កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Blackpool ម្នាក់ស្លាប់ក្នុងជម្លោះមួយបន្ទាប់ពីការប្រកួតទល់ ​Burnley
07, Mar 2023 , 1:59 pm        
រូបភាព
ក្លិប Blackpool ស្ថិតនៅក្របខណ្ឌទី២ Championships របស់អង់គ្លេស បានប្រកាសពីការស្លាប់របស់អ្នកគាំទ្រខ្លួនម្នាក់ ក្រោយហេតុការណ៍ជម្លោះក្នុងទីតាំងហាងបា (Bar) មួយកន្លែង បន្ទាប់ពីការប្រកួតលីគរវាង Blackpool ទល់​ Burnley  កាលពីថ្ងៃទី៤ ខែមីនា។



អ្នកគាំទ្រឈ្មោះ Toney Johnson វ័យ៥៥ឆ្នាំ ត្រូវបានរកឃើញថាស្លាប់ដោយរងរបួសត្រង់ក្បាលធ្ងន់ធ្ងរនៅក្រៅហាងបាជាប់មាត់សមុទ្រមួយកន្លែងក្នុងទីក្រុង Blackpool។ 
 
ក្រោយទទួលបានដំណឹងអំពីការស្លាប់របស់អ្នកគាំទ្រ ក្លិប​ Blackpool បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបង្ហោះសាររំលែកទុក្ខដល់ក្រុមគ្រួសារបុរសម្នាក់នោះ។
 
«Blackpool FC ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ហើយក៏សោកស្តាយក្រោយបានដឹងពីព័ត៌មានថាអ្នកគាំទ្រ ​Tony Johnson ដែលបានស្លាប់បាត់បង់ជីវិតកាលពីព្រឹកមិញនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ក្លិប Blackpool។
 
ចំពោះការស្លាប់របស់បុរសវ័យ ៥៥ឆ្នាំ មន្ត្រីប៉ូលិសក្នុងតំបន់ ​Lancashire បានចាប់ខ្លួនបុរសវ័យ ៣៣ឆ្នាំម្នាក់ នៅកន្លែងកើតហេតុ ដោយសង្ស័យថាបានបង្កហេតុ និងកំពុងតែដាក់ឱ្យស្ថិតនៅក្នុងការឃុំខ្លួន។
 
រំលឹកទៅការប្រកួតរវាង Blackpool ទល់នឹង Burnley បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ០​-០ តែប៉ុណ្ណោះ។ Blackpool ក្នុងក្របខណ្ឌ Championships ពួកគេជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២២ ដោយឆ្លងកាត់ ៣៥ប្រកួតរកបានត្រឹមតែ ៣២ពិន្ទុ។ 
 
ចំណែក Burnley ជាក្រុមស្ថិតនៅកំពូលតារាង ឆ្លងកាត់ ៣៥ប្រកួតមាន ៧៧ពិន្ទុ ដែលរំពឹងវិលត្រលប់ឡើងមកកាន់ក្របខណ្ឌ Premier League សារជាថ្មីនៅរដូវកាលក្រោយ។ Burnley ស្ថិតក្រោមការដឹកនាំរបស់លោក Vincent Company អតីតខ្សែការពារក្រុម Manchester City៕
 

Tag:
 Burnley
  Blackpool
  Championships
© រក្សាសិទ្ធិដោយ thmeythmey.com