អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅទស្សកិច្ចនៅជប៉ុនជាលើកដំបូងក្នុងពេល១២ឆ្នាំ
09, Mar 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នឹងធ្វើទស្សនកិច្ចនៅជប៉ុននៅសប្ដាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងពេល១២ឆ្នាំ។ ទស្សនកិច្ចនេះ ត្រូវមើលឃើញថា ជាការវិលទៅរកទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំង២ដែលតែងញាំញីដោយបញ្ហាប្រវត្តិសាស្រ្ត។

 
ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចនៅជប៉ុនចុងក្រោយបំផុតនៅឆ្នាំ២០១១ ដោយលោក លី ម្យុងបាក់។ អតីតប្រធានាធិបតី មូន​ ចេអ៊ីន ក៏ធ្លាប់ទៅជប៉ុនដែរកាលពីឆ្នាំ២០១៩ តែកាលណោះលោកចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅទីក្រុងអូសាកាប៉ុណ្ណោះ។
 
បើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នឹងធ្វើទស្សនកិច្ចនៅជប៉ុននៅថ្ងៃទី១៦ និងទី១៧ ខែមីនា។ ទស្សនកិច្ចនេះ នឹងក្លាយជាការបោះជំហានដ៏សំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន។ 
 
ការប្រកាសពីដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយទីក្រុងសេអ៊ូលប្រកាសបង្កើតមូលនិធិកៀរគរលុយសម្រាប់សងជំងឺចិត្តឱ្យជនរងគ្រោះពីការបង្ខំឱ្យធ្វើពលកម្មអំឡុងសម័យអាណានិគមជប៉ុនឆ្នាំ១៩១០-១៩៤៥​។ ជប៉ុនដែលបដិសេធមិនផ្ដល់សំណង រីករាយនឹងចំណាត់ការរបស់រដ្ឋបាលប្រធានាធិបតី យូន យ៉ាងខ្លាំង។ 
 
ជាងមួយខែបន្ទាប់ លោក យូន ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអាម៉េរិកតាមការអញ្ជើញរបស់ប្រធានាធិបតី ចូ បៃឌិន ផងដែរ។ ការពង្រឹងសម្ព័ន្ធភាព និងបញ្ហាកូរ៉េខាងជើង នឹងជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងត្បូងនៅតូក្យូ និងវ៉ាស៊ីនតោន៕
 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com