ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ ស្រ្តី ជាកម្លាំងចលកររួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
07, Mar 2023 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្រ្តី ជាផ្នែកដ៏សំខាន់នៃធនធានមនុស្ស និងជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ នេះបើលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងនៅក្នុងពិធីអបអរសាទរទិវា​អន្តរជាតិ​នារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។



លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា បច្ចុប្បន្នស្រ្តី អាចអនុវត្តសិទ្ធិ ចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពល នៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងថ្នាក់តំបន់។
  

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ រូបភាពយកពីក្រសួង
 
លោកស្រី ផាវី បន្តថា ស្រ្តី ក៏បានរួមចំណែកក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេ មានភាពប្រសើរឡើង ជាពិសេសរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះផងដែរ។
 
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រូបនេះបានបន្ថែមថា ដោយសារមានការណែនាំ និងគាំទ្រនូវគោលនយោបាយ និងយុទ្ធស្ដាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថិភាពយេនឌ័រ តាមរយៈការបង្កើន ការចូលរួមរបស់ស្រ្តីដែលមានជាង ៥០ភាគរយ នៃប្រជាពលរដ្ឋសរុប។ លោកស្រីបញ្ជាក់យ៉ាងដូច្នេះ៖« រដ្ឋាភិបាលតែងតែលើកឡើងថា ជួយស្រ្តីដូចជួយខ្លួនឯង! ស្រ្តីជាផ្នែកដ៏សំខាន់នៃធនធានមនុស្សកម្ពុជា ដោយចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
 
ស្ថានភាពនៃការចូលរួមរបស់ស្រ្តីកម្ពុជានៅគ្រប់វិស័យ មានការរីកចម្រើនគួរឱ្យគត់សម្គាល់។ លោកស្រី កន្ថាផាវី បន្ថែមថា ជាក់ស្ដែងក្នុងវិស័យអប់រំ គម្លាតយេនឌ័រនៅបឋមសិក្សា មធ្យមសិក្ស ត្រូវបានលុបបំបាត់ក្នុងឆ្នាំសិក្សា២០២១-២០២២ ហើយសិស្សនារី ដែលបានប្រឡងជាប់ទុតិយភូមិមានប្រមាណ ៥៧ភាគរយ ធៀបនឹងសិស្សប្រឡងជាប់សរុប ។​​ ក្នុងនោះសិស្សស្រីទទួលបាននិទេ្ទសមាន A ចំនួន ៥២ភាគរយ។
 
ចំពោះសិស្សនិស្សិតនារី កំពុងសិក្សានៅឧត្ដមសិក្សាមានជិត ៥០ភាគរយ។ សិស្សនិស្សិត ដែលបានជ្រើសរើសមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កម្រិតបរិញ្ញាបត្រប្រមាណ ៤០ភាគរយ ក្នុងនោះនិស្សិតនារីមានជិត ១៨ភាគរយ។
 
កន្លងមករដ្ឋាភិបាល បានជំរុញឱ្យក្រសួងអប់រំយុវជន និងកីឡា ពង្រីកការសាងសង់អន្តេវាសិកស្ថានបន្ថែម(កន្លែងស្នាក់នៅរបស់សិស្សនិស្សិត) នៅភ្នំពេញ និងតាមបណ្ដាខេត្តនានា ដើម្បីផ្ដល់ភាពងាយស្រួលដល់និស្សិតមករៀននៅថ្នាក់ឧត្ដមសិក្សា ។ នេះបើតាមរដ្ឋមន្រ្តីកិច្ចការនារី៕
 

Tag:
 ក្រសួងកិច្ចការនារី
© រក្សាសិទ្ធិដោយ thmeythmey.com