កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ១៦ក្រុម ជើងទីពីរ៖ PSG ជួបម្ចាស់ផ្ទះ ​​Bayern ស្របពេល ​Spurs ស្វាគមន៍ ​AC Milan
08, Mar 2023 , 5:29 pm        
រូបភាព
ក្លិបយក្សបារាំង Paris Saint Germain នឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងរបស់លីគកំពូលអាល្លឺម៉ង់ Bayern Munich ក្នុងកីឡដ្ឋាន ​Allianz Arena សម្រាប់ជំនួបជើងទីពីរវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League នៅរាត្រីថ្ងៃទី៨ ខែមីនា។ Tottenham Hotspur ស្វាគមន៍ជើងខ្លាំងមកពីអ៊ីតាលី ​AC Milan។ ទាំង PSG និង Spurs សុទ្ធតែបរាជ័យនៅជើងទី១ដូចគ្នា។



កាលពីជើងទីមួយដែលធ្វើឡើងកាលពីខែកុម្ភៈ ​PSG រកបរាជ័យក្រោមថ្វីជើង ​Bayern Munich ក្នុងលទ្ធផល ១-០។ Kingsley Coman អតីតកីឡាកររបស់ PSG ដែលកំពុងលេងឱ្យ Bayern ជាអ្នកស៊ុតបំប៉ោងសំណាញ់ទីលើក្រុមចាស់របស់ខ្លួនកាលនោះ។
  


ជ័យជម្នះ ១-០ នៅជើងទីមួយជួយឱ្យ ​Bayern មានប្រៀបលើ PSG សម្រាប់ជំនួបនៅជើងទី២ ក្នុងការដណ្តើមកៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ លើសពីនេះ PSG ក៏ជាក្រុមកំពុងជួបបញ្ហាកីឡាករផង។ 
 
កាលពីពេលថ្មីៗនេះ PSG ត្រូវអវត្តមានខ្សែប្រយុទ្ធដ៏សំខាន់ ​Neymar Jr ដោយសាររងរបួសដាច់សរសៃកជើង​​ និងកំពុងទទួលកាលព្យាបាល​ ដែលទំនងខកខានដល់ចប់រដូវកាល។ PSG បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Christophe Galtier ហើយកំពុងតែឈរកំពូលតារាង ​Ligue 1 ដោយមានពិន្ទុនាំមុខដាច់ក្រុមលេខ២ ចំនួន ៨ពិន្ទុ។ យ៉ាងណាកៅអីគ្រូបង្វឹកមួយនេះស្ថិតក្នុងភាពមិនច្បាស់លាស់នោះទេ ប្រសិន PSG មិនអាចឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។
 
មុនការប្រកួតនេះ ក្រុមទាំងពីរសុទ្ធសឹងតែឆ្លងកាត់ការប្រកួតលីគដោយរកបានជ័យជម្នះរៀងៗខ្លួន។ PSG បានយកឈ្នះក្រុម Nantes លទ្ធផល ៤-២ ចំណែក Bayern យកឈ្នះក្រុម ​Stuttgart លទ្ធផល ២-១។ 
  


​Tottenham Hotspur ឯណោះវិញ នឹងបើកទ្វារកីឡដ្ឋាន Tottenham Hotspur  របស់ខ្លួនដើម្បីស្វាគមន៍ក្រុមភ្ញៀវ ​AC Milan ជើងខ្លាំងមកពីអ៊ីតាលី។ ក្រោយ Chelsea បានកែប្រែវាសនាខ្លួនវាយបកឈ្នះ Dortmund នៅជើងទីពីរឡើងវគ្គ ៨ក្រុម ហាក់បីដូចបានជំរុញកម្លាំងចិត្តដល់ Spurs ដែលជាក្រុមនៅអង់គ្លេសដូចគ្នាសម្រាប់ជំនួបទល់ AC Milan។
 
នៅជើងទីមួយនាទឹកដី San Siro ប្រទេសអ៊ីតាលី AC Milan បានមានឱកាសនាំមុខមុនលើ Spurs លទ្ធផល ១-០ ដែលនេះជាឱកាសល្អសម្រាប់ AC Milan ដណ្តើមកៅអីវគ្គ ៨ក្រុម។ ប៉ុន្តែទោះជាយ៉ាងណាការមកកាន់ទឹកដីអង់គ្លេសវិញ នឹងក្លាយជារឿងដ៏ពិបាកខ្លាំងសម្រាប់ AC Milan ខណៈលោក Antonio Conte ដែលជាអ្នកចាត់ការ Spurs ​​​ក៏ជាមនុស្សម្នាក់ធ្លាប់ប្រជែងទល់ AC កាលនៅទឹកដីអ៊ីតាលីដែរ។ 
 
មុនឈានដល់ការប្រកួតនេះ ក្រុមទាំងពីរសុទ្ធសឹងតែរងបរាជ័យរៀងៗខ្លួននៅការប្រកួតក្នុងលីគ ដោយ Spurs ចាញ់ Wolver ១-០ ចំណែក AC Milan បាញ់ក្រុម Fiorentina លទ្ធផល ២-១៕
 
 

Tag:
 UEFA Champions League
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com