កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ បង្ហាញកីឡាប្រភេទថ្មី បាល់ទាត់លើខ្សាច់ និង Teqball
09, Mar 2023 , 10:59 am        
រូបភាព
ប្រជាពលរដ្ឋមកកម្សាន្តពេលរាត្រីក្នុងថ្ងៃបុណ្យទន្លេ លើកទី៧ ក្នុងខេត្តកំពង់ធំ។
ប្រជាពលរដ្ឋមកកម្សាន្តពេលរាត្រីក្នុងថ្ងៃបុណ្យទន្លេ លើកទី៧ ក្នុងខេត្តកំពង់ធំ។
ដោយ:
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគត» មានការប្រកួតកីឡាច្រើនប្រភេទ ក្នុងនោះមានកីឡាប្រភេទថ្មីដូចជាបាល់ទាត់លើខ្សាច់ និងបាល់ទាត់លើតុ (Teqball) ជាដើម។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កម្មវិធីរត់ប្រណាំងកម្សាន្តចម្ងាយ(៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ) នៅចំណុចគល់ស្ពានស្ទឹងសែន តាមបណ្តោយផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

 
«តាមពិតកម្មវិធីកីឡា បានចាប់ផ្តើមប្រកួតប៉ុន្មានថ្ងៃមុនមកហើយ។ កីឡាក្នុងពិធីនេះមាន កីឡាប៉េតង់, បាល់ទះ ឆ្នេរខ្សាច់,បាល់ទាត់ឆ្នេរខ្សាច់, បាល់ទាត់លើតុ, ប្រដាល់ ហើយនិងការរត់ប្រណាំងនេះ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។ លោកអគ្គលេខាធិការ បន្តថា ទិដ្ឋភាពជារួមកាលពីថ្ងៃទី៧ និងទី៨ មីនាមានមនុស្សចូលរួមមិនតិចជាងម៉ឺននាក់នោះទេ។ ចំណោមកីឡាទាំងនេះ បាល់ទាត់លើខ្សាច់ និង បាល់ទាត់លើតុ ជាកីឡាប្រភេទថ្មីដែលកម្ពុជាទើបដាក់ឱ្យមានការប្រកួត។
 

លោក វ៉ាត់ ចំរើន​(អាវខៀវ) បំពាក់មេដាយជូនកីឡាការិនីរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ។
 
លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖«បើតាមសន្ទស្សន៍ពីថ្ងៃទី៨ ខែមីនា មនុស្សចូលរួមមិនតិចជាង ២ម៉ឺននាក់នោះទេ»។ លោក ចំរើន សង្កេតឃើញថា តាមដងផ្លូវ ស្ពាន សួនកម្សាន្តគឺប្រជាពលរដ្ឋមកពីគ្រប់ទិសទីណែនណាន់តាន់តាប់តែម្តង សម្រាប់ពីធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំនេះ។
 
ពិធីបុណ្យទន្លេ បានផ្អាកអស់រយៈពេលពីរឆ្នាំ(២០២១ ,២០២២) ដោយសារជំងឺកូវីដ១-៩។ ឆ្នាំ២០២៣​ ក្រសួងទេសចរណ៍ បានបើកដំណើរការ និងប្រារព្ធពិធីបុណ្យទន្លេឡើងវិញ នៅខេត្តកំពង់ធំ និងជាលើកទី៧។ បុណ្យទន្លេបានធ្វើឡើងចំនួន ៦លើករួចមកហើយ នៅឆ្នាំ២០១៥ ក្នុងខេត្តក្រចេះ, ខេត្តស្ទឹងត្រែង ឆ្នាំ២០១៦, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឆ្នាំ២០១៧, ខេត្តកណ្ដាល ឆ្នាំ២០១៨, ខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ និងខេត្តបាត់ដំបង ឆ្នាំ២០២០។


 រូបភាពរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ អបអរសាទរ បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។
 
កម្មវិធីបុណ្យទន្លេនៅកំពង់ធំដែលចាប់ពីថ្ងៃទី៧-១០ ខែមីនា មានការប្រកួតកីឡាដូចជា រត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ កីឡាប៉េតង់ បាល់ទាត់លើតុ បាល់ទះ ឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ និងប្រដាល់គុនខ្មែរ ដែលកម្មវិធីកីឡាបានចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅប្របមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បើតាមការផ្សាយរបស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី៩ ខែមីនានេះ អំឡុងរយៈពេលពីរថ្ងៃពីថ្ងៃទី៧ និងទី៨ខែមីនា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរចូលរួមចំនួនជាង៤០ម៉ឺននា៕
 

ទិដ្ឋភាពដំណើរកម្សាន្តនៅចំនុចស្ពានស្ទឹងសែនរាត្រីថ្ងៃទី៨ មីនា ក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។
 

Tag:
 បុណ្យទន្លេ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com