ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានភាពអំពីផ្ទះលោក កឹម សុខា !
06, Mar 2023 , 2:39 pm        
រូបភាព
ទិដ្ឋភាពនៅមុខផ្ទះរបស់លោក កឹម សុខា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបដោយ៖ សហការី
ទិដ្ឋភាពនៅមុខផ្ទះរបស់លោក កឹម សុខា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបដោយ៖ សហការី
ដោយ៖ ទេពញាណ

ផ្ទះរបស់លោក កឹម សុខា បានក្លាយជាកន្លែងឃុំឃាំងលោក ដោយមានសមត្ថកិច្ច ចាំឃ្លាំមើលគ្រប់២៤ម៉ោង។


 
នៅមុខផ្ទះរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មានភាពខុសប្លែកពីមុន នៅត្រង់ថា មានកងកម្លាំងសមត្ថកិច្ច នៅចាំយាមគ្រប់ពេលវេលា។ ក្រៅពីនេះ អ្វីៗនៅមានសភាពធម្ម​តា ពោលគឺ កម្លាំងសមត្ថកិច្ច នៅតែបើកផ្លូវឲ្យរថយន្ត និងប្រជាជន ធ្វើដំណើរឆ្លងកាត់ដូចកាលពីមុន។ 
 
តាមការសង្កេតមើលរបស់សហការីនៃសារព័ត៌មានថ្មីៗ ដែលចុះទៅដល់មុខផ្ទះរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ កងកម្លាំងសមត្ថកិច្ច ដែលឈរជើងនៅមុខផ្ទះរបស់លោក មានមិនច្រើនឡើយ គឺក្រោម១០នាក់ ហើយទ្វាររបងផ្ទះខាងមុខ ដែលស្ថិតនៅទិសខាងកើត ត្រូវបិទជិត។ 
 
សកម្មភាពរបស់កងកម្លាំងទាំងនោះ មានដូចជា អ្នកខ្លះអង្គុយហូបកាហ្វេនៅតូបតូច១ នៅមុខផ្ទះរបស់លោក កឹម សុខា អ្នកខ្លះ អង្គុយលើកៅអីនិយាយគ្នាលេង អ្នកខ្លះអង្គុយលើកៅអីបត់ដែលអាចទ្រេតខ្លួនបាន និងអ្នកខ្លះនៅក្នុងអង្រឹងដែលចងជាប់នឹងដើមឈើ ទៅនឹងដែករបងផ្ទះរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅពីមុខឆៀងខាងឆ្វេងនៃផ្ទះរបស់លោក កឹម សុខា។ 
 
ក្រៅពីទូរស័ព្ទផ្ទាល់ខ្លួន កងកម្លាំងខ្លះ ក៏មានអាយកូបផងដែរ។ ពួកគាត់ បង្ហាញអាការមិនចង់និយាយអ្វីទាំងអស់ មកកាន់សហការីនៃសារព័ត៌មានថ្មីៗ។ នៅពេលសួរសំណួរ ពួកគាត់បានបដិសេធមិនឆ្លើយ។  
 
លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនធ្វើអត្ថាធិប្បាយវែងឆ្ងាយឡើយ ដោយលោក ឆ្លើយមួយម៉ាត់ៗប៉ុណ្ណោះ ទៅនឹងសំណួររបស់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ។ 
 
តើសមត្ថកិច្ច ត្រូវឈរជើងនៅមុខផ្ទះរបស់ផ្ទះរបស់លោក កឹម សុខា គ្រប់២៤ម៉ោង? លោកស្នងការ ឆ្លើយថា៖«ហ្នឹងហើយ»។ 
 
តើពួកគាត់ ត្រូវផ្លាស់ប្តូរគ្នាក្នុងការទៅឈរជើងនៅមុខផ្ទះរបស់លោក កឹម សុខា? លោកស្នងការ ឆ្លើយដូចលើកទី១ដដែលថា៖«ហ្នឹងហើយ»។ 
 
តើក្រុមកម្លាំងសមត្ថកិច្ច ដែលទៅឈរជើងនៅមុខផ្ទះរបស់លោក កឹម សុខា មានប៉ុន្មាននាក់? លោកស្នងការ ឆ្លើយរៀងវែងបន្តិចថា៖«ដាក់ម៉ាសុវត្ថិភាព [ដើម្បី] ការពារ»។ 

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បង្ហោះសារលើបណ្តាញធ្វីតធ័រ (Twitter) ពីក្រៅប្រទេសថា សមត្ថកិច្ច បានដាក់កាមេរ៉ាវីដេអូ នៅនឹងខ្លោងទ្វារផ្ទះរបស់លោកឪពុក ដោយកាមេរ៉ានោះ បែរទៅខាងក្នុងបរិវេណផ្ទះ។ 
 
លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លើកឡើងថា ការឃុំលោក កឹម សុខា ក្នុងផ្ទះបែបនេះ គឺជាករណីទី១នៅកម្ពុជា។ លោក បន្តថា អគ្គនាយកដ្ឋានពន្ធនាគារ មិនមានកាតព្វកិច្ចអ្វី ដែលត្រូវធ្វើឡើយ ពាក់ព័ន្ធនឹងការឃុំលោក កឹម សុខា នៅក្នុងផ្ទះ ដ្បិតមកដល់ពេលនេះ មិនទាន់ទទួលបានគោលការណ៍ណាមួយពីថ្នាក់លើឬពីភាគីពាក់ព័ន្ធនោះទេ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«ដូចជាមិនទាន់មានបញ្ជាមកឲ្យមន្រ្តីពន្ធនាគារយើងទៅគ្រប់គ្រងផ្ទះគាត់ទេ»។ លោក និយាយដោយផ្អែកតាមសាលក្រមរបស់តុលាការថា តុលាការ បង្គាប់ឲ្យកម្លាំងនគរបាល ទទួលបន្ទុកក្នុងការការពារសុវត្ថិភាពនៅផ្ទះរបស់លោក កឹម សុខា។ 
 
មេធាវីទាំង៤រូបរបស់លោក កឹម សុខា សុទ្ធតែមិនអាចទាក់ទងបាន។ លោក មេធាវី អាង ឧត្តម និងអ្នកស្រីមេធាវី ម៉េង សុភារី មិនលើកទូរស័ព្ទ ឯលេខទូរស័ព្ទរបស់លោកមេធាវី ផែង ហេង និងលេខទូរស័ព្ទរបស់លោកមេធាវី ចាន់ ចេន មិនអាចហៅចូល។ 
 
ក្រោយតុលាការភ្នំពេញ​ ប្រកាសសាលក្រមស្តីពីការដាក់ទោសលើលោក កឹម សុខា រួចភ្លាម លោកមេធាវី អាង ឧត្តម ប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការថា ជំហរបស់ក្រុមមេធាវី គឺចង់ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវរង់ចាំការសម្រេចពីលោក កឹម សុខា ជាកូនក្តីសិន។  
 
យោងតាមសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា  ដែលមានវ័យ៦៩ឆ្នាំហើយនោះ ត្រូវជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ដោយមិនអាចចេញពីរបងផ្ទះបានឡើយ សូម្បីតែ១ជំហាន។ លើសពីនេះ លោក មិនអាចជួបអ្នកណាទាំងអស់ មិនថាជួបផ្ទាល់ ឬជួបតាមប្រព័ន្ធបច្ចេកវិទ្យា។ មានតែសមាជិកគ្រួសារទេ ដែលលោកអាចជួបឬទាក់ទងជាមួយបាន។ បើចង់ចេញពីផ្ទះ ឬចង់ជួបអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារ លោក ត្រូវទទួលការយល់ព្រមពីព្រះរាជអាជ្ញាជាមុនសិន។ 
 
កញ្ញា កឹម មនោវិទ្យា អះអាងលើ Twitter ថា លើកលែងតែសមាជិកគ្រួសាររបស់កញ្ញា និងក្រុមមេធាវី ដែលមិនត្រូវហាមឃាត់ក្នុងការជួបជាមួយលោកឪពុកខ្លួន។ កញ្ញា ប​ន្តថា បុគ្គលិកដែលបម្រើការងារនៅក្នុងផ្ទះ រួមទាំងសាច់ញាតិ និងមិត្តភក្តិ ត្រូវទទួលបានការយល់ព្រម (ពីព្រះរាជអាជ្ញា) សិន។ 
 
អ្វីដែលធ្ងន់ធ្ងរ១ទៀតសម្រាប់លោក កឹម សុខា គឺលោក ត្រូវបានតុលាការដកសិទ្ធិនយោបាយជាស្ថាពរថែមទៀត ដែលមានន័យថា លោក មិនអាចធ្វើនយោបាយអស់១ជីវិត។ 
 
រម្លឹកខ្លីទៅដល់សាវតាររឿងបន្តិចថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ តុលាការ បានចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬនិយាយឲ្យងាយយល់ គឺបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ផ្អែកលើក្រមព្រហ្មទណ្ឌកម្ពុជា បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ។ រយៈពេលប៉ុន្មានខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល ក្រោមហេតុផលថា ថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងធំជាងគេនេះ ពាក់ព័ន្ធនឹងអំពើក្បតិជាតិ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com