ជាតិ
មន្ត្រីជាន់ខ្ពស់វប្បធម៌ ហាមពលរដ្ឋកុំយកមរតកអរូបី ទៅឈ្លោះជាមួយប្រទេសដទៃ តែត្រូវប្រឹងថែរក្សា
06, Mar 2023 , 6:09 pm        
រូបភាព
ភ្នំពេញ៖ទោះប្រទេស​ដទៃ​ ស្នើ​មរតក​វប្បធម៌​អរូបី​ដែល​មាន​ភាព​ស្រដៀង​ ឬ​ដូច​មរតក​វប្បធម៌ខ្មែរ​​ ទៅអង្គការ​យូណេស្កូ ដើម្បី​ចុះ​​ក្នុង​បញ្ជី​មរតក​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ក៏មិនត្រូវខឹងគេដែរ។ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​ សង្កត់​ធ្ងន់​ថា គោល​ការ​របស់​អង្គការ​យូណេស្កូ មិន​លើក​ទឹក​ចិត្ត​ឱ្យរដ្ឋ​ភាគី យក​មរតក​វប្បធម៌​អរូបី​ ទៅ​ធ្វើ​ជា​ដើម​ភ្លើង​ឈ្លោះគ្នា​ឡើយ​។



លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ស្រាយ​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ប្រជាជន​ទូទៅ​តែង​តែ​ខ្លាច​បាត់ អ្វី​ដែល​ជា​អត្តសញ្ញាណ​ខ្លួន​។ ប៉ុន្តែ​មរតក​វប្បធម៌​អរូបី​ ​ជា​ទូទៅគឺ​មាន​ចរន្ត​ឆ្លង​ទៅ​ឆ្លង​មក ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ មាន​ន័យ​ថា​ ពេល​ប្រទេស​មួយ​ បាន​​ឃើញ​វប្បធម៌​ក្នុង​ប្រទេសមួយ​​ផ្សេង​​ទៀត​ខ្ពង់​ខ្ពស់​ ប្រទេស​នោះ​ក៏​យក​វប្បធម៌​នោះ​ទៅ​​ធ្វើ​តាម​។ ហើយ​​​វប្បធម៌​ទាំង​នោះ​ ត្រូវបានអ្នក​​ភូមិថែរក្សា​បាន​​ច្រើន​ជំនាន់​ គេ​ក៏​កំណត់​ថា ​​ជា​វប្បធម៌​អត្តសញ្ញាណ​របស់​ជាតិ​គេ​។
 
លោក​បន្ថែម​ទៀត​​ថា វប្បធម៌អរូបី​​ខ្លះ ​ប្រទេស​(ក)​ជា​អ្នក​រក​ឃើញ ឬ​បង្កើត​ឡើង​ ហើយ​វា​បាន​ផ្សាយ​ឥទ្ធិពល​ទៅ​គ្រប់​ទិស​ទី។ ពេល​ខ្លះ​ប្រទេសដែល​បង្កើត​វប្បធម៌​នោះ​ ​ពុំ​អាច​ថែរក្សា​បាន​​គង់​វង្ស​ ហើយ​​ក៏​បាត់​បង់​ទៅវិញ​​ក៏មាន​​​។ រីឯ​​​ប្រទេស​ដែល​រង​ឥទ្ធិពល​ គេ​ប្រឹង​ថែរក្សា​បាន​យូរអង្វែង​ គេ​ក៏​ចាត់​ទុក​ថា​នោះ​គឺ​ជា​វប្បធម៌​​របស់​គេ​​​​​​។ ចុង​បំផុត​ទៅ​ប្រទេស​រង​ឥទ្ធិពល​ បាន​យក​វប្បធម៌​នោះ​ ទៅ​ស្នើ​ចុះ​បញ្ជី​ក្នុង​អង្គការ​យូណេស្កូ ជា​មរតក​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ក៏​​មាន​ដែរ​​។ ត្រង់​ចំណុច​នេះ​ លោក​ សុភារិទ្ធ ​ថា​គួរ​តែ​លើក​សរសើរ ​ចំពោះ​ប្រទេស ​ដែល​នៅ​រក្សា​​មរតក​អរូបីនោះ​បាន ព្រោះ​មរតក​អរូបី​ងាយ​នឹ​ង​បាត់​បង់​ណាស់​។
 
«មែនទែន​គួរ​សរសើរ​វិញទេ​។ សរសើរ​ថា​សហគមន៍​នោះ​នៅ​​រក្សាបាន​​គង់​វង់។ សហគមន៍​នោះ​ខ្សោយ ប៉ុន្តែ​គាត់​បាន​លើក​តម្កើង​។ យើង​គួរ​លើក​សរសើរ​ ព្រោះ​មរតក​វប្បធម៌​អរូបី​ ងាយ​នឹង​បាត់​​ណាស់​។ សម័យ​នេះ​​មាន​ទូរសព្ទទំនើប មាន​ហ្វេសប៊ុក​អីទៀត មនុស្ស​កាន់​តែ​ឈប់​គិត​រឿង​វប្បធម៌​ទៀត​»។ នេះ​ជា​ការ​មើលឃើញ​របស់​លោក សុភារិទ្ធ​។
 
លោក ស៊ីយ៉ុន សុភារិទ្ធ ក៏​បាន​បញ្ជាក់​ថា ​​គោល​ការ​របស់អង្គការ​​យូណេស្កូ ​មិន​លើក​ទឹក​ចិត្ត​ឱ្យប្រជាជន​ ក្នុង​រដ្ឋ​ភាគី​​​យក​វប្បធម៌​អរូបី ទៅ​បង្កើត​ជា​ភ្លើង​ជម្លោះ​ឡើយ​។ ជាពិសេស​ បើ​រដ្ឋ​ភាគី​ណាសរសេរ​បញ្ជាក់​ថា “Origin” ប្រភពដើម ឬ​ជា​ម្ចាស់ ក្នុង​ឯកសារ​​(មរតក​វប្បធម៌​អរូបី​) ដែល​​ស្នើ​សុំចុះបញ្ជី​​នោះ ​យូណេស្កូ​​ នឹង​មិន​ដាក់​បញ្ជូលមរតកវប្បធម៌​អរូបី​នោះ​ ទៅ​​ក្នុង​បញ្ជីមរតក​មនុស្ស​ជាតិ​​តែ​ម្ដង​។
 
«គេ​មិន​ឱ្យ​ប្រើ​ពាក្យ​នេះ(“Origin”) ព្រោះ​ធម្មតា​វប្បធម៌​អរូបី​ វា​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​​។ ឥឡូវ​យើង​គិត​ទៅ​មើល​ បើ​វប្បធម៌​អរូបី​មិន​ឆ្លង​ ម្ដេច​​សង្ក្រាន្ត​មាន​​នៅ​គ្រប់​ស្រុក​? ហើយ​មិន​អាច​និយាយ​បាន​ថា អានេះ​របស់​ខ្ញុំ​ ហើយ​អានោះ​របស់​គេ​ទេ​។ ដូច្នេះ​វា​មិន​គួរ​ជា​រឿង​ទំនាស់​អ្វី​ទេ​»។ នេះ​ជា​ការ​ពន្យល់​បន្ថែ​ម​របស់​លោក សុភារិទ្ធិ​។ 
 
ឆ្លៀត​ក្នុង​ឱកាស​នេះ លោក សុភារិទ្ធ ក៏​បាន​ពន្យល់​​ផង​ដែរ ​ពី​ការ​ស្នើ​សុំ​ចុះ​បញ្ជី​”ក្រមា”​ទៅ​ក្នុង​មរតក​វប្បធម៌​អរូបី​នៃ​មនុស្ស​ជា​តិ ​នៃ​អង្គការ​យូណេស្កូ។​ លោកថា​ក្នុង​គោល​ការ​របស់អង្គការ​​យូណេស្កូ បើ​ខ្មែរ​ដាក់​”ក្រមា” ​ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្ស​ជាតិ​បាន​ហើយ​ ខាង​ថៃ​ក៏​គេ​អាច​ដាក់​បាន​ដែរ ដោយ​គេ​គ្រាន់​តែ​យក​បញ្ជី​ចូល​ភ្ជាប់​ទៅ​រឿង​នោះ​។ ទោះ​ជាយ៉ាង​ណា ប្រសិន​បើ​ថៃ​មិន​ចង់​ចូល​រួម​ជា​មួយ​កម្ពុជា​ទេ ថៃ​អាច​ដាក់​ស្នើ​សុំ​ចុះ​បញ្ជី​តែ​ឯង​​ក៏​បាន​។ 
 
អគ្គនាយក​បច្ចេកទេស​វប្បធម៌​ បន្ថែម​៖«ចំណុច​សំខាន់​ខ្លាំងនោះ ​មរតក​វប្បធម៌​អរូបី មាន​នៅ​ក្នុង​ស្រុក​ផ្សេង​ៗគ្នា​ មាន​ភាព​​ប្រហែល​​គ្នាខ្លះ​ ដូច​គ្នាខ្លះ និង​លក្ខណៈ​ដោយ​ឡែក​គ្នា​ខ្លះ​។ ដោយ​សារ​តែ​វា​ឆ្ងង​ទៅ​ឆ្លង​មក​នោះ​ឯង​ យើង​អាច​ស្នើ​សុំ​ចុះ​បញ្ជី​ដាច់​ដោយ​ឡែក​ក៏​បាន​ ឬ​ស្នើ​ចុះ​ចម្រុះ​ជាតិ​សាស្ត្រ​ក៏​បាន​។ កន្លង​មក​យើង​ធ្លាប់​​ស្នើ​​​សុំ​ចុះ​បញ្ជី​ចម្រុះ​ជាតិ​សាស្ត្រដែរ​ ដូចជា​”ទាញ់​ព្រ័ត្រ” មាន​កម្ពុជា វៀតណាម ហ្វីលីពីន និង​កូរ៉េ»។  
 
យ៉ាង​ណា​ក៏ដោយ​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​​បច្ចេក​ទេស​វប្បធម៌ លោក ស៊ីយ៉ុន សុភារិទ្ធ អំពាវ​នាវ​ដល់​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​ និងអ្នក​លេង​​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុកជា​ដើម​​ សូមមេត្តា​កុំ​យក​មរតក​វប្បធម៌​អរូបី​ ទៅ​ធ្វើ​ជា​រឿង​នាំ​ឱ្យ​ឈ្លោះទាស់​ទែង​គ្នា។ ​
 
បន្ថែម​ពី​នោះ​លោក​ ស៊ីយ៉ុន សុភារិទ្ធ ថា ​ប្រសិ​ន​បើ​ប្រជាជន​ខ្មែរ​ពិសេស​យុវជន​ ចង់ថែរក្សា​កេរ​ដូន​តា​ ​ដែលជា​អត្តសញ្ញាណ​ជាតិ ត្រូវ​តែ​​ខំ​ប្រឹង​លើក​តម្កើង​ និង​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​តម្លៃ ប៉ុន្តែ​មិន​មែន​ផ្សព្វ​ផ្សាយ​ពី​តម្លៃ​របស់​ខ្លួន ​ដើម្បី​ឱ្យ​មាន​ការ​ឈ្លោះ​គ្នា​រវាង​ជាតិ​សាស្ត្រ​ផ្សេង​ៗ​ទេ គឺ​ត្រូវ​​ផ្សព្វ​ផ្សាយ​ពី​តម្លៃ​ ដើម្បី​ឱ្យមាន​ការ​រួម​គ្នា​​ថែរក្សា​។
 
«“កិច្ច​ការ​ពារ​វប្បធម៌​ គឺ​ជា​ភារកិច្ច​របស់​យើងគ្រប់​គ្នា​” ដែល​ក្រសួង​តែង​តែ​ផ្សព្វ​ផ្សាយ​។ ក្រសួង​វប្បធម៌​ធ្វើ​តែ​ឯង​ ក៏​មិន​គ្រប់​ដែរ បើ​អាជ្ញាធរ​ដែន​ដី​មិន​ចូល​រួម​សហការ។ ហើយ​បើ​មាន​តែ​អាជ្ញាធរ​ដែន​ដី ​ក៏​មិន​គ្រប់​ដែរ បើ​មិន​មាន​អ្នក​ភូមិ​ចូល​រួម។ មរតក​មាន​មួយ​ ប៉ុន្តែ​ការ​ចូល​រួម​ ត្រូវ​តែ​ទៅ​ទាំង​អស់​គ្នា​»។ នេះ​ជា​ការ​សង្កត់​ធ្ងន់​របស់​លោក ស៊ីយ៉ុន សុភារិទ្ធ​។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក សុភារិទ្ធ ក៏​ទទួលស្គាល់​ដែរ​ថា យុវជន​ខ្មែរ​​នៅ​មិន​ទាន់​បាន​យល់​ពី​តម្លៃ​ មរតក​វប្បធម៌​ ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្លួន​ បាន​ច្បាស់លាស់​នៅ​ឡើយ​​​។ លោក​ថា​ដើម្បី​ឱ្យ​យុវជន​យល់​ច្បាស់​​ថា មរតក​វប្បធម៌​ជាតិ​មាន​តម្លៃ ក្រសួង​វប្បធម៌​មាន​នយោបាយ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​​មធ្យោបាយ។ នយោបាយ​គឺ​នាំ​យក សិល្បៈ​វប្បធម៌​ ទៅ​ជូន​ប្រជាជន​​។
 
«​បើ​គាត់​មិន​ស្គាល់​ខ្មុក​មុខ​យ៉ាង​ម៉េច​ផង តើ​គាត់​ទៅ​ការពារ​យ៉ាង​ម៉េច​​។ បើ​គាត់​មិន​យល់​ន័យ​ គាត់​ថែរក្សា​បាន​យ៉ាង​ម៉េច​? ​អ្នក​ខ្លះ​ទិញ​ហូល​ពិដាន​ទៅ​ស្លៀក។ អត់​យល់​ន័យ​។ ហូល​ពិដាន​មាន​ន័យ​ខ្ពង់​​ខ្ពស់​។ នេះ​គឺ​ជា​បញ្ហា​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ ខ្ញុំទទួល​ស្គាល់​។ ខ្ញុំ​បាន​ឃើញ​អង្គការ​ និង​ក្រុម​ដែល​បាន​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ហ្នឹង​ដែរ ប៉ុន្តែ​មិន​សូវ​ជា​មាន​អ្នក​មើល​ប៉ុន្មាន​ទេ​។

ឧទាហរណ៍​អង្គការ​មួយ​ឈ្មោះ “យសោធរ​” ផ្សព្វ​ផ្សាយ​អំពី​ប្រពៃណី ទំនៀម​ទម្លាប់​ ក្នុង​គេហទំព័រ និង​មាន​បោះ​ពុម្ព​ជា​សៀវ​ភៅ ប៉ុន្តែ​សួរ​ថា​មាន​អ្នក​មើល​ប៉ុន្មាន​? នេះ​ជា​ចំណោទ​បញ្ហា?​ យល់​តម្លៃ​ទៅ​បាន​ មិន​មែន​គេ​យក​តម្លៃ​នោះ​ទៅ​ដាក់​ក្នុង​ភ្នែក ត្រចៀក ចិត្ត​ ឯណាកើត​។ ទាល់​តែ​អ្នក​នោះ​ទៅ​ខំ​ស្វែង​យល់​ដែរ​។ របស់​មួយ​ថ្លៃ​បាន​ ទាល់​តែ​មាន​អ្នក​ឱ្យ​តម្លៃ​»៕  
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  មរតក​
  អង្គការ​យូណេស្កូ
  វប្បធម៌​អរូបី
© រក្សាសិទ្ធិដោយ thmeythmey.com