកបានពីរគ្រាប់ Salah កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះ កើនគ្រាប់ស៊ុតទី១២៩គ្រាប់ ក្នុងការបង្ហាញខ្លូន២០៥លើក ដោយបំបែកកំណត់ត្រា Fowler អតីតកីឡាករអង់គ្លេសដែលកាន់កំណត់ត្រាគ្រាប់ស៊ុត១២៨គ្រាប់សម្រាប់ហង្សក្រហម។
 
តាមរយៈជ័យជម្នះនេះបានជួយ Liverpool កើនឱកាសប្រជែង Top4  ដោយរំកិលខ្លួនឡើងទៅកាន់ចំណាត់ថ្នាក់ទី៥ក្នុងតារាង Premier League ជំនួស Newcastle United ដែលធ្លាក់ទៅលេខ៦វិញ។ ឆ្លងកាត់២៥ប្រកួត Liverpool ដោយរកបាន ៤២ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Tottenham Hotspur ចំនួន៣ពិន្ទុ ហើយសល់១ប្រកួតក្នុងដៃថែមទៀត។
 
ដោយឡែក Man Utd បានឃ្លាតឆ្ងាយគម្លាតពិន្ទុពីក្រុមកំពូលតារាង Arsenal ចំនួន១៤ពិន្ទុ ក្រោយចាញ់ Liverpool យ៉ាងអាម៉ាស់នេះ។ ក្រុមលោក Erik ten Hag ស្ថិតនៅចំណាត់ថ្នាក់ទី៣ដដែល ដោយរកបាន៤៩ពិន្ទុ ពីការប្រកួត២៥លើក។ កាំភ្លើងធំមាន៦៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត២៦លើក នាំមុខម្ចាស់ការពារតំណែងជើងឯក Manchester City ចំនួន៥ពិន្ទុ។
 
ក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោលទាំង៣មាន Everton, Southampton និង AFC Bournemouth៕
 
 

Tag:
 Premier League
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com