ជាតិ
សង្គមជាតិ
សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលបម្រុងនាំពលករជាង១០០នាក់ ទៅធ្វើការខុសច្បាប់នៅកូរ៉េ
09, Mar 2023 , 4:19 pm        
រូបភាព
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធនឹងការនាំពលករទៅធ្វើការមិនស្របច្បាប់នៅប្រទេសកូរ៉េ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយជនរងគ្រោះ១២៤នាក់។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ។

 
លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះត្រួតពិនិត្យផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះធ្វើឆែកឆេរនេះ ធ្វើឡើងនៅថ្ងៃទី៨មីនា ដោយសង្ស័យថា ទីតាំងនោះ មានពាក់ព័ន្ធនឹងការនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ។
 
សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះ១២៤នាក់ ក្នុងនោះមានស្រី ៣៩នាក់។ ជាមួយគ្នាដែរ សមត្ថកិច្ច ក៏សម្រេចនាំខ្លួនជនសង្ស័យម្នាក់ជាជនជាតិខ្មែរ មានវ័យ២៧ឆ្នាំ រួមទាំងជនរងគ្រោះ៧នាក់ ទៅកាន់ការិយាល័យ ដើម្បីសាកសួរ និងស្រាវជ្រាវបន្ថែមលើករណីខាងលើ។ 
 
ជនរងគ្រោះបញ្ជាក់ថា ពួកគេបានបង់ប្រាក់ប្រមាណ៦០០ទៅ៨០០ដុល្លារ ទៅឲ្យជនសង្ស័យវ័យ២៧ឆ្នាំខាងលើ ដើម្បីបានទៅធ្វើការនៅប្រទេសកូរ៉េ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះជាង១០០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ។ 
 
សូមជម្រាបថា កាលពីចុងខែកុម្ភៈ សមត្ថកិច្ចក៏បានជួយពលករខ្មែរ១២នាក់ នៅច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែរ។ សមត្ថកិច្ចបញ្ជាក់ថា ពួកគេ ត្រូវបានចាញ់បោកមេខ្យល់ ហើយបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ សមត្ដកិច្ច ឃាត់បានខ្លួនជនសង្ស័យម្នាក់ដែរ ដែលជាអ្នករស់នៅស្រុកអររាំងឪ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យរូបនោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារាជធានីភ្នំពេញ(PJ)៕ 
 

Tag:
 មេខ្យល់
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com