អាស៊ីអាគ្នេយ៍ ជាតំបន់មួយដែលងាយរងគ្រោះបំផុតរបស់ពិភពលោកចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នៅថ្ងៃទី៣០ ខែមីនា អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញដែលធ្វើការលើបញ្ហានេះ នឹងជជែកគ្នាពីវិធីសាស្រ្តដែលអាចឱ្យប្រទេសក្នុងតំបន់សម្រេចបានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន សេដ្ឋកិច្ចមានភាពធន់ និងងើបឡើងវិញពីជំងឺកូវីដ-១៩ បានប្រសើរ។
ផលប៉ះពាល់បង្កអាកាសធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តកើនឡើងកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សហគមន៍ងាយរងគ្រោះ និងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្របំផុត។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងពើបប្រទះនឹងបញ្ហាប្រឈមដ៏ធំធេងក្នុងការតទល់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ខណៈពេលប្រទេសទាំងនោះ កំពុងស្វែងរកមាគ៌ាអភិវឌ្ឍដែលបញ្ចេញកាបូនទាប និងរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
ឆ្លើយតបនឹងបញ្ហាប្រឈមបន្ទាន់ សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍លើកទី៤ (SEADS) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព្រឹត្តទៅដោយផ្ទាល់នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៣០ ខែមីនាក្រោមមូលបទ «ក្ដីស្រមៃតំបន់អាស៊ានដែលមានការបញ្ចេញឧស្ម័នសូន្យសុទ្ធ»។ ជាមួយនឹងការផ្សាយតាមអ៊ីនធឺណិតផងនោះ សន្និសីទនេះ នឹងស្វែងរកវិធានការដែលរដ្ឋាភិបាល សហគមន៍ និងអង្គភាពវិស័យឯកជនអាចប្រើប្រាស់បាន សំដៅឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
វាគ្មិនដែលចូលរួម នឹងពិនិត្យមើលពីមធ្យោបាយដែលប្រទេសក្នុងតំបន់អាចប្រើប្រាស់វិធីសាស្រ្តបៃតង, ការច្នៃប្រឌិតថ្មី, ការសន្សំសំចៃ, បច្ចេកវិទ្យាថ្មី, ការង្កើនល្បឿនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការដាក់អនុវត្តវិធានការដ៏មានប្រសិទ្ធភាពផ្សេងទៀតដើម្បីគាំទ្រដល់ការកាតប់ន្ថយកាបូនក្នុងវិស័យនានា ខណៈដែលស្របពេលគ្នានោះ ក៏អាចស្តារសេដ្ឋកិច្ចឡើងវិញបាន។
អំឡុងសន្និសីទនេះ វាគ្មិនសំខាន់ៗ នឹងចូលរួមថ្លែងសុន្ទកថាគន្លឹះរួមមានប្រធាន ADB លោក Masatsugu Asakawa, រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati និងថ្នាក់ដឹកនាំរដ្ឋាភិបាល និងអាជីវកម្មល្បីៗផ្សេងទៀត។ ក្រៅពីនោះ ក៏មានការពិភាក្សាជាក្រុមកម្រិតខ្ពស់ លើប្រធានបទ «ការផ្តល់ហិរញ្ញប្បទានសុទ្ធសូន្យ», ពិព័រណ៍ស្ដីពីទីផ្សារច្នៃប្រឌិត និងដំណោះស្រាយ និងការចេញរបាយការណ៍របស់ ADB មានចំណងជើងថា ខ្សែច្រវាក់តម្លៃសកលនៅអាស៊ីអាគ្នេយ៍៖ ការកសាងភាពធន់ និងនិរន្តរភាព។
សម្រាប់កម្មវិធីនៅរសៀលថ្ងៃដដែល នឹងចាប់ផ្តើមជាមួយនឹងសុន្ទរកថាសំខាន់ៗដោយប្រធានអាជ្ញាធររដ្ឋធានីជាតិរបស់ឥណ្ឌូណេស៊ី លោក Bambang Susantono និងអ្នកបង្កើតការផ្លាស់ប្តូរផ្សេងទៀត។ បន្ទាប់មក នឹងមានវគ្គផ្សេងៗចំនួនប្រាំបួនទៀតស្តីពីការដាក់អនុវត្តបច្ចេកវិទ្យាក្នុងការកាត់បន្ថយ និងការផ្ស៊ាំអាកាសធាតុ, ការកសាងទីក្រុងដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ, ការផ្លាស់ប្តូរទៅជាថាមពលស្អាត, ការធានាឱ្យអាស៊ានធន់នឹងអាកាសធាតុ និងបរិយាបន្ន, ការកាត់បន្ថយផលប៉ះពាល់អាកាសធាតុលើសុខភាព, ការធានាសេដ្ឋកិច្ចខៀវ; ការបែងចែកហិរញ្ញវត្ថុ, ការគិតឡើងវិញនៃទេសចរណ៍ធម្មជាតិ និងការដាក់ពង្រាយពពកដើម្បីបំពេញតាមគោលដៅអាកាសធាតុ។
SEADS 2023 គឺបើកចំហសម្រាប់តំណាងមកពីរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សា អ្នកគិត អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ។ ដោយសារតែចំនួនមានកំណត់ក្នុងការចូលរួមដោយផ្ទាល់ ការចុះឈ្មោះនឹងត្រូវពិនិត្យដោយផ្អែកលើការឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនៃការចុះឈ្មោះ។ ការចុះឈ្មោះសម្រាប់អ្នកចូលរួមដោយផ្ទាល់នឹងបញ្ចប់នៅថ្ងៃទី១០ ខែមីនា។
ការចូលរួមតាមអនឡាញគឺបើកចំហសម្រាប់មនុស្សគ្រប់គ្នា ហើយមិនមានថ្ងៃផុតកំណត់ក្នុងការចុះឈ្មោះទេ។
ចូលទៅកាន់គេហទំព័រ SEADS 2023 ដើម្បីមើលរបៀបវារៈ និងវាគ្មិន ក៏ដូចជាចុះឈ្មោះតាមតំណភ្ជាប់៖ https://seads.adb.org/symposium/SEADS2023