ជាតិ
ស្រ្តី ចាប់អារម្មណ៍ជំនាញសារព័ត៌មាន កាន់តែច្រើន!
09, Mar 2023 , 7:59 am        
រូបភាព
កញ្ញា ទូច សូរិយា និស្សិតសារព័ត៌មាន
កញ្ញា ទូច សូរិយា និស្សិតសារព័ត៌មាន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ស្ត្រី ចាប់អារម្មណ៍ជំនាញសារព័ត៌មាន កាន់តែច្រើន នារយៈពេលចុងក្រោយនេះ។ ពួកគេខ្លះ មានបំណងចង់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈជំនាញនេះ ហើយខ្លះទៀត ក៏មានបំណងក្លាយជាមន្ត្រីសម្របសម្រួល។



កញ្ញា ដា ស្រីណែត កំពុងសិក្សាជំនាញសារព័ត៌មាន នៅមហាវិទ្យាល័យព័ត៌មាន និង គមនាគមន៍ នៃសាកលវិទ្យាល័យកម្ពុជា មានក្តីស្រមៃចង់ក្លាយជាអ្នកកាសែតស្រីឆ្នើមម្នាក់នៅកម្ពុជា។ ស្រីណែត យល់ថា ស្រី្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍវិស័យនេះ ឱ្យមានប្រសិទ្ធភាព ដូចបុរសដែរ។ បើតាម ស្រីណែត ក្នុងបន្ទប់រៀនខ្លួន មានសិស្សស្រីរៀនជំនាញព័ត៌មាន ច្រើនជាងបុរស។
  

កញ្ញា ដា ស្រីណែត និស្សិសារព័ត៌មាន
 
និស្សិតឆ្នាំទី២ ដែលកំពុងហាត់ការនៅស្ថាប័នផ្សព្វផ្សាយក្នុងស្រុកមួយនេះ បាននិយាយថា៖«ខ្ញុំប្ដេជ្ញាថា ខ្ញុំនឹងជម្នះឱ្យបាន ដើម្បីក្លាយជាអ្នកអាជីពសារព័ត៌មាន។ ការសិក្សា​ជំនាញសារព័ត៌មាន និងការងារក្នុងវិស័យនេះ បានធ្វើ​ឱ្យ​ខ្ញុំ​ទទួលបាន​នូវចំណេះដឹងមួយ ហើយទទួលបាន​ព័ត៌មាន​ថ្មីៗ​ជា​រៀងរាល់ថ្ងៃក្នុង​សង្គម។ ការសិក្សា​ធ្វើ​ឱ្យ​ជីវិត​ភ្លឺស្វាង និង​ជា​ស្ពាន​ចម្លង​ខ្ញុំ​ទៅរក​ភាពជោគជ័យក្នុងវិស័យសារព័ត៌មាន​​»។ 
 
មិនខុសពី ស្រីណែត នោះទេ យុវតី ទូច សូរិយា មើលឃើញថា ការសិក្សាជំនាញសិល្បៈ និងព័ត៌មាន ដែលផ្ដោតទៅលើ ការសរសេរ ផលិតវីដេអូ ថតរូប ផលិតរឿង និងអ្នកសរសេររឿង ផ្សេងៗច្រើនទៀតនេះ មិនមែនជាភាពងាយស្រួលប៉ុន្មានទេ សម្រាប់រូបនាង។ ដ្បិតព្រោះតែការស្រលាញ់អាជីពព័ត៌មាន យុវតីមកខេត្តកំពតរូបនេះ ជឿជាក់ថា ខ្លួននឹងអាចសម្រេចជោគជ័យលើជំនាញព័ត៌មាននេះ។
 
យុវតី ទូច សូរិយា បានបញ្ជាក់ដូច្នេះថា៖« ខ្ញុំចង់ធ្វើជាអ្នកសារព័ត៌ ព្រោះថាចំណង់ចំណូលចិត្តខ្ញុំ វាទៅផ្នែកហ្នឹងខ្លាំង។ បើសិនជាមានឱកាស ខ្ញុំនឹងចាប់យកវិស័យហ្នឹងឱ្យបាន។ វារាងពិបាកបន្តិចចំពោះវិស័យព័ត៌មាន យើងឃើញថា យើងត្រូវចុះទៅខេត្តយកព័ត៌មាន តែខ្ញុំនៅតែចង់ធ្វើទោះប្រឈមបញ្ហានានាក៏ដោយ»។
  

កញ្ញា ដា ស្រីណែត និស្សិសារព័ត៌មាន
 
ខណៈដែលយុវតីមួយចំនួន យល់ថា ស្ត្រីជាអ្នកសារព័ត៌មាន មានបញ្ហាប្រឈម និងហានិភ័យចំពោះខ្លួននោះ ដា ស្រីណែត និង ទូច សូរិយា មិនបានគិតពីបញ្ហានេះឡើយ ។ ផ្ទុយទៅវិញ យុវតីទាំងពីរ ជំរុញចិត្តស្ត្រីដទៃកុំភ័យខ្លាច និងរួញរាលើវិស័យនេះ។ យុវតីទាំងពីរ លើកទឹកចិត្តដល់នារីដទៃទៀត ឱ្យជ្រើសរើសជំនាញសិក្សា ដែលមិនសូវមានសិស្សស្រីសិក្សាច្រើន ជាពិសេសសារព័ត៌មាននេះ។ 
 
«ក្នុងនាមខ្ញុំជានារីម្នាក់ ខ្ញុំគិតថាអ្វីដែលបុរសធ្វើបាននារី ក៏អាចធ្វើបានដែរ។ យើងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ហើយនាំខ្លួនឯងទៅរកទីខ្ពស់  ដើម្បីមើលពិភពលោកឱ្យបានទូលំទូលាយជាងមុន»។ នេះបើតាមយុវតី ទូច សូរិយា ។
 
ជាច្រើនឆ្នាំមកហើយ មុិនសូវមាននិស្សិតស្រីសិក្សាជំនាញព័ត៌មាននេះទេ ។ នេះបើតាមលោក មឿន ឈានណារិទ្ធ ជាសាស្រ្តាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន ដែលបានបន្ថែមថា បច្ចុប្បន្ន វិស័យសារព័ត៌មាននេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់និស្សិតស្រីច្រើនជាងមុន ហើយពួកគេពោរពេញដោយភាពក្លាហាន និងមានសមត្ថភាពទៀតផង។
 
សាស្រ្តាចារ្យ នៃសកលវិទ្យាល័យជាតិកម្ពុជារូបនេះ បាននិយាយថា៖«អ្នកកាសែតជាស្រ្តីច្រើន វាជារឿងល្អសម្រាប់សង្គម។ ជាពិសេសវាមិនបានប៉ះពាល់ដល់ទំនៀមទម្លាប់ក្នុងសង្គម និងការរើសអើងពូជសាសន៍នោះទេ។ បច្ចុប្បន្នស្រី្តមានទាំង ភាពក្លាហាន ការគាំទ្រពីមជ្ឈដ្ឋានជុំវិញ និងគ្រួសារ ដើម្បីធ្វើយ៉ាងណា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសារព័ត៌មាន»។
 
លោកបន្ថែមថា គ្រប់ការងារទាំងអស់ ត្រូវការវត្តមានស្រ្តី ។ ស្ត្រីជាសារព័ត៌មានកាន់តែច្រើន វាក៏បង្ហាញពីការរីកចម្រើននៃវិស័យនេះដែរ។
 
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្នអាជីពសារព័ត៌មានជាស្រី្តមានប្រមាណជិត ៥០០នាក់ ដែលចុះឈ្មោះធ្វើកាតសម្គាល់ខ្លួន។ សម្រាប់លោក ផុស សុវណ្ណ កំណើនស្រ្តីក្នុងវិស័យនេះ វាពិតជាសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ លោកបន្ថែមថា ទោះបីជា ស្រ្តីមិនសូវមានកម្លាំងស្មើនឹងបុរស ប៉ុន្តែស្រ្តីមានសមត្ថភាព និងភាពក្លាហាន ក្នុងការយកព័ត៌មាន ប្រហាក់ប្រហែលបុរសដែរ។
 
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបន្តថា «ស្រ្តីមានការពារ និងយកចិត្តទុកដាក់ រាល់បញ្ហាក្នុងវិស័យសារព័ត៌មានស្មើគ្នានឹងបរុសដែរ។ ខ្ញុំមើលលឃើញថា នៅតាមសាកលវិទ្យាល័យ វិទ្យាស្ថាន តាមស្ថានប័ន និងកន្លែងផ្សេងទៀត ដែលបម្រើវិស័យមួយនេះ ចំនួនស្ត្រីកើនឡើងគួរឱ្យកត់សម្គាស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
 
លោក ផុស សុវណ្ណ ក៏បានស្នើឱ្យអ្នកបម្រើការងារក្នុងវិស័យនេះ ពិនិត្យលើអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានមិនពិត ដើម្បីចូលរួមពង្រឹងអាជីពមួយនេះ ឱ្យកាន់តែរីកចម្រើន៕
 

Tag:
 ThmeyThmey25
 និស្សិតសារព័ត៌មានស្រី
© រក្សាសិទ្ធិដោយ thmeythmey.com