កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ១៦ក្រុម ជើងទីពីរ៖​ Chelsea សម្លឹងកៅអីវគ្គបន្តដោយទទួល Dortmund ឯ Benfica ស្វាគមន៍ Club Brugge
07, Mar 2023 , 6:19 pm        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ក្លិបកំពូលប្រចាំអឺរ៉ុប UEFA Champions League វគ្គ១៦ ជើងទីពីរចាប់ផ្តើមការប្រកួតចំនួន ២គូក្នុងរាត្រីថ្ងៃទី៧ ខែមីនានេះ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។ ក្រុម ​SL Benfica ស្វាគមន៍ក្រុម Club Brugge ខណៈដែល Chelsea កំពុងស្វែងរកកៅអីវគ្គបន្តយ៉ាងតឹងតែងដោយស្វាគមន៍ Borussia Dortmund​។



ការប្រកួតជើងទីពីរធ្វើឡើងនៅទឹកដីកីឡដ្ឋាន ​Estadio da luz ប្រទេសព័រទុយហ្កាល់វេលាម៉ោង ៣យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ កាលពីជើងទីមួយនៅទឹកដីប្រទេសបែលហ្ស៊ិក ក្រុមភ្ញៀវ Benfica បានយកឈ្នះ Club Brugge លទ្ធផល ២-០ ដែលលទ្ធផលនេះធ្វើឱ្យក្រុមមកពីព័រទុយហ្កាល់មានប្រៀបក្នុងការប្រកួតជើងទីពីរ។ 


 
មុនការប្រកួតមកដល់ Benfica ជាម្ចាស់ផ្ទះបានឆ្លងកាត់ការប្រកួតចំនួន ៤លើករួចមកហើយ ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់ ដើម្បីជំរុញទឹកចិត្តពួកគេប្រជែងក្នុងពាន UCL នេះ។ ចំណែក Club Brugge វិញឆ្លងកាត់ការប្រកួតចំនួន ៦លើកចុងក្រោយមុនមកដល់ការប្រកួតនេះ ពួកគេរកបានជ័យជម្នះត្រឹមតែ ១លើកប៉ុណ្ណោះ។ 
 
​ការប្រកួតរវាងក្រុមទាំងពីរនេះនៅជើងទីពីរ ក្លាយជាការប្រកួតទី២ហើយ ដែលក្រុមទាំងពីរមានប្រវត្តិសាស្រ្តជួបគ្នាក្នុងពានរង្វាន់ UCL។ បច្ចុប្បន្ន Benfica កំពុងតែបង្ហាញទម្រង់លេងល្អរបស់ខ្លួនយ៉ាងខ្លាំងទាំងនៅការប្រជែងក្នុងលីគ និងក្របខណ្ឌផ្សេងៗក្នុងប្រទេសព័រទុយហ្កាល់ ស្របពេល ​Club Brugge ហាក់មានទម្រង់ធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ។
 
ចំណែកការប្រកួតនៅទឹកដី Stamford Bridge តោខៀវ Chelsea ដែលរងបរាជ័យនៅជើងទីមួយ លទ្ធផល ១-០ នៅទឹកដីប្រទេសអាល្លឺម៉ង់​ ត្រូវទទួលស្វាគមន៍ក្រុមគូប្រកួត Borussia Dortmund។
  


Chelsea ស្ថិតក្រោមការដឹកនាំរបស់លោក Graham Potter បច្ចុប្បន្នកំពុងតែជួបបញ្ហា បើទោះបីជាក្លិបបាននាំចូលកីឡាករថ្មីច្រើនមកចូលរួមក្តី។ ចំណាយលុយច្រើនមិនទាន់រកឃើញប្រសិទ្ធភាពនៅឡើយង ខណៈ Chelsea នឹងឆ្លងកាត់ការប្រកួតដ៏តានតឹងទល់ ​​​Dortmund ជើងខ្លាំងមកពីអាល្លឺម៉ង់ថែមទៀត។
 
កាលពីជើងទីមួយកីឡាករ Karim Adeyemi បានស៊ុតគ្រាប់បាល់មួយគ្រាប់បានកែប្រែលទ្ធផលការប្រកួតដោយស៊ុតបាល់ចូល​ ១គ្រាប់នាជំនួបក្នុងកីឡដ្ឋាន Signal Iduna Park កាលពី ៣សប្តាហ៍មុននៃជំនួបជើងទីមួយជួយឱ្យ ​Dortmund មានប្រៀបខ្លាំងជាងលើ Chelsea។
 
ការប្រកួតនៅទឹកដីអង់គ្លេស ​Chelsea ឆ្លងកាត់ ៦ប្រកួតចុងក្រោយមកនេះរកបានជ័យជម្នះទើបតែម្តងប៉ុណ្ណោះដោយកាលពីថ្ងៃទី៤ ខែមីនា ឈ្នះ Leeds United លទ្ធផល​ ១-០។
កៅអីគ្រូបង្វឹកនៅក្លិបតោខៀវរបស់លោក Graham Potter កំពុងតែមានកម្តៅខ្លាំងក្រោយដឹកនាំក្រុមមិនបានល្អ បើទោះបីក្រុមបានចាយលុយនាំយកកីឡាករល្អៗជាច្រើនមកចូលរួមក្រុម។ ការប្រកួតទល់ Dortmund នៅ UCL លើកនេះអាចក្លាយជាការពិសោធន៍ចុងក្រោយសម្រាប់សមត្ថភាពដឹកនាំរបស់លោក Potter៕
 

Tag:
 UEFA Champions League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com