ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីកិច្ចប្រជុំ UN ក្រុងដូហា យុវតីកម្ពុជាចង់ឃើញការ «ការលើកកម្ពស់ស្រ្តី និងសកម្មភាពអាកាសធាតុ»ដើម្បីការអភិវឌ្ឍដោយចីរភាព
08, Mar 2023 , 5:18 pm        
រូបភាព
យុវតី ស៊ីវហ៊ួ និងយុវតី សុចិន្តា (ស្តាំ) ស្ថិតនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសកំពុងអភិវឌ្ឍលើកទីប្រាំ នៅក្នុងទីក្រុងដូហា។ រូបភាព៖ សៅ ផលនិស្ស័យ
យុវតី ស៊ីវហ៊ួ និងយុវតី សុចិន្តា (ស្តាំ) ស្ថិតនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសកំពុងអភិវឌ្ឍលើកទីប្រាំ នៅក្នុងទីក្រុងដូហា។ រូបភាព៖ សៅ ផលនិស្ស័យ
ដូហា៖តំណាងយុវជនពីររូបពីកម្ពុជាដែលបានចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទីប្រាំ (LDC5) ប្តេជ្ញានាំយកចំណេះរបស់ខ្លួនពីកិច្ចប្រជុំដើម្បីលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការលើកម្ពស់សិទ្ធិស្ត្រីនៅកម្ពុជា ដើម្បីធានាការអភិវឌ្ឍដោយចីរភាព។

 
ឱក សុចិន្តា ជាយុវតីមួយរូបដែលកំពុងចូលរួមជាមួយតំណាងយុវជនពីប្រទេស ៤៦ ផ្សេងទៀតដែលជាសមាជិកនៃរដ្ឋអភិវឌ្ឍតិចតួច។ ជាអ្នកបង្កើតមាតិកាបណ្តាញសង្គម ដើម្បីជំរុញការយកចិត្តទុកដាក់ពីការប្រែប្រួលអាកាសធាតុ ចិន្តាបានរៀបរាប់ថា ខ្លួនបានសិក្សាច្រើនពីយុវជនដទៃ និងបានបញ្ចេញសំឡេងក្នុងនាមយុវជនពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងកាអភិវឌ្ឍនៃប្រទេសអភិវឌ្ឍតិចតួចដូចជាកម្ពុជា។
 
«ខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំ ហើយបានរៀន និងបានចូលរួមជាសំឡេងក្នុងកិច្ចពិភាក្សានានា។ តាមពិត វាមានប្រធានបទច្រើន ប៉ុន្តែខ្ញុំផ្តោតលើបញ្ហាប្រែប្រួលអាកាសធាតុដោយសារវាជាអ្វីដែលខ្ញុំបានធ្វើ»។ ចិន្តារៀបរាប់ដូច្នេះ។ 
 
រូបនាងបន្តថា៖ «ដូច្នេះហើយ យើងមកនេះក៏ចូលរួមបញ្ចេញសំឡេងទាមទារឱ្យមានការធ្វើសកម្មភាពទាំងអស់គ្នាពីគ្រប់លំដាប់ថ្នាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ»។ 
 
បើតាមអ្នកបង្កើតមាតិកាបណ្តាញសង្គមរូបនេះ នៅកម្ពុជាមិនទាន់មានការយល់ដឹងទូលំទូលាយពីបញ្ហាប្រែប្រួលអាកាសធាតុនៅឡើយទេ ហើយផលប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុច្រើនត្រូវបានគេចាត់ទុកត្រឹមជា «គ្រោះមហន្តរាយធម្មជាតិ»។
 
«យើងឃើញលទ្ធផលច្រើនដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ឬភ្លៀងមិនទៀងទាត់។ ដូចនៅស្រុកយើងដែលពឹងផ្អែកលើកសិកម្ម វាពិតជាមានផលប៉ះពាល់ខ្លាំងដល់ការធ្វើកសិកម្ម។ ប៉ុន្តែនៅស្រុកយើង ផលប៉ះពាល់នេះជាទូទៅ យើងចាត់ទុកវាថា ជាគ្រោះធម្មជាតិប៉ុណ្ណោះ។ ប៉ុន្តែតាមពិត វាជាលទ្ធផលនៃសកម្មភាពរបស់យើង ដោយសារយើងបំពុលបរិស្ថាន ហើយយូរៗទៅមកដល់ឥឡូវ យើងដល់ដំណាក់កាលដែលវាហុចផលឱ្យយើងវិញហើយ»។ សុចិន្តា ពន្យល់បន្ថែមបែបនេះ។ 


 
សម្រាប់សុចិន្តា ចំណេះដឹងដែលរូបនាងទទួលបានពីការចូលរួមក្នុងសន្និសីទនេះមានសារសំខាន់ខ្លាំងសម្រាប់រូបនាងក្នុងការផលិតមាតិកាបន្ថែមដើម្បីបញ្ជ្រាបចំណេះដឹងជាពិសេសលើសកម្មភាពអាកាសធាតុ ចំណេះដឹងស្តីពីសន្និសីទផ្ទាល់ និងកម្មវិធីសកម្មភាពទីក្រុងដូហាដែលត្រូវបានអនុម័តឡើងសម្រាប់ទ្រទ្រង់ប្រទេសអភិវឌ្ឍតិចតួច និងឆ្លើយតបបញ្ហាប្រឈមផ្នែកអភិវឌ្ឍក្នុងរយៈពេល ១០ឆ្នាំ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៣១។  
  
 «ដោយសារខ្ញុំជាអ្នកបង្កើតមាតិកា ខ្ញុំអាចប្រើប្រាស់ចំណេះដឹងពីសន្និសីទនេះបានច្រើនមែនទែនក្នុងមាតិការបស់ខ្ញុំសម្រាប់ផ្សព្វផ្សាយ។ ឧទាហរណ៍ នៅស្រុកយើងប្រហែលមានអ្នកយល់ថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែតាមពិតយើងជាប្រទេសអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ ម្យ៉ាងទៀត ជាសាកល យុវជនត្រូវចូលរួមជំរុញឱ្យផែនការទាំងអស់នេះដើរទៅមុខឱ្យបានលឿន។ ប៉ុន្តែនៅស្រុកយើង វាមិនទាន់មានការអប់រំ និងបញ្ជ្រៀបចំណេះដឹងបែបនេះច្រើននៅឡើយទេ»។ សុចិន្តារៀបរាប់ដូច្នេះ ហើយបន្តថា វាជាចំណុចដែលរូបនាងនឹងធ្វើដើម្បីលើកស្ទួយចំណេះដឹង និងជំរុញឱ្យមានការចូលរួមបន្ថែម។ 
 
តាមពិតទៅ បច្ចុប្បន្ននេះ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ជារដ្ឋអភិវឌ្ឍតិចតួចនេះមានសរុបចំនួន ៤៦ នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន ៣៣ នៅទ្វីបអាហ្វ្រិក ១២ នៅអាស៊ី និង ១ នៅក្នុងតំបន់អាមេរិកឡានទីន ហើយកម្ពុជា ក៏ជារដ្ឋសមាជិកមួយដែរ។ អាចនិយាយបានថា សមាជិកទាំង ៤៦ សុទ្ធសឹងជាប្រទេសក្រីក្រងាយរងគ្រោះ ក៏ដូចជាប្រទេសកោះតូចៗ និងរដ្ឋដែលមិនជាប់សមុទ្រ។ 
 
យ៉ាងណាមិញ ក្នុងឆ្នាំ ២០២១ កម្ពុជាបានសម្រេចគ្រប់សន្ទស្សន៍ពីរក្នុងចំណោមសន្ទស្សន៍ទាំងបីដែលជាលក្ខខណ្ឌតម្រូវចម្បងៗ សម្រាប់រដ្ឋដែលត្រូវចាកចេញពីការចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច។ នេះ បើតាមរបាយការណ៍វាយតម្លៃរបស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយ។ ដើម្បីឈានទៅរៀបចំចាកចេញពីចំណាត់ថ្នាក់នេះ វាត្រូវឆ្លងកាត់ការវាយតម្លៃម្តងទៀតក្នុងរយៈពេលបីឆ្នាំក្រោយ។ ក្នុងករណីដែលកម្ពុជានៅបន្តរក្សាបានសន្ទស្សន៍ទាំងនេះក្នុងការវាយតម្លៃជាលើកទីពីរ មហាសន្និបាតអង្គការសហប្រជាជាតិអាចចេញដំណោះស្រាយណែនាំប្រទេសសាមីរៀបចំខ្លួនសម្រាប់ការចាកចេញនិងទ្រទ្រង់ដំណើរការនៃការរៀបចំខ្លួននេះ ដើម្បីធានាថា កម្ពុជាមិនប្រឈមបញ្ហាច្រើននិងអាចត្រឡប់ក្លាយជាប្រទេសអភិវឌ្ឍតិចតួចឡើងវិញនោះឡើយ។ ជាលទ្ធផល កម្ពុជាអាចនឹងចាកចេញជាផ្លូវការពីការចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចលឿនបំផុតត្រឹមឆ្នាំ ២០២៧។ 
 
សូមស្តាប់បទសម្ភាសរបស់សាព័ត៌មានថ្មីៗ ជាមួយ សុចិន្តា ដូចខាងក្រោម៖ 
 


 
យុវតីមួយរូបទៀត ខូវ ស៊ីវហ៊ួ មកចូលរួមក្នុងសន្និសីទនេះ បន្ទាប់ពីរូបនេះចូលរួមក្នុងការប្រកួតប្រជែងសរសេរសំណេរក្នុងចំណោមយុវជនពីប្រទេសអភិវឌ្ឍតិចតួច។ អត្ថបទដែលរូបនេះសរសេរផ្តោតសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ ប៉ុន្តែទន្ទឹមជាមួយគ្នានោះរូបនាង ចាប់អាម្មណ៍លើការលើកកម្ពស់ និងផ្តល់អំណាចដល់ស្ត្រីនៅប្រទេសអភិវឌ្ឍតិចតួច។  
 
«ក្នុងកម្មវិធីនេះ ខ្ញុំចាប់អារម្មណ៍ខ្លាំងលើការលើកកម្ពស់ស្ត្រី។ ខ្ញុំសប្បាយចិត្តមែនទែន ដោយសារជាស្ត្រីមួយរូប ខ្ញុំមានឱកាសមកចូលរួមក្នុងសន្និសីទនេះ ទាំងដែលប្រទេសខ្លះ ស្ត្រីមិនមានលទ្ធភាពចូលរួម និងមានឱកាសសិក្សារៀនសូត្រ»។ ស៊ីវហ៊ួ រៀបរាប់ដូច្នេះ។ 
 
សម្រាប់យុវតី វ័យ ២៣ ឆ្នាំរូបនេះ ក្នុងប្រទេអភិវឌ្ឍតិចតួចដូចកម្ពុជា ការលើកកម្ពស់ស្ត្រីមានសារសំខាន់ខ្លាំងសម្រាប់ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាព និងធានាការចាកចេញពីការចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច។ 
 
«ស្ត្រីមានតួនាទីសំខាន់ខ្លាំងក្នុងការធ្វើឱ្យប្រទេសយើងមានការអភិវឌ្ឍ ដោយសារយើងត្រូវការងារធនធានមនុស្សច្រើន។ ប្រសិនជាយុវជនជាពិសេសស្ត្រីខិតខំសិក្សា និងមានឱកាសសិក្សា និងចូលរួមកម្មវិធីថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ វាអាចជួយពង្រីកចំណេះដឹង ជាពិសេសដឹងថា ប្រទេសយើងមានតម្រូវការអ្វីខ្លះ និងដឹងពីតួនាទីរបស់យើងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ»។ យុវតី ស៊ីវហ៊ួ ពន្យល់ដូច្នេះ។
 
សូមស្តាប់បទសម្ភាសរវាងសារព័ត៌មានថ្មីៗជាមួយ ស៊ីវហ៊ួ ដូចខាងក្រោម៖ 
 សូមបញ្ជាក់ថា សន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទីប្រាំត្រូវបានរៀបចំឡើងចាប់ពីថ្ងៃ ៥ ដល់ថ្ងៃ ៩ខែមីនា នាទីក្រុងដូហាប្រទេសកាតា។ កិច្ចប្រជុំដែលត្រូវរៀបចំឡើងរៀងរាល់ ១០ឆ្នាំម្តងនេះ ប្រមូលផ្តុំ មេដឹកនាំពិភពលោកក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិទាំង ៤៦ ក៏ដូចជាតំណាងប្រទេសដៃគូអភិវឌ្ឍផងដែរ។ តាមពិតទៅកិច្ចប្រជុំនេះត្រូវបានគ្រោងរៀបចំឡើងក្នុងខែមករាឆ្នាំ២០២២ ប៉ុន្តែក៏ត្រូវបានពន្យារពេលវិញដោយសារការបន្តរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩។  ក្រៅពីតំណាងប្រជាជាតិក្នុងកម្រិត ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល តួអង្គសំខាន់ ផ្សេងទៀតដែលនឹងមានវត្តមានដែរនោះ មានដូចជា អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន រួមជាមួយតំណាងយុវជនដែលមកពីបណ្តារដ្ឋអភិវឌ្ឍតិចតួចផងដែរ។ 
 
ក្នុងវេទិកានេះ ភាគីពាក់ព័ន្ធជជែកពិភាក្សា និងពិគ្រោះយោបល់ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមសម្រាប់ប្រទេសអភិវឌ្ឍតិចតួចជា ពិសេសដាក់ចេញសកម្មភាពជាក់លាក់ដែលធានាបានថា កម្មវិធីសកម្មភាពក្រុងដូហាដែលត្រូវបានអនុម័តឡើងកាលពីឆ្នាំ ២០២២ អាចនឹងត្រូវអនុវត្តទៅរួចដោយជោគជ័យនៅក្នុងពេល ១០ឆ្នាំខាងមុខជាពិសេសគាំទ្រការអភិវឌ្ឍនៅប្រទេសអភិវឌ្ឍតិចតួចឱ្យកាន់តែមាននិរន្តភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com