ជាតិ
រដ្ឋមន្ត្រីអប់រំឱ្យអាណាព្យាបាលតាមដានកូនលេងទូរស័ព្ទ និងត្រូវជំរុញកូនអានសៀវភៅ
07, Mar 2023 , 2:39 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាសន្និសីទសារព័ត៌មានស្ដីពីទិវាជាតិអំណានលើកទី៨។ រូបភាព capture ពីទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាសន្និសីទសារព័ត៌មានស្ដីពីទិវាជាតិអំណានលើកទី៨។ រូបភាព capture ពីទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា។
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យអាណាព្យាបាលសិស្ស ត្រូវត្រួតពិនិត្យកូនៗរបស់ពួកគេ ជាពិសេសកុំឱ្យលេងហ្គេម។


ការណែនាំខាងលើរបស់រដ្ឋមន្ត្រី ធ្វើឡើងនាសន្និសីទសារព័ត៌មានស្ដីពី «វេទិកាជាតិអំណាន» នៅថ្ងៃ០៦មីនា។ នាវេទិកានោះលោកមានប្រសាសន៍ដូច្នេះ៖«នៅក្នុងសាលារៀនគឺគ្រូប្រៀបប្រដៅ ហើយត្រួតពិនិត្យ(ការលេងតាមទូរស័ព្ទ)បាន តែនៅផ្ទះគ្រូមិនអាចត្រួតពិនិត្យបាន។ ព្រោះការលេងហ្គេមនេះមិនត្រឹមតែរំខានការរៀនសូត្រទេ តែធ្វើឱ្យជក់។ ញៀននឹងលេងហ្គេម នឹងធ្វើឱ្យប៉ះពាល់លើការសិក្សា»។ 
 
ដោយហួសពីដែនសមត្ថកិច្ចរបស់គ្រូ រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ អំពាវនាវដល់អាណាព្យាបាលសិស្សានុស្សិសទាំងអស់ ហាមពួកគេកុំឱ្យលេងហ្គេម។ ជំនួសដោយការប្រើប្រាស់ទូរស័ព្ទលេងហ្គេមនោះ រដ្ឋមន្ត្រីរូបនេះណែនាំឱ្យអាណាព្យាបាល ជំរុញកូនៗរបស់ពួកគេឱ្យអានសៀវភៅ។ 
 
ការជំរុញនេះរបស់រដ្ឋមន្ត្រីរូបនេះ ក្នុងន័យបង្កើតទម្លាប់ការអាន។ លោកបញ្ជាក់ថា៖«ទាមទារឱ្យទៅផ្ទះវិញ ឪពុកម្ដាយត្រូវណែនាំឱ្យកូនហ្នឹងអានសៀវភៅបន្ថែម ហើយឪពុកម្ដាយឧស្សាហ៍សួរនាំទៅកូន ដើម្បីឱ្យកូនមានទម្លាប់អាន ហើយនិងការចូលបណ្ណាល័យ»។ 
 
ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យអាណាព្យាបាលនាំកូនៗរបស់ពួកគេ ឱ្យចូលរួមក្នុងទិវាជាតិអំណានលើកទី៨នេះ ដែលមានការតាំងពិព័រណ៍គ្រប់កម្រិតផងដែរ។ ទិវាជាតិអំណាននេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ 
 
នៅឆ្នាំនេះទិវាជាតិអំណាន ធ្វើឡើងក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបដិវត្តកម្មវិស័យអប់រំ»។ ក្នុងទិវានេះ ក៏មានការតាំងពិព័រណ៍សៀវភៅចំនួន៣ថ្ងៃផងដែរ ពីចាប់បីថ្ងៃទី១០ ដល់ទី១២ ខែមីនាផងដែរ។ ក្នុងឆ្នាំនេះ ទិវាជាតិអំណាន នឹងមានការចូលរួមតាំងពិព័រណ៍ចំនួន១១០ស្តង់ មកពីស្ថាប័ន៨៧​ស្ថាប័ន៕ 
 
 

Tag:
 ThmeyThmey
  ទិវាជាតិអំណាន
  ជំរុញការអាន
  ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com