កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ​នឹងសងប្រាក់អ្នកគាំទ្រ Liverpool វិញ ជុំវិញចលាចលក្នុងវគ្គផ្តាច់ព្រ័ត្រ UCL នៅប៉ារីស
08, Mar 2023 , 4:05 pm        
រូបភាព
UEFA Champions League
UEFA Champions League
​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងប្រគល់ប្រាក់ថ្លៃសំបុត្រទៅអ្នកគាំទ្រ ​Liverpool ដែលជួបបញ្ហាចលាចលនៅក្រៅទីលាន មុនប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid ក្នងក្រុងប៉ារីសកាលពីឆ្នាំមុន។ នេះបើតាមការអះអាងរបស់ UEFA នៅថ្ងៃទី៧ ខែមីនា បន្ទាប់ពីមានការបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នកគាំទ្រហង្សក្រហមក្នុងរបាយការណ៍ស៊ើបអង្កេតឯករាជមួយ។



ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Real Madrid និង Liverpool កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ បានពន្យាពេលរយៈពេល ៣៦នាទី បន្ទាប់ពីអ្នកគាំទ្រក្រុមហង្សក្រហមរាប់ពាន់នាក់បានជាប់គាំងនៅក្រៅកីឡដ្ឋាន Stade de France ដោយមិនអាចចូលរួមការប្រកួតទាន់ពេលវេលា។ ការប្រកួតនោះ Real Madrid បានយកឈ្នះ ​Liverpool លទ្ធផល ១-០ ដើម្បីគ្រងជើងឯក ​Champions League លើកទី១៤។
 
ឧប្បតិ្តហេតុនោះត្រូវបានគេថតបានថាមានប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់ដាក់អ្នកគាំទ្រ Liverpool ដោយក្នុងនោះមានទាំងស្រ្តី និងកុមារ។ ទោះយ៉ាងណាភ្លាមៗ UEFA ស្តីបន្ទោសអ្នកគាំទ្ររបស់ក្រុមអង់គ្លេស ចំពោះហេតុការណ៍នោះ។ ប៉ុន្តែក្រោយការស៊ើបអង្កេតឯករាជបានបញ្ជាក់ពីភាពស្អាតស្អំរួចមក ​UEFA ក៏បានសុំទោសចំពោះអ្នកគាំទ្រ Liverpool​ ហើយថែមទាំងប្រគល់ប្រាក់ថ្លៃសំបុត្រថែមទៀតផង។
 
សម្រាប់ការប្រគល់ប្រាក់ទៅកាន់អ្នកគាំទ្រ Liverpool ស្ថាប័ន UEFA អះអាងថា​ អ្នកគាំទ្រដែលកាន់សំបុទ្រត្រង់ទីតាំងអង្គុយ A, B, C, X, Y និង Z ហើយរងប៉ះពាល់អំឡុងការប្រកួត នឹងត្រូវសងប្រាក់វិញ។ អ្នកគាំទ្រ ​Liverpool ប្រមាណជិត ២០០០០នាក់ ទទួលបានសំបុត្រសម្រាប់ចូលរួមវគ្គផ្តាច់ព្រ័ត្រកាលនោះ។
 
«ស្ថានភាពដ៏លំបាកបំផុតរបស់ពួកគេស្ថិតក្នុងរបាយការណ៍​ទាំងអស់ ​ហើយយើងសន្យាថានឹងផ្តល់សំណងដល់អ្នកគាំទ្រ Liverpool។ […] លើសពីនេះអ្នកគាំទ្រទាំងអស់ដែលយោងតាមទិន្នន័យគ្រប់គ្រងការប្រើប្រាស់មិនបានចូលក្នុងកីឡដ្ឋានមុនម៉ោងប្រកួត ឬមិនអាចចូលទស្សនាបានសោះនិងមានសិទ្ធិទទួលបានការបង្វិលសងប្រាក់វិញ។»។ នេះបើតាមការលើកឡើងរបស់ UEFA។
 
ជាក់ស្តែងសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះមានតម្លៃប្រមាណចាប់ពី ៧៤ដុល្លារ ដល់ ៧៣៣ដុល្លារ។ បើតាមការអះអាងបន្ថែមពី UEFA អ្នកគាំទ្រ Liverpool ភាគច្រើនទិញសំបុត្រពីក្លិបផ្ទាល់ដូច្នេះស្ថាប័នបាល់ទាត់កំពូលអឺរ៉ុបស្នើឱ្យក្លិបហង្សក្រហមរក្សាទិន្នន័យដើម្បីងាយស្រួលដល់ការសង់ប្រាក់ទៅកាន់អ្នកគាំទ្រ ឱ្យបានត្រឹមត្រូវ។
 
ដោយឡែកសម្រាប់ ​​​Real Madrid ដែលជួបហេតុការណ៍ដូចអ្នកគាំទ្រ ​Liverpool នោះ ក៏នឹងទទួលបានប្រាក់សំណងវិញដែរ។ អ្នកគាំទ្រក្រុមជើងឯកអឺរ៉ុប នឹងទទួលបានប្រាក់សំណងវិញតាមរយៈទីតាំងដែលពួកគេបានបញ្ជាទិញ។
 
បច្ចុប្បន្ន ​Real Madrid និង Liverpool កំពុងប្រឈមមុខដាក់គ្នាសារជាថ្មីក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមសម្រាប់រដូវកាលនេះ។ ក្រុមទាំងពីរបានឆ្លងកាត់ការប្រកួតជើងទីមួយរួចមកហើយដោយ Real Madrid បានយកឈ្នះក្នុងលទ្ធផល ៥-២ ក្នុងទឹកដី Anfield កាលពីខែកុម្ភៈ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com