សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃលើកលែងពន្ធនាំចូលលើគ្រឿងបន្លាស់រថយន្តអគ្គិសនី
08, Mar 2023 , 8:29 pm        
រូបភាព
រូបភាពពី ASEAN Briefing ។
រូបភាពពី ASEAN Briefing ។
កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​កញ្ចប់​លើក​ទឹក​ចិត្ត​មួយបន្ថែមទៀត ដើម្បី​ជំរុញ​ការ​ផលិតរថយន្ត​អគ្គិសនី ដោយ​​បាន​លើកលែង​ពន្ធ​នាំ​ចូល​សម្រាប់​គ្រឿងបរិក្ខារ និង​គ្រឿង​បន្លាស់​មួយ​ចំនួន។

 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានបញ្ជាក់ថា ការសម្រេចចិត្តលើកលែងពន្ធនាំចូលអនុវត្តចំពោះបញ្ជីរាយនាមគ្រឿងបន្លាស់ និងគ្រឿងបរិក្ខារចំនួន ៩ រួមមានទាំងអាគុយ និងម៉ូទ័រដែលត្រូវបាននាំចូលដើម្បីដំឡើង និងផ្គុំរថយន្តអគ្គិសនី។
 
ការលើកលែងពន្ធនេះ មានគោលបំណងលើកទឹកចិត្ត និងអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ រួមចំណែកដល់ការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព។ ក្រសួងហិរញ្ញវត្ថុថៃបានកំណត់ការលើកលែងពន្ធនេះរហូតដល់ចុងឆ្នាំ ២០២៥ ដែលជាកាត់បន្ថយចំណូលថវិការដ្ឋចំនួនប្រមាណ ៣,១៤ពាន់លានបាត (ប្រហែល ៩០លានដុល្លារ) ក្នុងមួយឆ្នាំ។
 
ទោះ​ជា​យ៉ាង​ណា នេះ​ជាការ​លើក​ទឹក​ចិត្តនិងជំរុញ​ការ​ផលិត​រថយន្តអគ្គិសនីក្នុង​ស្រុក និងមានគោលដៅ​លើក​កម្ពស់​ប្រទេស​ថៃ​ជាមជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនីក្នុង​តំបន់ ។
 
កាលពីខែកុម្ភៈ គណៈកម្មាធិការជាតិស្តីពីគោលនយោបាយរថយន្តអគ្គិសនីបានអនុម័តសំណើកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើអាគុយរថយន្តអគ្គិសនីដែលបច្ចុប្បន្ន៨ភាគរយ មកនៅត្រឹម១ភាគរយ ព្រមទាំងសន្យាឧបត្ថម្ភធនរហូតដល់២៤ពាន់លានបាត (៧៣០លានដុល្លារ) សម្រាប់ឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី។
 
ជាមួយគ្នានេះ រដ្ឋាភិបាលថៃកំពុងពន្លឿនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មរថយន្តអគ្គិសនីក្រោមគោលនយោបាយ 30@30 របស់ខ្លួន ដើម្បីលើកកម្ពស់ប្រទេសថៃ នឹងក្លាយទីតាំងសម្រាប់ផលិតកម្មរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ាន។ គោលនយោបាយ 30@30 កំណត់ថា ថៃត្រូវតែបង្កើនសមត្ថភាពផលិតយានយន្តគ្មានការបំភាយឧស្ម័នឱ្យបាន ៣០ភាគរយនៅឆ្នាំ ២០៣០។ 
 
ប៉ុន្តែបច្ចុប្បន្នថៃនៅតែប្រឈមនឹងតម្លៃខ្ពស់សម្រាប់ថាមពលកកើតឡើងវិញ និងសេវាសាកថ្ម។ លើសពីនេះ ទុនបម្រុងនីកែល ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតថ្មមានមិនច្រើននៅក្នុងប្រទេសថៃ ដែលធ្វើឲ្យប្រទេសនេះពិបាកទាក់ទាញវិនិយោគិនបរទេសដូចទៅនិងប្រទេសឥណ្ឌូណេស៊ី។
 
ដូច្នេះជាមួយនឹងការផ្លាស់ប្តូរដើម្បីកាត់បន្ថយពន្ធលើអាគុយរថយន្តអគ្គិសនី រដ្ឋាភិបាលថៃមានបំណងចង់ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើវិស័យផលិតកម្មអាគុយរថយន្តអគ្គិសនី ដែលជាកត្តាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍លើឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី និងឧស្សាហកម្មរថយន្តអគ្គិសនីជារួម៕
 

Tag:
 ថៃ
 ​ រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com