សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ស្រីលង្កាសង្ឃឹមទទួលបានថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិឆាប់ៗ
10, Mar 2023 , 8:29 am        
រូបភាព
មនុស្សម្នា​ទិញ​អាហារ​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា។ រូបថត៖ AFP។
មនុស្សម្នា​ទិញ​អាហារ​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា។ រូបថត៖ AFP។
ស្រីលង្កាកំពុងទន្ទឹងរង់ចាំថវិកាចំនួន២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។ បច្ចុប្បន្នប្រទេសនេះកំពុងរងការយកពន្ធខ្ពស់ពីការនាំចូល និងការនាំចេញទំនិញ ហើយប្រជាជនកំពុងមានការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀត។

 
នៅថ្ងៃទី៨ មីនា ស្រីលង្កាបានបង្ហាញក្តីសង្ឃឹមថា ថវិកាសង្គ្រោះដែលទន្ទឹងរង់ចាំជាយូរមកហើយពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយរំដោះបំណុលប្រាក់រាប់ពាន់លានដុល្លារដែលជាជំនួយបរទេស សម្រាប់គម្រោងនានាដែលបានផ្អាកតាំងពីឆ្នាំមុន។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក Bandula Gunawardana បានលើកឡើងថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF ផ្តល់ការយល់ព្រមសម្រាប់កញ្ចប់ថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ ដែលត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកម្រិតជំនាញកាលពីខែកញ្ញា ឆ្នាំ២០២២។
 
ការអះអាងខាងលើធ្វើឡើងមួយថ្ងៃបន្ទាប់ពី IMF បានបញ្ជាក់ថាបញ្ហាស្រីលង្កានឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF នៅថ្ងៃទី ២០ ខែមីនាខាងមុខនេះ។
 
នាយិកាគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ក៏បានសាទរចំពោះវឌ្ឍនភាពដែលធ្វើឡើងដោយរដ្ឋាភិបាលស្រីលង្កាក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ។ លោកស្រីបានសង្កត់ធ្ងន់ថា ៖« ខ្ញុំទន្ទឹងរង់ចាំការបង្ហាញសម្រាប់ការអនុម័តចំពោះរបៀបវារៈកម្មវិធីជួយសង្រ្គោះស្រីលង្កា ដែលគាំទ្រដោយ IMF ដល់ក្រុមប្រឹក្សាប្រតិបត្តិរបស់យើងនៅថ្ងៃទី ២០ ខែមីនា» ។
 
ស្រីលង្កាកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីឯករាជ្យនៅឆ្នាំ ១៩៤៨ដោយមានការខ្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ អតិផរណាដែលកំពុងធ្លាក់ចុះ និងសេដ្ឋកិច្ចកំពុងធ្លាក់ចូលទៅក្នុងវិបត្តិ។
 
ដោយសារស្ថានភាពបំណុលអន្តរជាតិកើនឡើង ប្រទេសកោះដែលមានប្រជាជនចំនួន ២២លាននាក់មួយនេះក៏ត្រូវយកពន្ធខ្ពស់លើការនាំចូល និងការនាំចេញផងដែរ ដោយមានការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ព្រមទាំងការដាច់ចរន្តអគ្គិសនីជារៀងរាល់ថ្ងៃ។
 
កាលពីដើមខែមុន ប្រធានាធិបតី Ranil Wickremesinghe បានប្រកាសថា ប្រទេសនេះកំពុងបំពេញតម្រូវការជាមុន ដើម្បីទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ២,៩ពាន់លានដុល្លារពី IMF ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសេដ្ឋកិច្ចត្រលប់មកវិញ បន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះជាផ្លូវការចាប់ពីខែឧសភា ឆ្នាំ ២០២២។
 

Tag:
 ស្រីលង្កា
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com