អន្តរជាតិ
ផ្សែងពុលកើតមានវិញនៅភាគខាងជើងចិន ស្របពេលសកម្មភាពឧស្សាហកម្មកើនឡើង
07, Mar 2023 , 8:29 pm        
រូបភាព
ទីក្រុងភាគខាងជើងចំនួន១៣ ជុំវិញរដ្ឋធានីប៉េកាំង បានចេញការជូនដំណឹងអំពីការ​បំពុល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ស្របគ្នានឹងការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងតំប​ន់ដែល​កំពុ​ង​បង្កើន​កម្រិត​ផ្សែងអ័ព្ទ។

 
បើតាមមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់ការដោះស្រាយ​បញ្ហាសំខាន់ៗ​ក្នុង​ការគ្រប់​គ្រង​ការ​បំពុល​ខ្យល់ (NJRC) ទីក្រុងទាំង ១៣ រួមទាំងទីក្រុងធានជីន និងក្រុងថាងសាន ដែលជាមជ្ឈមណ្ឌល​ផលិត​ដែកដ៏ធំបំផុតរបស់ចិនបានចេញការជូនដំណឹងអំពីការបំពុលខ្លាំងកម្រិតទឹកក្រូចនៅថ្ងៃទី៥ ខែមីនា ដែលជាការប្រកាសអាសន្នខ្ពស់កម្រិតទីពីរ។
 
គុណភាពខ្យល់នៅក្នុងតំបន់ដែលមានផ្សែងអ័ព្ទតាំងពីដើមមកនៅទីក្រុងប៉េកាំង ក្រុងធានជីន និងខេត្តហឺប៉ី មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាលទ្ធផលនៃសង្រ្គាមលើការ​បំពុលចាប់តាំងពីឆ្នាំ២០១៤ ដែលពាក់ព័ន្ធនឹងការបិទ និងផ្លាស់ប្តូរទីតាំងរោងចក្រឧស្សាហកម្ម ក៏​ដូច​ជាការបង្កើនស្តង់ដារដើម្បីគ្រប់គ្រងការបំភាយឧស្ម័ន។
 
យ៉ាងណាមិញ ការងើបឡើងសកម្មភាពឧស្សាហកម្មក្នុងតំបន់ពិសេសរោងចក្រដែកថែប និងស៊ីម៉ង់ត៍ បង្កទៅជាការបំពុលបរិយកាស។ លើសពីនេះ ចរាចរណ៍រថយន្តម៉ាស៊ូតក៏កើនឡើងផងដែរ។ បើតាមមជ្ឈមណ្ឌលខាលើ ផ្សែងអ័ព្ទនឹងបន្តរហូតដល់ថ្ងៃទី១០ ខែមីនា។
 
ការជូនដំណឹងពណ៌ទឹកក្រូចមានន័យថាសន្ទស្សន៍គុណភាពខ្យល់ជាមធ្យមរយៈពេលបីថ្ងៃ (AQI) បាន​កើនឡើងលើស២០០ ដែលត្រូវបានចាត់ថ្នាក់ជាការបំពុលខ្លាំង ហើយជាធម្មតាត្រូវមានវិធានការនានាដូចជាការបិទរោងចក្រឧស្សាហកម្ម ឬកាត់បន្ថយទិន្នផល។ នៅទីក្រុងប៉េកាំង កម្រិត AQI របស់​ទីក្រុង​មួយនេះបានឡើងដល់២៣០ នៅយប់ថ្ងៃទី៥ ខែមីនា ហើយបានកើនឡើងលើសពី២០០ ម្តងទៀតនៅ​ថ្ងៃទី៦ ខែមីនា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com