ជាតិ
សង្គមជាតិ
ក្រសួងការងារ កំពុងពិនិត្យលើការចុះបញ្ជិកាសហជីពរោងចក្រ ML និងរោងចក្រ Juan Jia
06, Mar 2023 , 3:22 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជូនដំណឹងពីការចុះបញ្ជិកាឱ្យសហជីពក្រុមហ៊ុនរោងចក្រ ML និងរោងចក្រ Juan Jia ។ ក្រុមសហជីពនៅរោងចក្រទាំងពីរ បានឱ្យដឹងថា ពួកគេបានដាក់ញត្តិទៅក្រសួងចំនួន ១១លើកហើយ ប៉ុន្តែត្រូវបានក្រសួងបដិសេធ ដោយលើកហេតុផលថា ញត្តិរបស់ពួកគេខុសអក្ខរាវិរុទ្ធ។



លោក កែវ វណ្ណៈ អតីតមេដឹកនាំសហជីព ដែលត្រូវបានគេបញ្ឈប់ពីការងារនៅរោងចក្រ ML ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ញត្តិរបស់ពួកគេបានដាក់មកក្រសួងការងារ ចាប់តាំងពីខែ កុម្ភៈ​ឆ្នាំ២០២២មក ពោលគឺមានរយៈពេល ១ឆ្នាំហើយ តែក្រសួងពុំបានសម្រេចការចុះបញ្ជិកាឱ្យពួកគេនោះទេ។
  

រូបភាពយកពី អង្គការសង់ត្រាល់
 
លោក វណ្ណៈ បានលើកឡើងថា ពួកគេក៏បានដាក់ញត្តិទៅក្រសួងម្ដងទៀត កាលពីថ្ងៃទី៥ មីនា ហើយក្រសួងការងារ ក៏បានទទួលញត្តិនោះ ដោយប្រាប់វិញថា ញត្តិនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបញ្ជាក់បញ្ជិកាសហជីព ក្នុងការទទួលស្គាល់ភាពស្របច្បាប់ សម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍ជាមុនសិន។ អតីតសហជីពរូបនេះ បានបញ្ជាក់ថា ក្រសួង នឹងផ្ញើញត្តិជូនត្រឡប់ឱ្យសហជីព នៅថ្ងៃទី៦ ខែមីនាវិញ។
 
លោក កែវ វណ្ណៈ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣នេះថា៖«គាត់ថាញត្តិហ្នឹង ផ្ញើជូនឱ្យពួកខ្ញុំនៅថ្ងៃនេះ តែឥឡូវ (ម៉ោង ១០: ១៥am) អត់ទាន់ឃើញគាត់ផ្ញើមកទេ»។
 
បើតាមអតីតសហជីពរូបនេះ បានរៀបរាប់ថា ដើមចមនៃការដាក់ញត្តិនេះ ដោយសារក្រុមសហជីពរបស់ពួកគេ ដែលត្រូវបានកម្មករបោះឆ្នោតឱ្យធ្វើសហជីពមានចំនួន ៣៦នាក់ តែក្រោយមក ក៏ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារជាបន្តបន្ទាប់។ បច្ចុប្បន្នមានសហជីពនៅសល់តែ ១៥នាក់ប៉ុណ្ណោះ។ 
 
លោក កែវ វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ពួកខ្ញុំដាក់ញត្តិចុះបញ្ជីកានេះ ដើម្បីជួយការពារកម្មករ នៅពេលដែលថៅកែបញ្ឈប់កម្មករដោយគ្មានហេតុផលណាមួយ ។ ឥឡូវនៅក្នុងរោងចក្រនេះ សហជីពពុំទាន់បានចុះបញ្ជិកា ដូច្នេះពេលដែលមានបញ្ហាជាមួយរោងចក្រ ពួកខ្ញុំតវ៉ាមិនឈ្នះគេនោះទេ»។
 
ក្រុមសហជីពរោងចក្រ ML បានដាក់ចុះបញ្ជិកាទៅក្រសួងការងារចំនួន ១១ដងហើយ ប៉ុន្តែត្រូវបានក្រសួងបដិសេធ ដោយអះអាងថា ញត្តិរបស់ពួកគេខុសអក្ខរាវិរុទ្ធ។ នេះបើតាមលោក វណ្ណៈ ដោយបន្តថា ការចុះបញ្ជីការនេះ ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ ដល់កម្មករ ព្រោះពួកគេចង់បានសហជីព ដើម្បីដោះស្រាយបញ្ហាជាមួយភាគីរោងចក្រ។ 
បច្ចុប្បន្ន រោងចក្រ ML មានកម្មករ-កម្មការិនីប្រមាណ ៣០០នាក់ ដែលកំពុងបំពេញការងារ។
 
លោក ឡេង ព្រំដែន ប្រធានសហជីពប្រចាំនៅរោងចក្រ Juan Jia ខេត្តព្រះសីហនុវិញ ក៏បានដាក់ញតិ្តចុះបញ្ជិកាឱ្យសហជីព ដើម្បីងាយស្រួលដោះស្រាយបញ្ហាជូនកម្មករក្នុងរោងចក្រ។ 
លោក ព្រំដែន បានលើកឡើងថា កន្លងមក កម្មករមួយចំនួន ត្រូវបានថៅកែរោងចក្រដកចោល ដោយមិនបានសួរពីមូលហេតុ។ លោកបញ្ជាក់ថា៖« បើគេមិនពេញចិត្ត គេដកចោលភ្លាមៗតែម្ដង ទោះជាកម្មករនៅក្នុងកុងត្រា ឬមិននៅកុងត្រាក៏គេបញ្ឈប់ពួកគាត់ដែរ »។
 
រោងចក្រ Juan Jia មានកម្មករជាង ៣០០នាក់ ក្នុងនោះមានសហជីព ១៣០នាក់  តែត្រូវបានថៅកែរោងចក្របញ្ឈប់អស់ប្រមាណ ៦០នាក់ហើយ ដែលមិនបានបង់សំណងឱ្យពួកគេនោះទេ គឺបើកតែបា្រក់ឈ្នួលចុងក្រោយ និងប្រាក់ ៥ភាគរយតែប៉ុណ្ណោះ។ នេះបើតាមលោក ឡេង ព្រំដែន។
 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លី តាមបណ្ដាញតេឡេក្រាមថា មន្រ្តីជំនាញកំពុងពិនិត្យលើញត្តិដែលបានដាក់ទៅនេះ៕
 
 

Tag:
 ចុះបញ្ជិកា
  សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com