ជាតិ
កម្ពុជាផ្តើមយុទ្ធនាការបត់បេះដូងចំនួន១លាន ដើម្បីបំបែកឯតទគ្គកម្មពិភពលោក រូបភាព ពីសហព័ន្ធសហព័ន្ធយុវជនកម្ពុជា
× ភ្នំពេញ៖ យុទ្ធនាការ #BeyondTheGames ឬលើសពីការប្រកួត បង្កើតការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ដើម្បីផ្សារភ្ជាប់ពលរដ្ឋខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះ និងដើម្បបង្ហាញពីក្ដីស្រឡាញ់ក្នុងការគាំទ្រដល់កីឡាករ កីឡាការិនី។ ការបំបែកឯតទគ្គកម្មនេះ នឹងបត់បេះដូងឱ្យបាន ១លានបេះដូង។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតយុទ្ធនាការថ្មីមួយ គឺ#BeyondTheGames ឬលើសពីការប្រកួត ក្នុងគោលដៅចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ដើម្បីបង្ហាញការសាទរនៃភាពជាម្ចាស់ផ្ទះលើកដំបូង យុទ្ធនាការ #BeyondTheGames បានផ្ដួចផ្ដើមការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក»។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ មីនានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការបត់បេះដូងនេះ មិនគ្រាន់តែផ្ដោតទៅការបំបែកឯតទគ្គកម្មតែមួយមុខនោះទេ តែបង្គប់នូវអត្ថន័យក្ដីស្រឡាញ់ ការផ្ដល់កម្លាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ។ បើតាមលោក ហ៊ុន ម៉ានី នេះជាការបង្ហាញពីសាមគ្គីភាព និងការរួបរួមគ្នារបស់ពលរដ្ឋខ្មែរ ដើម្បីគាំទ្រដល់កីឡាករ កីឡាការិនី។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបភាព៖ សសយក
លោក សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames បានលើកឡើងថា ជាផែនការក្រុមការងារគ្រោងប្រមូលបេះដូងឱ្យបានចំនួន ១លាន ដែលមួយបេះដូងមានតម្លៃ៥០០រៀល។ ក្នុងការបត់បេះដូងនេះ នឹងអាចប្រមូលថវិកាបាន ៥០០លានរៀល ដែលស្មើនឹង ១២ម៉ឺន៥ពាន់ដុល្លារ ពីក្រុមហ៊ុនចូលរួមចំនួន ៥ផងដែរ។
ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames បន្តថា ថវិកាដែលទទួលបាននឹងត្រូវបរិច្ចាគទៅកាន់កីឡាករ កីឡាការិនី មានពិការភាព។ «លើសពីបេះដូងក្រដាសធម្មតា បេះដូងទាំងនេះ បង្ហាញឱ្យឃើញពីទំហំទឹកចិត្តនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងអស់ចំពោះកីឡាករ កីឡាការិនី។ វាប្រៀបបានទៅនឹងការងារសង្គមមួយ»។ នេះជាការរៀបរាប់របស់លោក សុខ សប្បាយណា ដោយបន្ថែមថា ពលរដ្ឋទាំងអស់អាចូលរួមបត់បេះដូងនៅទីតាំង ដែលមាននិមិត្តសញ្ញាតំណាងរបស់យុទ្ធនាការ #BeyondTheGames។
ចំពោះសកម្មភាពបត់បេះដូងនេះ ក៏មានមតិសាធារណជនមួយចំនួនរិះគន់ផងដែរ។ ជុំវិញការលើកឡើង និងរិះគន់របស់អ្នកប្រើប្រាស់បណ្ដាញសង្គម លោក ហ៊ុន ម៉ានី ឆ្លើយតបបែបនេះ៖ «ខ្ញុំគោរពទៅតាមអ្វីជាមតិយោបល់របស់បងប្អូនមួយចំនួន ទោះបីគាត់មានមតិយោបល់ថាមិនចង់ចូលរួម ឬមិនគាំទ្រ គឺជាសិទ្ធិរបស់ពួកគាត់។ តែបើយើងមើលមួយបែបទៀត អ្នកដែលចូលរួមចំណែកក្នុងក្រមាវែងជាងគេ ឬនំអន្សមយក្ស យើងឃើញមានអ្នកលះបង់ពេលវេលា ហើយចូលរួមស្ម័គ្រចិត្ត។ មិនមានជាបញ្ហាអ្វីទេ ពួកខ្ញុំសប្បាយរីករាយ នឹងបន្តទៅមុខទៀត»។
សម្រាប់ប្រធានស.ស.យ.ក រូបនេះ ការបំបែកឯតទគ្គកម្មពិភពលោកនេះ មិនមែនជាគោលដៅតែមួយរបស់កម្ពុជានោះទេ តែជាការបង្កើតវេទិកាចូលរួមពីភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយពីកម្ពុជាទៅក្រៅប្រទេស។ លោក ហ៊ុន ម៉ានី សង្ឃឹមក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងផ្ដល់អនុស្សាវរីយ៍ដ៏ល្អមួយ សម្រាប់អ្នកដែលចូលរួមបត់បេះដូងនេះ។
សូមបញ្ជាក់ថា ក្រុមការងារយុទ្ធនាការ #BeyondTheGames បានដាក់ស្នើជាផ្លូវការទៅកាន់អង្គភាពអន្តរជាតិ ឯតទគ្គកម្មពិភពលោករួចរាល់ផង។ នាពេលកន្លងមក នៅប្រទេសអង់គ្លេស ក៏មានការបំបែកកំណត់ត្រាបត់បេះដូង និងបានដាក់បង្ហាញចំនួន ៥៣៧០៤បេះដូងផងដែរ។ សម្រាប់យុទ្ធនាការ #BeyondTheGamesវិញ នឹងប្រមូលបេះដូងឱ្យបាន១លាន នៅថ្ងៃទី២ មេសាខាងមុខនេះ៕
Tag:
បត់បេះដូង
ឯតទគ្គកម្ម
សសយក
#BeyondTheGames
© រក្សាសិទ្ធិដោយ thmeythmey.com