ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យលោកស្រី ទ្រី ដាណា គោរពតាមការណែនាំរបស់ក្រសួងវប្បធម៌
08, Mar 2023 , 10:54 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រាប់លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញល្បីល្បាញនៅកម្ពុជា ឱ្យអនុវត្តតាមការណែនាំ និងការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សារពិសេសរបស់សម្ដេច ហ៊ុន សែន ពេលនេះ ធ្វើឡើងក្រោយពេលអ្នកជំនួញរូបគេ ឱ្យរិះគន់ក្រសួងវប្បធម៌ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

 
លោកស្រី ទ្រី ដាណា ដែលមានគម្រោងចង់ផ្សព្វផ្សាយពីវប្បធម៌នោះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះក្រសួងវប្បធម៌ ដែលទំនងជាខាងក្រសួង តម្រូវឱ្យអនុវត្តតាមក្បួនខ្នាត និងបំពេញបែបបទឱ្យបានត្រឹមត្រូវ ពិសេសទម្រង់នៃការផ្សព្វផ្សាយ ក៏ដូចជាឯកសារពាក់ព័ន្ធជាដើម។
 
ដោយសារការមិនសប្បាយចិត្តនេះហើយ ទើបលោកស្រី ដាណា ដែលគេស្គាល់ថា ជាអ្នកជំនួញគ្រឿងអលង្ការដ៏ធំនេះ ឈានទៅសរសេរលើហ្វេសប៊ុកដូច្នេះ៖«នាងខ្ញុំ សុំលុបចោលគំរោង ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ(ជាង10ម៉ឺនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ចោលហើយ ដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំខ្ជិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះ»។
 
ក្រោយសំណេររបស់លោកស្រី ទ្រី ដាណា ផុសឡើងបែបនេះ ក៏មានអ្នកចែករំលែកបន្តជិត២ពាន់នាក់លើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមើលឃើញ ហើយចេញសារពិសេសណែនាំប្រាប់ទៅលោកស្រី ទ្រី ដាណា វិញ។
  


សម្រាប់សម្ដេច ហ៊ុន សែន គាំទ្រចំពោះទង្វើរ និងសកម្មភាពរបស់ក្រសួងវប្បធម៌ ។ សម្ដេច បានសង្កត់ធ្ងន់ថា ការងារវប្បធម៌ មិនមែនចេះតែធ្មេចភ្នែក ឬបើកភ្នែកនោះទេ ពោលគឺត្រូវអនុវត្តតាមក្បួនខ្នាត នៃទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ឱ្យបានត្រឹមត្រូវ។
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល ព្យាយាមពន្យល់ទៅលោកស្រី ទ្រី ដាណា ថា បើជាការថតឈុតឆាកសម្ដែងនោះ ប្រើប្រាស់សម្លៀកបំពាក់ ការតុបតែង រូបចម្លាក់ ឬរូបបដិមា ដែលវាមិនមែនជាទម្រង់ដើមរបស់ខ្មែរនោះ វានឹងធ្វើឱ្យខូចវប្បធម៌ជាតិជាមិនខាន។
 
«ការបង្ហាញវប្បធម៌ សិល្បៈខ្មែរ ទៅកាន់ក្មេងៗជំនាន់ក្រោយ គឺជារឿងល្អ ក៏ប៉ុន្តែប្រសិនការបង្ហាញនោះ មិនបានត្រឹមត្រូវតាមក្បួនខ្នាត វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ ។ ដូច្នេះខ្ញុំសូមឱ្យយកចិត្តទុកដាក់ ជាពិសេសបញ្ហាទម្រង់ ត្រូវតែអនុវត្តឱ្យខាងតែបាន តាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានប្រាប់លោកស្រី ដាណា ទៀតថា រដ្ឋមន្រ្តីវប្បធម៌ គឺមានភារកិច្ចធំណាស់ ក្នុងការការពារ និងថែរក្សាវប្បធម៌ជាតិ ជាពិសេសត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តីផ្ទាល់តែម្ដង។ 

បើតាមសម្ដេច ហ៊ុន សែន ក្រសួងវប្បធម៌មិនតឹងតែងនោះទេ តែក៏មិនអាចធ្វើអ្វីមួយ ដោយខ្ជីខ្ជាបានទេ ព្រោះបើធ្វើខុសទម្រង់បន្តិច គេនឹងចោទថា កម្ពុជាលួចវប្បធម៌ពីគេវិញ។ និយាយត្រង់ចំណុចនេះ សម្ដេច ដែលទទួលបានព័ត៌មានពីក្រសួងវប្បធម៌ ទាក់ទងនឹងករណីគម្រោងសម្ដែងរបស់លោកស្រី ទ្រី ដាណា បានបន្ថែមថា ការសម្ដែង និងការស្លៀកពាក់ឈុតនាគរាជ គឺមិនអាចឱ្យគ្រងឈុតនាគ មានក្បាល៩ទេ ព្រោះវាមិនមែនជារបស់ខ្មែរ ។ ជាពិសេសឈុតបុរាណ ឱ្យចំសម័យកាលនីមួយៗ ដោយមិនអាចសម្ដែងឈុតក្នុងសម័យអង្គរ តែស្លៀកពាក់ឈុតនៅក្រោយសម័យអង្គរបានឡើយ។
 
«សម្លៀកបំពាក់ជំនាន់បុរាណ ត្រូវតែធ្វើ(ស្លៀកពាក់សម្ដែង)ឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ ហើយថតបង្ហោះចេញហើយនោះ គឺម្ខាងនឹងធ្វើឱ្យខូចច្បាប់ដើមរបស់យើង។ ឯម្ខាងទៀត អាចនឹងប្រទេសជិតខាងរបស់យើងថា យើងលួចចម្លងពីប្រទេសរបស់គេ។ នេះជារឿងដែលខ្ញុំត្រូវពន្យល់អ្នកស្រី ទ្រី ដាណា និងពន្យល់ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទាំងអស់ថា ក្រសួងវប្បធម៌ គឺជាសេនាធិការដើម្បីការពារវប្បធម៌ដូនតារបស់យើង ហើយមិនមែនជាក្រសួងមានការតឹងតែងទេ»។ នេះបើតាមសម្ដេច ។
 
ក្រោយពន្យល់អស់ហើយ ប្រមុខរដ្ឋាភិបាល ប្រាប់ឱ្យលោកស្រី ទ្រី ដាណា ត្រូវតែគោរពតាមការណែនាំតាមក្រសួងវប្បធម៌ បើមិនដូច្នេះទេ លោកស្រី មិនអាចដឹកនាំថតឈុតសម្ដែង នៅក្នុងតំបន់អង្គរ តាមគម្រោងផ្សព្វផ្សាយវប្បធម៌ សម្រាប់ត្រៀមថ្ងៃអង្គរសង្ក្រានបានទេ៕ 
 

Tag:
 ហ៊ុន សែន
  ទ្រី ដាណា
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com