ជាតិ
សង្គមជាតិ
«គុណតម្លៃស្ត្រីជនជាតិដើមភាគតិច ពូនង» បានរំលេចតាមសិល្បៈពហុជំនាញ របស់យុវតី ហ៊ុល កញ្ញា
08, Mar 2023 , 10:04 am        
រូបភាព
កញ្ញា ហ៊ុល កញ្ញា ម្ចាស់ស្នាដៃ «គុណតម្លៃ» កំពុងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ នៅកន្លែងតាំងពីព័រណ៍ សិល្បៈត្រជាក់ភ្នែក។
កញ្ញា ហ៊ុល កញ្ញា ម្ចាស់ស្នាដៃ «គុណតម្លៃ» កំពុងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ នៅកន្លែងតាំងពីព័រណ៍ សិល្បៈត្រជាក់ភ្នែក។
ភ្នំពេញ៖ ជាអ្នកខេត្តសៀមរាប យុវតី ហ៊ុល កញ្ញា ជាសិល្បករពហុជំនាញ បានធ្វើពិព័រណ៍ទោលជាលើកដំបូងក្រោមចំណងជើង «គុណតម្លៃ» ឬ «VALUES»។ ស្នាដៃសិល្បៈទាំងនោះ ជាផ្ទាំងរូបភាពសិល្បៈរបស់ស្ត្រី និងកុមារីចំនួន១២រូប ដែលជាជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

 

«គុណតម្លៃ» ជាសិល្បៈពហុជំនាញមួយ បន្ទាប់ពី «One Hundred Hands» កាលពីឆ្នាំ២០២០ ជាមួយក្រុមស្ត្រី ក្នុងខេត្តសៀមរាប។ ដោយឡែក ពិព័រណ៍នេះវិញ ក៏យុវតី កញ្ញា បានលើកយកស្ត្រីមកនិយាយដដែល ប៉ុន្តែជាស្ត្រីជនជាតិដើមភាគតិច «ពូនង»។ 
 
គំនិតមួយនេះបានលេចចេញជារូបរាង ក៏ដោយសារចំណោទសំណួររបស់ម្ដាយកញ្ញា ដែលចង់ដឹងពីទំនួលសុខត្រូវរបស់ស្ត្រីជនជាតិដើមភាគតិចទៅលើសហគមន៍របស់ពួកគេ និងការទទួលបានការគោរពពីមិត្តភក្ដិ និងសហគមន៍ពួកគេ ដូចជាស្ត្រីខ្មែរដែរឬទេ? 
 
កញ្ញាបានចំណាយពេលពេញមួយឆ្នាំ ធ្វើដំណើរឡើងចុះខេត្តមណ្ឌលគិរី ដើម្បីស្វែងរកចម្លើយ ដោយត្រូវចំណាយពេលជាមួយសហគមន៍ និងសម្ភាសន៍ស្ត្រីនានាក្នុងសហគមន៍ ដែលកញ្ញាបានជួបប្រទះ។ 
 
កញ្ញារៀបរាប់ពន្យល់បន្ថែមពីពិព័រណ៍ខ្លួនដូច្នេះ៖«ចំណងជើង គុណតម្លៃ គឺយើងចង់ដឹងថា គុណតម្លៃ របស់មនុស្សម្នាក់ៗតើមានភាពខុសគ្នាដែរឬអត់? ជាពិសេស(ស្ត្រី)ជនជាតិដើម ហើយនិង(ស្ត្រី)ខ្មែរយើង ដែលធ្វើឱ្យយើងបានយល់ដឹងច្បាស់ពីគុណតម្លៃ ដោយសារតែជនជាតិដើម និងស្ត្រីខ្មែរយើងគឺមានតម្លៃដូចគ្នា ប៉ុន្តែគុណតម្លៃគឺខុសគ្នាទៅតាមបរិបទ»។ 
 
ក្នុងពិព័រណ៍នោះ កញ្ញា ហ៊ុល កញ្ញា បានតាំងបង្ហាញស្នាដៃចំនួន១៣ ដែលជាស្នាដៃរួមបញ្ចូលគ្នា រវាងរូបថត ការបិទភ្ជាប់ដោយអំបោះសូត្រពណ៌មាស និងប្រាក់ ការកាត់បិទក្រដាស និងការគូរពីលើផ្ទាំងរូបថតនោះ។ គ្រប់រូបថតនីមួយៗ បានបង្ហាញពីស្ត្រី ដែលមានវ័យផ្សេងៗគ្នា។ 
 
ស្នាដៃសិល្បៈខាងលើនេះ កំពុងដាក់តាំងបង្ហាញនៅ «សិល្បៈត្រជាក់ភ្នែក» (ផ្ទះយូឃិន) រាជធានីភ្នំពេញ។ ពិព័រណ៍នេះចាប់ផ្ដើមពីថ្ងៃទី០៣កុម្ភៈ ដល់ថ្ងៃទី៣០មេសា ឆ្នាំ២០២៣។ 
 
គួរជម្រាបផងដែរថា កញ្ញា ហ៊ុល កញ្ញា គឺជាសិល្បករពហុជំនាញ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស។ កញ្ញាបានបានឈានចូលក្នុងវិស័យនេះ ក្នុងអំឡុងឆ្នាំ២០១៩ ។
កញ្ញាមានជំនាញថតរូប សិល្បៈសម្ដែង ការគូរគំនូរ ការកាត់ក្រដាស ការបិទភ្ជាប់ បច្ចេកទេសដាន ជាដើម។ 
 
កន្លងមកកញ្ញា ស្នាដៃរបស់កញ្ញាបានដាក់តាំងពិព័រណ៍ជាក្រុមជាមួយសិល្បករដទៃទៀត នៅក្នុងប្រទេសកម្ពុជា និងវិចិត្រសាលអន្តរជាតិមួយចំនួនទៀត រួមមាន Galerie Lee ទីក្រុងប៉ារីស និងវិចិត្រសាល Artxchange ក្នុងទីក្រុង Settle សហរដ្ឋអាម៉េរិក៕ 
 

Tag:
 ThmeyThmey
  សិល្បៈពហុជំនាញ
  ហ៊ុល កញ្ញា
  គុណតម្លៃ
© រក្សាសិទ្ធិដោយ thmeythmey.com