ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដោយមិនសុខចិត្ត លោក កឹម សុខា នឹងប្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍
09, Mar 2023 , 2:04 pm        
រូបភាព
លោក កឹម សុខា ចេញពីតុលាការភ្នំពេញកន្លងមក (រូបពី AFP)។
លោក កឹម សុខា ចេញពីតុលាការភ្នំពេញកន្លងមក (រូបពី AFP)។
ដោយ ទេពញាណ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំជំទាស់នឹងសាលក្រមតុលាការភ្នំពេញ ដែលជាតុលាការជាន់ទាប។ នេះបើតាមព័ត៌មានពីអ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា។



អ្នកស្រី ម៉េង សុភារី ឆ្លើយមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ យ៉ាងដូច្នេះថា៖«ឯកឧត្តម កឹម សុខា អត់សុខចិត្តនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទេ។ ជំហររបស់គាត់ គឺគាត់ នឹងប្តឹងឧទ្ធរណ៍ទៅលើសាលក្រមហ្នឹង»។ 
 
យ៉ាងណា អ្នកស្រីមេធាវី មិនទាន់អាចដឹងពីពេលវេលាជាក់លាក់ ដែលសហមេធាវីរបស់លោក កឹម សុខា ត្រូវដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍នោះទេ។ អ្នកស្រី បន្តថា សហមេធាវី បានជួបលោក កឹម សុខា លើកចុងក្រោយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ គឺជាថ្ងៃដែលតុលាការភ្នំពេញ ប្រកាសសាលក្រមស្តីពីការដាក់ទោសលើលោក កឹម សុខា។ អ្នកស្រី បន្ថែមថា តាំងពីថ្ងៃនោះមក សហមេធាវី មិនដែលបានជួបពិភាក្សាជាមួយលោក កឹម សុខា ឡើយ។ 
 
យោងតាមសាលក្រមរបស់តុលាការភ្នំពេញ លោក កឹម សុខា ត្រូវជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ហើយមិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្រៅពីសមាជិកគ្រួសារ លោក មិនអាចជួបឬទាក់ទងជាមួយអ្នកណាទាំងអស់។ នៅមុខផ្ទះរបស់លោក មានកងកម្លាំង នៅចាំយាមគ្រប់ពេល។
 
តុលាការ បានចោទមេដឹកនាំប្រឆាំងរូបនេះ តាំងពីឆ្នាំ២០១៧មក ពីបទត្រូវរ៉ូវគ្នាជាបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ។ ផ្អែកតាមក្រមព្រហ្មទណ្ឌកម្ពុជា បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ៕ 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com