អន្តរជាតិ
ហេតុអ្វីកូរ៉េខាងត្បូងសុខចិត្តប្រមូលលុយសងជនរងគ្រោះដោយសារការបង្ខំពលកម្ម?
07, Mar 2023 , 7:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចាប់ដៃនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នាជំនួបកន្លងមក។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចាប់ដៃនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នាជំនួបកន្លងមក។ រូបថត AFP
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមីនា ប្រកាសបង្កើតមូលនិធិមួយដែលនឹងកៀរគរលុយសងជំងឺដល់ជនរងគ្រោះដោយសារការបង្ខំធ្វើការសម័យអាណានិគមជប៉ុន។ តាមពិតទៅ រឿងសំណងនេះ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ក្ដីឱ្យក្រុមហ៊ុនជប៉ុនដែលពាក់ព័ន្ធជាអ្នកសងទៅវិញទេ ប៉ុន្តែទីក្រុងតូក្យូមិនអើពើ។ តើមានអ្វីនៅពីក្រោយការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលសុខចិត្តរកវិធីប្រមូលុយសំណងដោយខ្លួនឯង ទាំងដែលជនរងគ្រោះមិនពេញចិត្តផងនោះ?

 
ការចាប់បង្ខំឱ្យធ្វើការពីសំណាក់ក្រុមហ៊ុនជប៉ុនសម័យអាណានិគម ជាប្រធានបទក្ដៅមួយក្នុងទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។ ក្នុងឆ្នាំ២០១៨ ជនរងគ្រោះកូរ៉េខាងត្បូង១៥នាក់ បានឈ្នះក្នុងតុលាការកូរ៉េខាងត្បូងដោយផ្ទាល់លើបណ្ដឹងទារសំណងពីជប៉ុន។ ប៉ុន្តែជប៉ុនបានបដិសេធដាច់ណាត់មិនផ្ដល់សំណងណាមួយឡើយ ហើយអះអាងថា រឿងនេះត្រូវបានដោះស្រាយស្រេចបាច់ហើយកាលពីឆ្នាំ១៩៦៥ ពេលប្រទេសទាំង២ចាប់ផ្ដើមចំណងការទូត។
 
ដោយសារជប៉ុនមិនព្រមធ្វើតាម រដ្ឋបាលប្រធានាធិបតី យូន សុក យ៉ល ក៏សម្រេចបង្កើតមូលនិធិមួយនឹងផ្តល់សំណងដល់ពលករដែលត្រូវបានចាប់បង្ខំកម្លាំងពលកម្ម តាមរយៈការប្រមូលលុយពីប្រភពនានា និងវិស័យឯកជនក្នុងស្រុករបស់កូរ៉េខាងត្បូងផងតាមគោលការណ៍ស្ម័គ្រចិត្ត។ បើតាមរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ផាក ជីន ក្រុមហ៊ុនជប៉ុនដែលជាចុងចោទក្នុងករណីនេះ អាចផ្ដល់សំណងដោយស្ម័គ្រចិត្តបានដូចគ្នា។
 
យ៉ាងណាមិញ ក្រុមជនរងគ្រោះ មិនពេញចិត្តនឹងរឿងនេះឡើយ ព្រោះគ្មានក្រុមហ៊ុនជប៉ុនដែលត្រូវបានតុលាការកូរ៉េខាងត្បូងបញ្ជាឱ្យផ្ដល់សំណង។ បក្សប្រឆាំងកូរ៉េខាងត្បូង ក៏រិះគន់ចំពោះការសម្រេចចិត្តនេះដែរ។
 
បំភ្លេចដំបៅប្រវត្តិសាស្រ្ត ហើយសម្លឹងទៅមុខ? 
 
«រដ្ឋាភិបាលរបស់យើងសម្រេចចិត្តដ៏ទូលាយដើម្បីរកច្រកចេញក្នុងការពង្រឹងទំនាក់ទំនងដែលមិនសូវល្អជាមួយជប៉ុន»។ នេះជាការប្រកាសរបស់លោក ផាក ជីន នៅថ្ងៃទី៦ ខែមីនា។​ 
 
ច្បាស់ណាស់ គោលដៅសំខាន់នៃគំនិតផ្ដួចផ្ដើមនេះ គឺកែប្រែទំនាក់ទំនងជាមួយជប៉ុន ដោយទុករឿងអតីតកាលឈឺចាប់មួយអន្លើសិន។​ ដូចដឹងស្រាប់ ក្រៅពីរឿងកម្លាំងពលកម្មបង្ខំដែលពាក់ព័ន្ធមនុស្សប្រមាណ៨៧ម៉ឺននាក់នោះ កូរ៉េខាងត្បូង និងជប៉ុនក៏មានរឿងមួយ គឺការចាប់បង្ខំស្រ្តីកូរ៉េខាងត្បូងឱ្យបម្រើផ្លូវភេទយោធាជប៉ុនកាលពីសម័យសង្រ្គាមថែមទៀត។
 
រដ្ឋបាលប្រធានាធិបតី យូន ទំនងជាមិនអាចបណ្ដោយឱ្យបញ្ហាប្រវត្តិសាស្រ្តមកយាយីទំនាក់ទំនងទ្វេភាគីឡើយ។ ការស្ដារទំនាក់ទំនងជាមួយអ្នកជិតខាងមួយនេះ​ ស្ថិតក្នុងគោលដៅអាទិភាពនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក យូន ដើម្បីដោះស្រាយបញ្ហាជាច្រើន។
 
«មួយសតវត្សរ៍ក្រោយចលនាឯករាជ្យ១មីនា​ ជប៉ុនប្រែពីអ្នកឈ្លានពានយោធានិយមក្នុងអតីតកាលទៅជាដៃគូមួយដែលមានគុណតម្លៃជាសាកលដូចយើង។» នេះជាការលើកឡើងរបស់លោក យូន កាលពីថ្ងៃទី១ ខែមីនា ដែលរំឭកដល់ការទាមទារឯករាជ្យពីជប៉ុន។ សម្ដីនេះរបស់លោក យូន បង្ហាញច្បាស់ពីផ្លូវដើររបស់កូរ៉េខាងត្បូងក្នុងទំនាក់ទំនងជាមួយជប៉ុន។ ប៉ុន្តែវាក៏ធ្វើឱ្យលោករងការរិះគន់ដែរ ដោយលោកត្រូវមើលឃើញថា បំភ្លេចប្រវត្តិសាស្រ្តកូរ៉េខាងត្បូងដែលឈឺចាប់ក្រោមស្នាដៃជប៉ុន។
 
ជប៉ុនវិញ ពិតជាត្រេកអរចំពោះការប្រកាសរបស់កូរ៉េខាងត្បូង។ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វីមីអូ​ អះអាងថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក យូន។ ចំណែករដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានថ្លែងថា ក្រុមហ៊ុនជប៉ុននឹងមិនមានការផ្តល់សំណងឡើយ ប៉ុន្តែក្រុមហ៊ុនខ្លួនអាចស្ម័គ្រចិត្ត ក្នុងការបរិច្ចាគបានដល់ប្រជាជនកូរ៉េខាងត្បូង ដែលរងគ្រោះបាន។ 
 
ប្រមុខការទូតជប៉ុន បានសាទរចំណាត់ការរបស់ភាគីកូរ៉េខាងត្បូង និងចាត់ទុក ជាចំណាត់ការមួយក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីឱ្យមានភាពល្អប្រសើរ។
 
លើសពីនោះ សូម្បីតែក្នុងសៀវភៅសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង​ ក៏ចាត់ទុកជប៉ុនជាដៃគូជិតស្និទ្ធដូចគ្នា។ ទាំងនេះ សុទ្ធតែបង្ហាញពីនិន្នាការខិតជិតគ្នាក្នុងទំនាក់ទំនងប្រទេសទាំង២។
 
ជាមួយគ្នានេះ លោក យូន​ ក៏ពិចារណាធ្វើទស្សនកិច្ចនៅជប៉ុនដែរ ដែលគេមើលឃើញថា ជាការពង្រីកទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំង ហើយដោះស្រាយបញ្ហាដែលញាំញីប្រទេសទាំងពីរ។
 
ការគំរាមរបស់កូរ៉េខាងជើងនិងចិន រុញឱ្យកូរ៉េខាងត្បូងនិងជប៉ុនខិតជិតគ្នា?
 
ចំណងទ្វេភាគីមិនមែនជាកត្តាចម្បងតែមួយដែលកូរ៉េខាងត្បូងចង់ពង្រឹងទំនាក់ទំនងជាមួយជប៉ុននោះឡើយ។ ការគំរាមកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង ជារឿងសំខាន់ដែលរុញឱ្យកូរ៉េខាងត្បូង និងជប៉ុនខិតជិតគ្នា។​ កូរ៉េខាងត្បូង និងជប៉ុន ត្រូវទុករឿងអតីតដោយឡែកសិនដើម្បីរួមគ្នាតទល់កូរ៉េខាងជើងដែលជាក្ដីបារម្ភមិនអាចទុកចោលទៀតបាន។
 
រដ្ឋបាលកូរ៉េខាងត្បូងរបស់លោក យូន ប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះកូរ៉េខាងត្បូង ខុសពីអាណត្តិលោក មូន ចេអ៊ីន ដែលទំនាក់ទំនងកូរ៉េទាំងពីរល្អប្រសើរខ្លាំង។ ឯទំនាក់ទំនងជប៉ុន និងកូរ៉េខាងជើង ច្បាស់ណាស់មិនល្អឡើយ។
 
កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង នៅតែជាការគំរាមដ៏ធំសម្រាប់កូរ៉េខាងត្បូង និងជប៉ុនដែលនៅកៀកជាងគេ។ ទីក្រុងព្យុងយ៉ាងនៅតែបន្តឱបក្រសោបអាវុធរបស់ខ្លួនមិនបោះបង់ឡើយ ហើយក៏នៅតែប្រឹងដុសខាត់សមត្ថភាពជាលំដាប់តាមរយៈការសាកល្បងមីស៊ីលបាលីស្ទិកគ្រប់ប្រភេទ ពិសេសមីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយតែម្ដង។ ជារឿយៗ កូរ៉េខាងជើង ក៏ចោទកូរ៉េខាងត្បូង និងអាម៉េរិកថា ធ្វើសកម្មភាពបង្កហេតុ ដែលត្រូវតែមានការឆ្លើយតបវិញ។
 
មិនមែនតែកូរ៉េខាងជើងឡើយ ការកើនឡើងឥទ្ធិពលរបស់ចិន ក៏ជាកត្តាមួយទៀតដែលកូរ៉េខាងត្បូងនិងជប៉ុនខិតជិតគ្នា។ ចិននៅតែបន្តទំនាក់ទំនងប្រពៃណីជាមួយកូរ៉េខាងជើង ស្របពេលនោះ ក៏បន្តសម្ញែងសាច់ដុំយោធារបស់ខ្លួនក្នុងតំបន់ជាមួយនឹងការសម្លឹងមិនដាក់ភ្នែកលើតៃវ៉ាន់។ ជម្លោះនៅតៃវ៉ាន់ ប្រាកដជាអូសជប៉ុន និងសូម្បីតែកូរ៉េខាងត្បូងចូលភ្លើងមិនខាន។
 
ច្បាស់ណាស់ថា ប្រឈមមុខនឹងការគំរាមដ៏ធំបែបនេះ កូរ៉េខាងត្បូង និងជប៉ុន ទំនងមិនទុកឱ្យបញ្ហាផ្សេងមករារាំងការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកឡើយ៕
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com